តំណាង​ខ្មែរ​កម្ពុជា​ក្រោម​ថា ​អាជ្ញាធរ​ខ្មែរ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​​ស្មើភាព​គ្នា​ជុំវិញ​សិទ្ធិ​ដីធ្លី

ស្រប​ពេល​ដែល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បង្ហាញ​ជំហរ​ទន់ភ្លន់ ជួយ​ជនអន្តោប្រវេសន៍​វៀតណាម​សព្វ​បែប​យ៉ាង ដើម្បី​បាន​ដី​ភូមិ និង​លិខិតស្នាម​ផ្សេងៗ ដើម្បី​អាច​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​លើ​ទឹក​​ដី​​ខ្មែរ តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ឯណោះ ដែល​មាន​ឈាមជ័រ​ខ្មែរ​ដូចគ្នា នៅ​មិន​ទាន់​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ដូច្នេះ​នោះ​ឡើយ។

តំណាង​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​ប្រទេស​កម្ពុជា ជួប​បញ្ហា​ទាំង​លិខិតស្នាម និង​សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​អាស្រ័យ​ផល ដើម្បី​ចិញ្ចឹម​ជីវិត និង​រង​ការ​បណ្ដេញ​​ចេញ និង​គ្មាន​សំណង​សមរម្យ ពេល​មាន​គម្រោង​អភិវឌ្ឍ ដែល​ប៉ះ​តំបន់​ពួកគាត់​រស់នៅ។ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន កត់​​សម្គាល់​​ថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​មិនមែន​ជា​ឈាមជ័រ​ខ្មែរ​សោះ បែរជា​ទទួល​បានការ​យកចិត្តទុកដាក់​ជាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​ដូចគ្នា​ទៅវិញ។

លោក សឺន ជុំជួន លើក​យក​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​ខេត្ត​កំពង់ឆ្នាំង រាប់​សិប​គ្រួសារ ដែល​ត្រូវ​តស៊ូ​រាប់​ឆ្នាំ​មក​ហើយ ដើម្បី​បាន​អត្តសញ្ញាណប័ណ្ណ​ថ្មី ប៉ុន្តែ​នៅតែ​មិន​ទាន់​បាន​។ ចំណែក​ឯ​ករណី​ដីធ្លី​នៅ​ស្រុក​បុរីជលសារ ខេត្ត​តាកែវ លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ហាមឃាត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ការ​អាស្រ័យ​លើ​ដី​ស្រែ​របស់​ខ្លួន ប៉ុន្តែ​បែរជា​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម មាន​សិទ្ធិ​ជួល​ដី​ទាំងនោះ ធ្វើស្រែ​បាន​ទៅវិញ ជាដើម៖ «វា​ហាក់​ដូច​ជា​អនុវត្ត​ផ្ទុយគ្នា រវាង​ប្រជាពលរដ្ឋ​ទាំងពីរ​នេះ អត់​ស្មើភាព​គ្នា​។ ខ្មែរ​ក្រោម​យើង​ជា​ឈាមជ័រ​ដូច​តែ​គ្នា​ទេតើ​ ! ពួក​គាត់​​គួរ​តែ​ទទួល​បាន​អាទិភាព ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ ក្នុង​រឿង​នេះ​ដែរ»។

ការ​លើកឡើង​របស់​តំណាង​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្ដល់​ដី ៤០ហិកតារ ដល់​ជនជាតិ​វៀតណាម ដើម្បី​តាំងទី​លំនៅ​សមរម្យ និង​ស្របច្បាប់​នៅ​លើ​ដី​​ខ្មែរ​។ ជុំវិញ​ការ​ផ្ដល់​ដី​ដល់​ជនបរទេស ឱ្យ​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់​នៅ​ស្រុក​ខ្មែរ​នេះ អាជ្ញាធរ​​ខេត្ត​​កំពង់ឆ្នាំង អះអាង​​ថា ធ្វើ​​ឡើង​​ដោយ​​ឈរ​​លើ​លើ​​គោលការណ៍​​សិទ្ធិមនុស្ស។

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ស្ដីពី “​ផែនការ​បំឡាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​វិញ នៅ​លើ​ផ្ទៃដី ៤០​ហិកតារ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​” មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គម្រោង​នេះ​មិនមែន​ជា​ការ​ផ្តល់​ដី ឬ​កាត់​ដី​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ទេ គឺ​គ្រាន់តែ​រៀបចំ​ឱ្យ​មានការ​បំឡាស់​ទី​អ្នក​ទាំងនោះ​ពី​ទឹក​មក​គោក​វិញ​ប៉ុណ្ណោះ​។

​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ លើកឡើង​ថា ជនជាតិ ដែល​គ្រោង​បំឡាស់​ទី​ជា​ជន​អន្តោ​ប្រវេ​ស​ស្របច្បាប់​។ លោក​ថា ដូច្នេះ​អាជ្ញាធរ​ត្រូវ​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ច្បាប់​អន្តោប្រវេសន៍៖ «រដ្ឋាភិបាល​យើង ឬ​អាជ្ញាធរ​ខេត្ត​មិន​ធ្វើអំពើ​ឃោរឃៅ​ដូច​សម័យ ប៉ុល ពត ឬ លន់ នល់ ដែល​បាញ់​សម្លាប់​មនុស្ស​ទេ ឃោរឃៅ​ណាស់ ហើយ​រំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​អ៊ីចឹង​សុំ​កុំ​យក​រឿង​នេះ​ធ្វើជា​ខែល​ដើម្បី​បង្កើត​ជា​ការ​ញុះញង់​ដែល​ធ្វើ​ឱ្យ​ខ្មែរ​មាន​ការ​ច្របូកច្របល់»។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទិ្ធ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ស្វាគមន៍​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​បែបនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​ក៏​ចង់​ឃើញ​អាជ្ញាធរ ឬ​រដ្ឋាភិបាល អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​បែបនេះ​ឱ្យ​ទូទៅ​ដោយ​មិន​រើសអើង៖ «គោលការណ៍​សិទ្ធិ​យើង​ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​តុល្យភាព​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​គ្រប់រូប​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ សាសនា​អី​ទេ»។

រីឯ​អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា អាជ្ញាធរ ឬ​រដ្ឋាភិបាល​បាន​ខកខាន​គោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​របស់​ខ្លួន ដែល​មាន​បញ្ហា​ដីធ្លី ដោយ​ពលរដ្ឋ​មួយ​ចំនួន​រង​ការ​បណ្តេញ​ចេញ​ដោយ​មិន​បាន​ទទួល​ដីធ្លី ដែល​មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ទេ។ លោក​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការរិះគន់​ពី​គម្រោង​បំឡាស់​ទី​ជនជាតិ​វៀតណាម​ពី​សំណាក់​មហាជន​នានា ក៏​ព្រោះតែ​រដ្ឋាភិបាល​ហាក់​ដូចជា​គិតគូរ​ជាតិ​សាសន៍​ដទៃ ជាង​ជាតិ​សាសន៍​ឯង៖ «ជា​ដំបង​បំផុត​គឺ​សិទ្ធិ​ដែល​ចាំបាច់​បំផុត គឺ​កាតព្វកិច្ច​ត្រូវ​តែ​បំពេញ​​លើ​​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ចាំ​យើង​បន្ត​គិតគូរ​ទៅ​ជាតិ​សាសន៍​ផ្សេង​ណា ក្នុង​ពេលនេះ​យើង​មិនដឹង​ថា អ្នក​ទាំង​អស់ហ្នឹង​ដែល​មក​កម្ពុជា​គឺ​គាត់​គោរព​តាមច្បាប់​របស់​កម្ពុជា​ឬ​អត់»។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ឱ្យ​ដឹង​ថា ពេលនេះ​អាជ្ញាធរ​កំពុង​ពន្លឿន​ការ​ចាក់ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បំឡាស់​ទី​ចូល​ទៅ​សង់​ទីលំនៅ​រស់នៅ​។ លោក​ថា​បច្ចុប្បន្ន​នេះ ទើប​តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០០​ផ្ទះ​ប៉ុណ្ណោះ ទៅ​រស់នៅ​លើ​ដី​នោះ​។ លោក​អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​បំឡាស់​ទី​មាន​ចំនួន​ ៤.៥៦៣គ្រួសារ ក្នុង​នោះ​ជនអន្តោប្រវេសន៍​វៀតណាម​មាន​ ២.៣៧៩​គ្រួសារ ស្មើនឹង​ ១០.០៨៧​នាក់​។ ក្រៅ​​ពី​​នោះ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​-​ឥស្លាម​។

​ចំណែក​ក្រុម​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ​វិញ ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​បញ្ឈប់​គម្រោង​ការ​ផ្តល់​ដី ៤០​ហិកតារ​ដល់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​។ ពេលនេះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង កំពុង​ដើរ​ប្រមូល​ស្នាម​ដៃ​របស់​ពលករ ដើម្បី​ធ្វើ​ញត្តិ​ប្រឆាំង​គម្រោង​នេះ​។​

លោក សឺន ជុំជួន ដែល​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម អាច​មាន​រហូតដល់​ជាង​មួយ​លាន​នាក់​នោះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ដែល​អះអាង​ថា គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​​ជា​​សាកល​នោះ យកចិត្តទុកដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផង និង​អនុវត្ត​ឱ្យ​មាន​ភាពស្មើគ្នា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​របស់​​រដ្ឋាភិបាល និង​ពន្លឿន​ដំណោះស្រាយ ដើម្បី​ផ្ដល់​ឯកសារ​ស្របច្បាប់ ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ពួកគាត់​មាន​សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ដូច​ជនអន្តោប្រវេសន៍​វៀតណាម​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។