ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី៣ វិច្ឆិកាខាងមុខនេះ នៅខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
ប្រធានចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រាប់ថា បំណងធ្វើបាតុកម្ម ដោយសារពលរដ្ឋខ្មែររស់នៅខេត្តហ៊ីរូស៊ីម៉ា និងអ្នករស់នៅខេត្តក្បែរៗ នោះ ស្នើសុំឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង ធ្វើបាតុកម្មម្ដង ព្រោះពួកគេចង់ចូលរួម។ លោកថា បាតុកម្មនឹងធ្វើឡើងពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល ហើយក្រុមអ្នកតវ៉ានឹងដង្ហែក្បួន យកញត្តិទៅដាក់នៅក្រសួងការបរទេសជប៉ុន ដើម្បីស្នើសុំឲ្យជួយឃ្លាំមើលដំណើរវិលចូលប្រទេសរបស់លោក សម រង្ស៊ី អ្នកគាំទ្របក្សប្រឆាំង នៅថ្ងៃទី៩ វិច្ឆិកា។
លោកបន្តទៀតថា គោលបំណងនៃបាតុកម្មថ្ងៃទី៣ វិច្ឆិកា ក៏មានបំណងប្រឆាំងនឹងការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ចំនួន ៨៤ភាគរយដែរ ព្រោះបង្គោលព្រំដែនទាំងនេះ បោះឡើង ក្នុងស្ថានភាពកម្ពុជាកំពុងមានវិបត្តិនយោបាយ។ លោកថា ក្រុមបាតុករក៏ថ្កោលទោស ចំពោះការដកថ្ងៃឈប់សម្រាក ២៣ តុលា សម្រាប់ឆ្នាំ២០២០។
ក្រោយពេលធ្វើបាតុកម្មរួច លោក ហៃ វណ្ណា ប្រាប់ថា ក្រុមបាតុករខ្លះ នឹងនាំគ្នាធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួបជុំជាមួយពលរដ្ឋខ្មែរ តាមប្រទេសផ្សេងទៀត ត្រៀមអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា ថ្ងៃទី៩ វិច្ឆិកា។
ចំណែកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានសម្រេចលុបចោលការធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកាវិញ។ ប៉ុន្តែក្រុមអ្នកគាំទ្របក្សប្រឆាំង នឹងធ្វើមហាបាតុកម្ម នៅថ្ងៃទី២៤ វិច្ឆិកា ដើម្បីប្រឆាំងវត្តមាន លោក ហ៊ុន សែន នៅក្នុងកិច្ចសន្ទនា អាស៊ាន កូរ៉េ និងមេគង្គ កូរ៉េ។
ក្រុមអ្នកគាំទ្របក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង អះអាងថា បើស្ថានភាពនយោបាយនៅកម្ពុជា ដល់ថ្ងៃទី២៤ វិច្ឆិកា គ្មានភាពប្រសើរទេ ពួកគេនឹងធ្វើមហាបាតុកម្មនេះ ហើយអំពាវនាវឲ្យពលរដ្ឋខ្មែរស្រឡាញ់លទ្ធិប្រជាធិបតេយ្យក្រោកឈរ ប្រឆាំងរបបក្រុងភ្នំពេញ ដែលពួកគេយល់ថា ជារបបផ្ដាច់ការដែរ ដើម្បីទាមទារឲ្យរបបនេះ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ជុំវិញ ករណីគម្រោងធ្វើបាតុកម្មទាំងពីរនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២៨ តុលា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
