សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល

សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ សម្រេច​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ពិនិត្យ​ឡើង​វិញ​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​នៅ​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា បណ្ដឹង​របស់​លោក គង់ ម៉ាស់ លោក​បាន​ដាក់​ជូន​តុលាការ​កំពូល​រួចហើយ កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា​។ លោក​ថា កូន​ក្តី​របស់​លោក​មិន​ពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ឡើយ ព្រោះ​ពុំ​មាន​យុត្តិធម៌​សម្រាប់​រូប​គាត់​។ មេធាវី រូប​នេះ រំពឹង​ថា តុលាការ​កំពូល នឹង​ពន្លឿន​សវនាការ​សំណុំ​រឿង​នេះ ពីព្រោះ​កូន​ក្តី​របស់​លោក​បាន​ជាប់​ឃុំ​ជាង ១​ឆ្នាំ​ទៅ​ហើយ ហើយ​បើ​នៅតែ​អូស​បន្លាយ​ទៀត បណ្ដឹង​សាទុក្ខ​នេះ​ក៏​នឹង​លែង​មាន​ន័យ​អ្វី​ទៀត​ដែរ៖ «ជា​ច្បាប់ គឺ​តុលាការ​កំពូល នៅ​ពេល​ដែល​មានការ​ប្ដឹង​សាទុក្ខ​អំពី​សា​ដីកា​ហើយ​ការអនុវត្ត​ទោស​ជិត​ចប់​ទៀត គឺ​តុលាការ​កំពូល ត្រូវតែ​រួសរាន់​ដាក់​ពេលវេលា សវនាការ​ឱ្យ​បាន​ឆាប់ មុននឹង​ការអនុវត្ត​ទោស​ត្រូវ​បាន​បញ្ចប់។ ប៉ុន្តែ​ទោះបីជា​តុលាការ​កំពូល យឺត​ក្នុង​ការ​ដាក់​ថ្ងៃ​សវនាការ​ក៏ដោយ ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់ នៅ​ពេល​ដែល​ជនជាប់ចោទ អនុវត្ត​ទោស​គ្រប់​ចំនួន​កំណត់​ហើយ គឺ​ត្រូវតែ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ បានទេ នៅ​ថ្ងៃ​ទី​១១ មេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សាលាឧទ្ធរណ៍ បាន​ប្រកាស​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​លោក គង់ ម៉ាស់ ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក។

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន លោក គង់ ម៉ាស់ ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​។ គិត​មក​ទល់​ពេល​នេះ លោក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាការ​ព្រៃ​ស​ជាង​១​ឆ្នាំ​ហើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ​ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បន្ទាប់ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ សារ​ដែល​លោក​បង្ហោះ​នោះ រួមមាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាល​ពី​មុន​បោះឆ្នោត សារ​រិះគន់​អំពី​ភាព អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល និង​ករណី​ចុងក្រោយ​រឿង​តម្លៃ​កសិផល​ចុះថោក​ក្រោយ ពី​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា​ជាដើម។

អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក គង់ ម៉ាស់ ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ពួកគេ​ពិនិត្យ​ឃើញ​ថា លោក គង់ ម៉ាស់ គ្មាន​កំហុស​អ្វី​ឡើយ តាមរយៈ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សន្តិវិធី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។