មហាវិទ្យាល័យ​ស្ត្រី​នៅ​អាមេរិក​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​អ្នកស្រី មូរ សុខហួរ

មហាវិទ្យាល័យ ម៉ោនហូលយ៉ូក (Mount Holyoke) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ឯក​អគ្គរាជទូត​ខ្មែរ ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក ដើម្បី​ជំទាស់​ទៅ​នឹង​ការ​ឃុំ​ខ្លួន អ្នកស្រី មូរ សុខហួរ និង​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត។

ប្រធាន​មហាវិទ្យាល័យ ម៉ោនហូលយ៉ូក អ្នកស្រី លីន ប៉ាស្កែរីឡា (Lynn Pasquerella) នៅ​ថ្ងៃ​ទី​១៧ កក្កដា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ឯកអគ្គរាជទូត​ខ្មែរ គឺ​លោក ហែម ហេង ដោយ​បាន​លើក​ពី​គុណ​សម្បត្តិ អ្នកស្រី មូរ សុខហួរ ថា​ជា​នារី​ម្នាក់​ធ្វើ​ការ​លះ​បង់​ខ្ពស់ បម្រើ​សង្គម និង​ពិភពលោក ដោយ​បាន​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ប្រុស​ស្រី​ទទួល​បាន​សេវា​ចាំបាច់ ដើម្បី​បង្ការ​អត្រា​ឆ្លង​មេរោគ​អេដស៍​ជំងឺ​អេដស៍ (HIV/AIDS) ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ រួម​ទាំង​បាន​ធ្វើ​ការ​ឲ្យ​មាន​ការ​បើក​ចំហ​នៃ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ។

អ្នកស្រី លីន ប៉ាស្កែរីឡា ថា ថ្មីៗ​នេះ អ្នកស្រី មូរ សុខហួរ បាន​ទៅ​ទស្សនកិច្ច​មហាវិទ្យាល័យ ម៉ោនហូលយ៉ូក ក្នុង​ការ​ចូលរួម​លើ​គម្រោង​ការងារ​សាធារណៈ​របស់​ស្ត្រី ទាក់ទង​ទៅ​នឹង​ស្នាដៃ និង​ការ​ដឹក​នាំ​លេចធ្លោ​របស់​ស្ត្រី​លើ​ពិភពលោក ដើម្បី​យុត្តិធម៌ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ក្នុង​នោះ អ្នកស្រី មូរ សុខហួរ បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​នាម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

លិខិត​ដដែល​សរសេរ​ថា៖ «ខណៈ​កម្ពុជា ធ្វើ​ការ​ស្ដារ​ឡើង​វិញ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ខ្ញុំ​សូម​ជំរុញ​ឲ្យ​លោក និង​រដ្ឋាភិបាល​របស់​លោក យក​ឱកាស​នៃ​បណ្ដឹង​នេះ ដើម្បី​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​លោក»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។