នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ៣ថ្ងៃ នៅដើមសប្ដាហ៍ក្រោយនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងលើកសរសើររបៀបដឹកនាំ និងចង់យកគំរូតាមលោក មហាធា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ សីហានេះ។
ប្រភពដដែលឱ្យដឹងទៀតថា លោក មហាធា នឹងជួបប្រជុំជាមួយក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ជាពិសេសជាមួយលោក ហ៊ុន សែន។ មេដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ហើយនឹងមានការចុះហត្ថលេខារួមគ្នាលើឯកសារមួយចំនួនផងដែរ។
នេះជាលើកទីពីរហើយដែលរដ្ឋបុរសម៉ាឡេស៊ីរូបនេះមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជា នៅដើមឆ្នាំ២០០៦ ក៏ប៉ុន្តែកាលណោះ លោកមិនមែនមកក្នុងនាមជានាយករដ្ឋមន្ត្រីនោះឡើយ ព្រោះលោកបានលាឈប់ពីឆាកនយោបាយម៉ាឡេស៊ីរួចទៅហើយ។
ក្នុងវ័យ ៩៤ឆ្នាំ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតនៅម៉ាឡេស៊ី។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅចន្លោះពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ រួចក៏បានចូលនិវត្តន៍ពីកិច្ចការនយោបាយ។ ក៏ប៉ុន្តែដោយសារមើលឃើញពីអំពើពុករលួយ និងការរំលោភអំណាចជ្រុលហួសហេតុពីសំណាក់អ្នកជំនាន់ក្រោយរបស់លោក អ្នកនយោបាយចាស់វស្សារូបនេះ បានចូលប្រឡូកក្នុងឆាកនយោបាយវិញ ក្នុងនាមជាមេដឹកនាំបក្សប្រឆាំង។ លោកបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាលើកទីពីរ កាលពីខែឧសភា ឆ្នាំ២០១៨ ដោយបានផ្ដួលគណបក្សកាន់អំណាច ដែលលោកក៏ធ្លាប់បានដឹកនាំអស់រយៈពេលរាប់សិបឆ្នាំនោះ។
បណ្ឌិត មហាធា មហាម៉ាត់ គឺជាមេដឹកនាំម្នាក់ ដែលឱ្យតម្លៃលើការចូលរួមរបស់យុវជន និងមនុស្សជំនាន់ថ្មីក្នុងកិច្ចការនយោបាយ ដោយលោកបានតែងតាំងមន្ត្រីវ័យក្មេងជាច្រើននៅក្នុងរដ្ឋបាលរបស់លោក។ អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនឹងធ្វើបាឋកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២ ខែកញ្ញា ដែលជាឱកាសសម្រាប់សិស្ស និស្សិត និងសាធារណជនខ្មែរ អាចជួបលោកដោយផ្ទាល់ និងសាកសួរអំពីរឿងរ៉ាវទាំងឡាយ ដែលពួកគេមានចម្ងល់៕