រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​២​រូប

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៩ ខែ​មេសា នេះ បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​២​រូប គឺ​អ្នកស្រី ជា ច័ន្ទទេវី និង​លោក សួន មាន។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​មុន​ការ​ផ្សាយ​នេះ​ថា សមាជិកសភា​ចំនួន១០៤ លើ ១១៥​សំឡេង បាន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ទាំងពីរ​នាក់​នេះ មក​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​ចូលរួម​ជា​ព្រះរាជ​អធិបតីភាព​នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី៤​នេះ នៅ​ថ្ងៃទី​២៣ ខែ​មេសា​ខាងមុខ។ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ៦២រូប គឺ ៥៨​រូប​ពី​ខាង​គណបក្ស​កាន់អំណាច ២​រូប ត្រូវ​បាន​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា។ សមាជិក ២​រូប ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គឺ​សម្ដេច រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូម៉ានី។

ការ​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ កន្លង​មក​នេះ មាន​ការ​ចូលរួម​ពី​គណបក្ស​ចំនួន​៤ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​កាន់អំណាច ៥៨​រូប បាន​ជាប់ឆ្នោត ១០០ភាគរយ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ឡើយ ក្រោយ​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ដោយ​បាន​ដក​សិទ្ធិ​អ្នក​បោះឆ្នោត ៤៤ភាគរយ នៃ​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ និង​តំណាងរាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។