រដ្ឋសភា​ឯកបក្ស​អំពាវនាវ​ឱ្យ​អាមេរិក​ពិចារណា​ឡើងវិញ​ពី​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​ខ្លួន

0:00 / 0:00

រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ កក្កដា សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អនុម័ត​ច្បាប់ HR 526 របស់​សភា​ជាន់​ទាប​អាមេរិក ដាក់ទណ្ឌកម្ម​មន្ត្រី​របប​នេះ។ សេចក្ដី​ថ្លែងការណ៍​អ្នកនាំពាក្យ​រដ្ឋសភា​ឯក​បក្ស ​ចេញ​នៅ​ថ្ងៃ​​ទី​១៧ កក្កដា ហៅ​ការ​អនុម័ត​ច្បាប់​របស់​អាមេរិក​នេះ ជា​ការ​ប្រកាន់​ជំហរ​លំអៀង មាន​ភាព​អយុត្តិធម៌ និង​ថា​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រកាន់​យក ក្នុង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​គ្រប់​វិស័យ ផ្អែកលើ​ផល​ប្រយោជន៍​រួម និង​ការ​គោរព​គ្នា​ទៅវិញទៅមក​។ រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ អំពាវនាវ​ឱ្យ​អាមេរិក​ពិចារណា​ឡើងវិញ​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ការពិចារណា​នេះ ក្រោម​លេស​ថា កម្ពុជា​កំពុងតែ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន។

កន្លងមក មន្ត្រី​របប​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង តែង​អួតអាង​ដោយ​ប្រើ​វោហារ​សព្ទ​ថា កម្ពុជា​មិន​ព្រួយបារម្ភ​នឹង​សម្ពាធ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច រួមមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ហើយ​ពេលខ្លះ​ថែមទាំង​ឌឺដង​ផ្គើន​ឱ្យ​ក្រុម​ប្រទេស​លោក​សេរី​ទាំងនោះ ដាក់ទណ្ឌកម្ម​កាន់តែ​ឆាប់​កាន់តែ​ល្អ។ ពួកគេ​ធ្លាប់​អះអាង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ចំពោះ​បញ្ហា​នេះ ព្រោះ​កម្ពុជា​ធ្លាប់​ហែល​ឆ្លង​បទពិសោធន៍​ទាំងនេះ​កាល​ពី​ពេល​អតីតកាល​រួចហើយ។

ក៏ប៉ុន្តែ របប​នេះ បាន​ចំណាយ​ថវិកា​មិន​តិច​ជាង​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជួល​មន្ត្រី និង​ក្រុម​មេធាវី​អាមេរិកាំង​មួយ​ចំនួន​ឱ្យ​ជួយ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល ឬ Lobby មន្ត្រី​រដ្ឋសភា និង​រដ្ឋាភិបាល​អាមេរិកាំង កុំ​ឱ្យ​ធ្វើ​គោលនយោបាយ​ដាក់ទណ្ឌកម្ម​ដល់​របប​ខ្លួន។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស លោក ប៉ុន សៅរី ហៅ​ហេតុការណ៍​នេះ​ថា របប​ក្រុងភ្នំពេញ កំពុង​ភ័យ​ស្លន់ស្លោ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នេះ និង​ថា របប​នេះ​បាន​បរាជ័យ ក្នុង​ការ​ព្យាយាម​បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិក កុំ​ឱ្យ​អនុម័ត​ច្បាប់​នេះ។

ច្បាប់​ដាក់ទណ្ឌកម្ម​នេះ ត្រូវ​រង់ចាំ​ការ​អនុម័ត​បន្ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​មួយ​ដំណាក់កាល​ទៀត មុននឹង​ឈាន​ទៅ​ដាក់​ឱ្យ​ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា ដើម្បី​ឱ្យ​ក្លាយ​ជា​ច្បាប់​សម្រាប់​យក​ទៅ​អនុវត្ត​ជា​ផ្លូវការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។