សង្គម​ស៊ីវិល​លើក​ពេល​តវ៉ា​ទាមទារ​ការ​ដោះ​លែង​លោក កឹម សុខា ទៅ​ថ្ងៃក្រោយ

ដោយ ជុន ច័ន្ទបុត្រ
2019-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

សង្គម​ស៊ីវិល​រក្សា​ជំហរ​ធ្វើបាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​លើកលែង​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក សម រង្ស៊ី ក៏ប៉ុន្តែ បាតុកម្ម​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ក្រោយ​​វិញ​។ ពលរដ្ឋ​មួយ​ចំនួន​បញ្ជាក់​ថា ពួកគាត់​នឹង​ចូលរួម​គាំទ្រ​បាតុកម្ម​នេះ ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានការណ៍​ប្រទេសជាតិ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី៨ សីហា ថា ការ​លើក​ពេលនេះ ដោយសារ​ថ្នាក់ដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​កម្ពុជា ជាប់​បំពេញ​បេសកកម្ម​ផ្សេង។ លោក​បន្ត​ថា ខាង​លោក​នឹង​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ថ្មី​នៃ​គម្រោង​ធ្វើ​បាតុកម្ម​នេះ​នៅ​ពេល​ក្រោយ។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រូប​នេះ ថ្លែង​ថា លោក​មានការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បដិសេធ​សេចក្ដី​ជូនដំណឹង​របស់​ពួក​លោក ដែល​ចង់​ជួបជុំ​សម្ដែង​​​មតិ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​ចាត់​ទុក​ថា ទង្វើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ​ជា​ការ​រំលោភច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​រំលោភ​រដ្ឋធម្មនុញ្ញ៖ «រឿង​ដែល​យើង​ធ្វើ​ការ​ប្រមូល​ផ្តុំ​នេះ មិន​មែន​មានន័យថា យើង​ប្រឆាំងរដ្ឋាភិបាល​នោះទេ ហើយ​ក៏​មិន​មែន​មានន័យថា យើង​ប្រឆាំង​ទៅនឹង​ដីកាតុលាការ រំលោភ​លើ​ស្ថាប័ន​តុលាការដែរ។ យើង​ក្នុង​គោល​បំណង​​ចូល​រួម​ធ្វើ​ម៉េចការពារ​ការងារ​ជូន​កម្មករ​កម្មការិនី​ខ្មែរ​តែប៉ុណ្ណឹង។ អាហ្នឹង​ដែល​ជា​គោល​បំណង​ធំបំផុត ហើយ​ចំណុច​ទាំងអស់​នេះ​ យើង​មើល​ទៅ​អត់​មាន​អ្វី​ដែល​​ពិបាក​ថា រដ្ឋាភិបាល​ធ្វើ​មិន​បាន​នោះទេ។ បើ​យើង​មិន​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ អ្នក​ដែល​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ គឺ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​​ កម្មករ​ ហើយ​និង​រាល​ដាល​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ ហើយ​រាល​ដាលទៅដល់​មន្ត្រីរាជការ គ្រូប​ង្រៀន​ថែម​ទៀត»។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​លោក រ៉ុង ឈុន ជាទី​ប្រឹក្សា មាន​គម្រោង​ប្រមូល​ផ្តុំ​សម្ដែង​មតិ នៅ​ថ្ងៃ​ទី​១៥ សីហា សប្ដាហ៍​ក្រោយនេះ ដើម្បី​ទាមទារ​ពីរ​ចំណុច​ពី​តុលាការ​។ ទីមួយ​គឺ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក កឹម សុខា និង​ទីពីរ​ឱ្យ​លើកលែងទោស​លោក សម រង្ស៊ី។សមាគម​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​អំពី​គម្រោង​នេះ កាលពី​ចុងខែ​កក្កដា កន្លង​ទៅ ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​ភ្លាមៗ ក្រោម​ហេតុផល​ថា នេះ​ជា​សកម្មភាព​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល និង​រំលោភ​លើ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​លោក រ៉ុង ឈុន ប្រសិនបើ​មានការ​ជួបជុំ​ណាមួយ​ដូច​ការ​គ្រោងទុក​មែន​នោះ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន ថ្លែង​ថា ខាង​សមាគម និង​សហជីព​របស់​លោក​មិន​មាន​ការ​ផ្លាស់ប្តូរ​ជំហរ​ឡើយ ទោះជា​ត្រូវ​រង​ការព្រមាន ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក៏ដោយ ពីព្រោះ​លោក​យល់​ថា សកម្មភាព​នេះ គឺ​ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល មិនមែន​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រុម​របស់​លោក​នោះ​ឡើយ។

គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​លោក រ៉ុង ឈុន នេះ ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ហើយ​ពួកគាត់​មួយ​ចំនួន​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ចូលរួម​ក្នុង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​​នៅ​កម្ពុជា។

ពលរដ្ឋ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង ឱ្យ​ដឹង​ថា លោក និង​ពលរដ្ឋ ៤-៥ នាក់​ផ្សេងទៀត កំពុងតែ​ជជែក​គ្នា​ពី​រឿង​គម្រោង​បាតុកម្ម​របស់​លោក រ៉ុង ឈុន នេះ​ឯង នៅ​ពេល​អាស៊ីសេរី​ទាក់ទង​សុំ​សម្ភាស។ លោក​បញ្ជាក់​ថា លោក និង​ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ តាមដាន​រឿង​នេះ​ដោយ​យកចិត្តទុកដាក់ ហើយ​នឹង​នាំគ្នា​ទៅ​ចូលរួម​បាតុកម្ម​នេះ បើ​ទោះ​បី​ជា​រវល់​ប៉ុនណា​ក៏ដោយ៖ «ខ្ញុំ​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គឺ​យើង​រីករាយ​គាំទ្រ​ជានិច្ច​នូវ​ទង្វើ​លោកគ្រូ រ៉ុង ឈុន ដែល​គាត់​គម្រោង​នឹង​ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ហើយ​និង​លើក​ការ​ចោទ​ប្រកាន់​លើ​ឯកឧត្តម សម រង្ស៊ី ព្រោះ​នេះ​ជាសកម្មភាព​មួយ​ដែល​មាន​យុត្តិធម៌ តវ៉ា​ដោយ​អហិង្សា​បំផុត ហើយ​ជំរុញ​ឱ្យ​ស្រុក​ខ្មែរ​យើង​កុំមាន​ការ​​ចោទប្រកាន់​ជន​ដែល​គ្មាន​ទោស​កំហុស»។

ពលរដ្ឋ​មួយ​រូប​ទៀត​ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​លោក រ៉ុង ឈុន កុំ​ចុះ​ញ៉ម និង​កុំ​ខ្លាច​ការព្រមាន​របស់​អាជ្ញាធរ។ លោក​បញ្ជាក់​ថា លោក​នឹង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ឈរ​នៅ​ខាង​លោក រ៉ុង ឈុន ជានិច្ច ពីព្រោះ​ពួកគាត់​យល់ថា នេះ​ជា​ទង្វើ​ត្រឹមត្រូវ​ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ជាតិ។ បន្ថែម​ពីលើ​នេះ លោក​ថា លោក​បាន​ត្រៀមខ្លួន​ចូលរួម​បាតុកម្ម​នេះ​រួចជាស្រេច​ហើយ ហើយ​លោក​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ដទៃ​ទៀត ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​សម្ដែង​មតិ​នេះ​ឱ្យ​បាន​ច្រើន​ផង​ដែរ៖ «ខ្ញុំ​សរសើរ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក រ៉ុង ឈុន។ គាត់​សុខ​ចិត្ត​បាត់​បង់​នូវ​អ្វីៗ​ទាំងអស់ ដើម្បីអី ដើម្បី​ជាតិ​ ដើម្បី​ប្រជាពលរដ្ឋ។ គាត់​លះបង់អ៊ីចឹង ខ្ញុំ​មើល​ឃើញ អ៊ីចឹង​បាន​ជា​ខ្ញុំ​គិត​ថា លោក រ៉ុង ឈុន គឺល្អណាស់​។ សម្រាប់​កូន​ខ្មែរ​គ្រប់​រូប គ្មាន​នរណា​ម្នាក់បំភ្លេច​លោក រ៉ុង ឈុន​ បាន​ទេ ហើយ​បើ​គាត់​ធ្វើ​បាតុកម្ម​ថ្ងៃណា ខ្ញុំ​​ជា​ប្រជាពលរដ្ឋ ខ្ញុំ​នឹង​ទៅ​ចូល​រួម​ជាមួយ​នឹង​លោក រ៉ុង ឈុន ខ្ញុំ​អត់​ខ្លាចទេ។ ដំណាក់កាល​នេះហើយ បើ​ប្រជាពលរដ្ឋ​​យើង​នាំ​គ្នា​ដេកលក់ យើង​មិន​នាំគ្នា​ងើបទេ នេះ​ជា​ពេល​វេលា​ចុង​ក្រោយហើយ។ យើង​សុខចិត្ត​ឱ្យ​ប្រទេស​ជាតិ​យើង​លំបាក​ដូច​សម័យ​ ប៉ុល ពត​ ទៀតឬ?»។

សហគមន៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង បន្ទាប់ពី​របប​លោក ហ៊ុន សែន បាន​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​លើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ។

របប​នេះ​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ខ្វះ​ភស្តុតាង​ពី​បទ​ក្បត់​ជាតិ។ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​នេះ​ជាង​១០០ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥ ឆ្នាំ ថែម​ទៀត។

ការ​វិវឌ្ឍ​ចុងក្រោយ​នេះ គឺ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​រាប់រយ​នាក់​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល ក្នុង​នោះ​មាន​អ្នកខ្លះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​ចោទប្រកាន់​ដទៃ​ទៀត​ដែរ។

ស្រប​ពេល​នៃ​ការ​កម្ទេច​បក្ស​ប្រឆាំង​នេះ របប​ឯក​បក្ស​លោក ហ៊ុន សែន ក៏បាន​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ ហើយ​ជាងនេះ​ទៅ​ទៀត​នោះ របប​នេះ​បាន​បង្កើន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ដោយសារ​ទង្វើ​ទាំងអស់​នេះ​ហើយ ទើប​សហភាព​អឺរ៉ុប​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​សមាជិកសភា​អាមេរិក​ដុតដៃដុតជើង​រៀបចំ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុង​ភ្នំពេញ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា របប​លោក ហ៊ុន សែន នៅ​មាន​ឱកាស​កែប្រែ​ខ្លួន​នៅឡើយ ដោយ​របប​នេះ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល