សង្គម​ស៊ីវិល​ចាត់​ទុក​របាយការណ៍​សមត្ថកិច្ច​ករណី​រណសិរ្ស​រំដោះ​ជាតិ​មិន​អាច​ជឿ​ទុកចិត្ត​បាន

ដោយ ម៉ម មុនីរតន៍
2014-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។
រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។
Photo courtesy of Cambodian National Police

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រតិកម្ម​ក្រោយ​ពី​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ភស្តុតាង និង របាយការណ៍​មួយ​ចំនួន ដែល​អះអាង​ពី​ភាព​ត្រឹមត្រូវ​តាមផ្លូវច្បាប់ នៃ​ការ​ចាប់​ខ្លួន​សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ គេ​រក​មិន​ឃើញ​ពី​ហេតុផល​ទាល់​តែ​សោះ ដែល​ចាត់​ទុក​ថា​ចលនា​រណសិរ្ស​រំដោះ​ជាតិ មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ។

បើ​ទោះ​ជា​ក្រុម​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​បញ្ជាក់​ហើយ​ថា​ហេតុផល​ដែល​កំណត់​មុខ​សញ្ញា រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន ដោយ​សំអាង​ទៅ​លើ​ភស្តុតាង និង​របាយការណ៍​យ៉ាង​លម្អិត​ក្ដី ក៏​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​តែ​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​នេះ ហាក់​ធ្វើ​ឡើង​ដោយ ឥត​សមហេតុផល​ណា​មួយ​ទាល់​តែ​សោះ។

ការ​អះអាង​ដូច​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ បញ្ចេញ​របាយការណ៍ នៅ​ក្នុង​សន្និសីទកាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី ២ វិច្ឆិកា ដែល​របាយការណ៍​នោះ​គឺ​បញ្ជាក់​ពី​មូលហេតុ​នៃ​ចាប់​ខ្លួន ជនសង្ស័យ​ទាំង ១០នាក់។

លោក ចាន់ សុវ៉េត សកម្មជន​ការពារ​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) ថ្លែង​ថា មនុស្ស​មួយ​ចំនួន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន កាល​​ពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​មិន​អាច​ជឿ​ទុកចិត្ត​បាន​សោះឡើយ។ លោក​ថ្លែង​បន្ត​ថា​សង្គម​ស៊ីវិល​នៅ​រក​មិន​ទាន់​ឃើញ​​ពី​ធាតុផ្សំ​ដែល​ចាត់​ទុក​ថា ពួក​គាត់​ទាំង​នោះ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ទំនង​ត្រូវ​ចាញ់​បោក ពី​មនុស្ស​​មួយ​ក្រុម​ដែល​រៀបចំ​ល្ខោន​នយោបាយ ហើយ​ទម្លាក់​កំហុស​តែម្ដង។ លោក​បន្ត​ថា៖ «និយាយ​រួម​ទៅ​ខាង​ខ្ញុំ​សង្គម​ស៊ីវិល យើង​ឥត​មាន​ជំនឿ​ថា​អ្នក​ទាំងអស់​នោះ មាន​ចេតនា​ប៉ុនប៉ង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​យើង​គិត​មើល​ទៅ​ហាក់​ដូច​ជា​​ចាញ់បោក​គេ​ទាំងស្រុង​ហ្មង។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ពាក្យ​ថា​ចាញ់បោក ឬ​ការ​អូស​ទាយ​របស់​គេ »

មនុស្ស​១០នាក់ ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២២ និង ថ្ងៃ​ទី ២៣ ខែ តុលា។ ជន​សង្ស័យ​ទាំង​នេះ​រង​ការ​ចោទ​ប្រកាន់ ពី​បទ​ទាក់ទង​ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ផ្ដួល​រំលំ​ប្រឆាំង​រដ្ឋាភិបាល។ ពាក់ព័ន្ធ​រឿង​នេះមន្រ្តី​រដ្ឋាភិបាល​អះអាង​ថា ក្នុង​ពេល​ឃាត់​ខ្លួន​ដក​ហូត​បាន​ទង់​ជាតិ​រណសិរ្ស​រំដោះ​ជាតិ ប្រមាណ​ជាង ៧រយ​ទង់។ មួក​ស្លឹក​ជាង ១ពាន់​មួក។ ខិត្តប័ណ្ណ​រំដោះ​ជាតិ ដែល​គ្រោង​នឹង​ចែកចាយ​ជិត ៥រយសន្លឹក ព្រម​ទាំង​លិខិត​តែងតាំង​សមាជិក​នៃ​រណសិរ្ស​រំដោះ​ជាតិ​ថែម​ទៀត​ផង។

ឧត្ដមសេនីយ៍ឯក លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី ២ ខែ វិច្ឆិកា ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ពុំ​មែន​ចេះ​តែ​អនុវត្ត​តាម​ការ​នឹក​ឃើញ​​ឡើយ។ ក៏ប៉ុន្តែ​ថា​ចំណាត់​ការ​នៅ​ពេល​នេះ គឺ​ផ្អែក​លើ​ភស្តុតាង​ត្រឹមត្រូវ។ ម្យ៉ាង​វិញ​ទៀត​ក្រុម​នេះ គឺ​ជា​មុខសញ្ញា​ចាស់ ដែល​តែង​បង្ក​បញ្ហា​ក្នុង​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​បន្ត​ថា៖ «ពួក​នេះ​ធ្លាប់​កសាង​កម្លាំង​ប្រដាប់​អាវុធ​កន្លង​មក​ហ្នឹង។ មាន​​ធ្វើ​សកម្មភាព​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌល​គិរី មាន​រូប​មាន​ភស្តុតាង​ច្បាស់លាស់ ហើយ​មាន​ហ្វឹកហ្វឺន​កម្លាំង​មាន​អី »

បើ​ទោះ​ជា​បែប​ណា​លោក អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស អង្គការ​លីកាដូ នៅ​តែ​មាន​មន្ទិលសង្ស័យ​ទៅ​លើ​នីតិវិធី​នៃ​ការ​អនុវត្ត​ច្បាប់​​របស់​រដ្ឋាភិបាល។ លោក​យល់​ឃើញ​ថា​ប្រ​សិន​បើ​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ដោយ​មាន​កំហុស​បច្ចេកទេស នោះ​នឹង​រឹត​​តែ​ធ្វើ​​ប៉ះពាល់​ចំពោះ សិទ្ធិ​សេរីភាព។លោក​បន្ត​ថា៖ «ព្រោះ​អា​នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សិទ្ធិ​សេរីភាព​​របស់​គេ។កាល​ណា​យើង​ចាប់​ហើយ​មក​មក​ឃុំ​ហើយ​បើ​យើង​មិន​មាន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ប្រមូល​ភស្តុតាង​គ្រប់គ្រាន់​ទេ។ អា​ហ្នឹង​វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ហ្នឹង បាត់បង់​សិទ្ធិ​សេរីភាព ហើយ​ក៏​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ផង​ដែរ»

នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​រក​ឃើញ​ថា មាន​មនុស្ស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ក្នុង​អំឡុង​ឆ្នាំ២០០០ មនុស្ស​មួយ​ក្រុម ដែល​ដឹកនាំ​​ដោយ​ឈ្មោះ ឈុន យ៉ាសិទ្ធ រង់​ការ​ចោទ​ថា បាន​ព្យាយាម​​បង្កើត​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា ហៅ​កាត់​ថា CFF ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ។

កាល​ណោះ​មាន​មនុស្ស​ច្រើន​ណាស់ ដោយ​រួម​ទាំង​អតីត​យោធា​ខ្មែរ​ក្រហម រួម​និង​ប្រជាពល​រដ្ឋ​ផង ត្រូវ​បាន​រដ្ឋាភិបាល​​ចាប់​ខ្លួន។ដោយឡែក កាល​ពី​ឆ្នាំ២០១២ កន្លង​ទៅ ដោយ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ រដ្ឋាភិបាល​ចាត់​ទុក​ថា សកម្មភាព​នៅ​ពេល​នោះ គឺ​ជា​ចេតនា​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល ។ក៏ប៉ុន្តែ​ អង្គការ​សង្គម​ស៊ីវិល​វិញ​រក​ឃើញ​ថា មូលហេតុ​ដោយ​ការ​គ្រប់គ្រង​ដីធ្លី​មិន​បាន​ល្អ ទើប​បង្ក​ឲ្យ​​មាន​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

10 OR 100 PEOPLE CANNOT DO ANYTHING AGAINST GOVERNMENT IN THE COUNTRY.EXEPT 3 MILLION CAN DO.

Nov 07, 2014 10:41 PM

pp

ពី pp

ក្រុមនេះគឺជាក្រុមការងាររបស់ហុន សែន ដែលបង្កើតឡើងដើម្បីស្វែងរកអ្នកស្នេហាជាតិពិតប្រាកដចង់ប្ដូលរដ្ឋាភិបាល ហើយនៅពេលដែលក្រុមលោកសម​ សេរី​នេះរកឃើញអ្នកដែលស្អប់ហុន សែន ច្បាស់ហើយ​ក័មានការបញ្ជូនឈ្មោះអ្នកទាំងនោះ ឲ្យទៅរដ្ឍាភិបាលៗ ក័តាមចាប់បញ្ចូលគុកតែម្ដង។ នេះគឺកល្បិចដេញស្វាឲ្យចេញពីព្រៃ។

Nov 03, 2014 11:39 AM

ហានិភ័យ

ពី តាកែវ

ចង់វ៉ៃឆ្កែ ចោទថាឆ្កែហ្នឹងឆ្កួត នេះជាល្បិចកំហូចរបស់ពពួកជនផ្តាច់ការ
ជិះជាន់ធ្វើបាបរាស្ត្រស្លូតត្រង់។

Nov 03, 2014 04:12 AM

គេហទំព័រ​ទាំងមូល