មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញម្នាក់ ដែលមាន លិខិតឆ្លងដែន និង សញ្ជាតិស៊ីប បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញព័ត៌មាន ដែលរដ្ឋាភិបាលស៊ីបបានលុបចោល លិខិតឆ្លងដែន និងដកហូតសញ្ជាតិស៊ីបវិញកាលពីថ្ងៃពុធ ទី៤ ធ្នូ។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបដិសេធមិនឆ្លើយតបនឹងសំណួរអាស៊ីសេរី ពេលសាកសួរពីមូលហេតុដែលលោកទទួលបានសញ្ជាតិស៊ីប និងប្រតិកម្មក្រោយបាត់បង់សញ្ជាតិវិញ៖ «អ្នកណានិយាយទៅសួរអ្នកហ្នឹងចុះ កុំមកសួរខ្ញុំ ។ អ្នកណាអ្នកផ្សាយទៅសួរអ្នកហ្នឹងចុះ»។
ភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) បានចុះផ្សាយកាលពីថ្ងៃទី០៦ វិច្ឆិកាថា រដ្ឋាភិបាលប្រទេសស៊ីប បានសម្រេចលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិស៊ីប ដែលរដ្ឋាភិបាលប្រទេសនេះបានផ្តល់ឱ្យដល់ជនបរទេសសរុប២៦នាក់។
ក្នុងចំណោមជនបរទេសទាំង២៦នាក់ដែលរដ្ឋាភិបាលប្រទេសស៊ីបដកហូតសញ្ជាតិនោះ ក្នុងនោះរួមមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួន ៥រូបដែលភាគច្រើនមានសាច់ញាតិជាមួយមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន។
សាច់ញាតិ និងបក្ខពួករបស់លោក ហ៊ុន សែន ដែលទទួលបានសញ្ជាតិស៊ីបទាំងនោះ រួមមានក្មួយស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងប្តី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រពន្ធ អ្នកស្រី ជឹង សុភាព (ហៅយាយភូ) និងប្តី គឺលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីនៅតំបន់បឹងកក់។
ការសម្រេចលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិស៊ីបនេះ កើតមានឡើងក្រោយពេលដែលមានសេចក្តីរាយការណ៍អំពីរឿងរ៉ាវអាស្រូវដែលបានចោទប្រកាន់ថា រដ្ឋាភិបាលប្រទេសស៊ីប បានលក់សញ្ជាតិ និងលិខិតឆ្លងដែនឱ្យជនបរទេសសរុបជិត ២ពាន់នាក់ (១.៨៦៤សញ្ជាតិ) ក្នុងនោះក៏មានសាច់ញាតិ និងក្រុមបក្ខពួកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ក្នុងតម្លៃជិត ៣លានដុល្លារអាមេរិកសម្រាប់បុគ្គលម្នាក់ៗ។
លោក នេត្រ សាវឿន ប្រពន្ធ និងកូនទាំងបីរបស់លោក បច្ចុប្បន្នក៏ត្រូវសហរដ្ឋអាមេរិក ដាក់បញ្ចូលក្នុងបញ្ជីខ្មៅរឹតត្បិតទិដ្ឋាការមិនឱ្យមកជាន់ទឹកដីអាមេរិកដោយសារតែពួកគេបានចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។