អ្នកគាំទ្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​មក​ពី​ប្រទេស​លោក​ខាង​លិច​បន្ត​ស្នាក់នៅ​ថៃ​រង់ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក

អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​ដែល​រស់នៅ​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​នៅតែ​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ទៅ​ចូលរួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាងមុខ។ ពួកគាត់​មាន​ក្ដី​សង្ឃឹម​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ នឹង​រក​ច្រក​វិល​ចូល​ទៅ​កម្ពុជា​វិញ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ លើក​ឡើង​ថា មានតែ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទេ ដែល​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន។

អ្នក​គាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កាណាដា លោកស្រី ជិន ដាលីន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា ថា ក្រុម​លោកស្រី​មាន​គ្នា​ប្រមាណ​១០​នាក់ កំពុង​ស្នាក់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដើម្បី​រង់ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ពេល​ខាងមុខ។ លោកស្រី​បន្ត​ថា ក្រុម​លោកស្រី​នៅតែ​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​ទៅ​មុខ​ទៀត រហូត​ដល់​តែ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ លោកស្រី​បញ្ជាក់​ថា ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​នៅ​ពេល​នេះ​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ ដូច្នេះ​លោកស្រី និង​អ្នក​ផ្សេងទៀត​មិនទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ដែរ គឺ​នៅ​បន្ត​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើយ​វិញ៖ «ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កុំ​អស់សង្ឃឹម​អី ហើយ​អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ​នៅ​ពេល​នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះៗ គឺ​គាត់​មិន​ចង់​ឃើញ​ការ​ហូរ​ឈាម​របស់​ប្រជាពលរដ្ឋ​ទេ។ គាត់​ព្យាយាម​រក​វិធី​យ៉ាងណា​ឱ្យ​យើង​ចូល​ទៅ​កម្ពុជា ដោយ​អហិង្សា និង​មាន​សុវត្ថិភាព​គ្រប់គ្នា»។

លោកស្រី​បន្ត​ថា អ្នកគាំទ្រ​គណបក្សប្រឆាំង​រស់​នៅ​ឯ​នាយ​សមុទ្រ​មួយ​ចំនួន​បាន​ចេញពី​ប្រទេស​ថៃ​មួយ​រយៈ​ដោយសារ​អស់​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ ហើយក៏​នាំគ្នា​ចូល​មក​ទីក្រុង​បាងកក​វិញ​ដដែល។

រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ លោកស្រី សំអាត ឈុន ថ្លែង​ថា លោកស្រី​ចូល​មក​ប្រទេស​ថៃ​ប្រមាណ​១០​ថ្ងៃ ហើយ​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅឡើយ​ទេ ពីព្រោះ​ផែនការ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មិនទាន់​បាន​សម្រេច​នៅ​ឡើយ។ លោកស្រី បញ្ជាក់​ថា នៅតែ​សង្ឃឹមថា លោក សម រង្ស៊ី នឹង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​វិញ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​នៅ​ពេល​នោះ​នឹង​ធ្វើ​ឱ្យ​របប​លោក​ហ៊ុន សែន ងាក​មក​រក​ផ្លូវ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «គ្រាន់តែ​សណ្ឋាគារ​នៅ​ជាមួយ​ខ្ញុំ​នៅ​ច្រើន​នាក់ ហើយ​ផ្សេងទៀត​ក៏​នៅតែ​ណាត់គ្នា​មក​បន្តបន្ទាប់​ទៀត។ អ្នក​ខ្លះ​មក​ស្នាក់នៅ​យូរ​ដូច​ប្អូន រី គា អី​គាត់​អត់​ទាន់​ទៅវិញ​ទេ ឥឡូវ​ហ្នឹង​គាត់​ចុះទៅ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ដូង ហើយ​២​ថ្ងៃមុន ខ្ញុំ​បាន​ទៅដល់​ព្រំដែន​តំបន់​នោះ​ឃើញ​ទិដ្ឋភាព​ពលរដ្ឋ​ខ្មែរ​លំបាក​វេទនា​ណាស់ ហើយ​គួរ​ឱ្យ​អាសូរ​ដល់​ពលរដ្ឋ​ខ្មែរ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ស្រុក​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ការ​លើក​ឡើង​របស់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ​ឡើយ។ លោក​បន្ត​ថា ពលរដ្ឋ​ទាំងឡាយ​ដែល​កំពុង​រង់ចាំ​ទទួល​លោក សម រង្ស៊ី នៅ​ប្រទេស​ថៃ នឹង​ខាតបង់​ប្រាក់​ដោយ​ឥតប្រយោជន៍ ព្រោះ​លោក​មាន​ជំនឿ​ថា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​មិន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ៖ «រហូតដល់​ពេលនេះ​ខ្ញុំ​លោក សម រង្ស៊ី ជា​មនុស្ស​មហា​កំសាក បានតែ​ភូតភរ​បងប្អូន​ពី​ក្រៅ​ប្រទេស ដូច​យុវជន​មកពី​កូរ៉េ ពី​ជប៉ុន​អី​មក​ដេកចាំ​ចាយ​លុយ​ខ្លួនឯង​ទៅ មានតែ​ត្រឡប់​ទៅវិញ​ខំ​ធ្វើ​ការ​ខ្មឺត​រក​ប្រាក់»។

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ពីព្រោះ រដ្ឋាភិបាល​មិន​ទាន់​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​នៅ​ឡើយ។ លោក​បន្ត​ថា ជម្លោះ​នយោបាយ​ជា​បន្តបន្ទាប់​មកនេះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត់​បង់​ដល់​សេដ្ឋកិច្ច​ជាតិ​ជាច្រើន ជាពិសេស​ថ្មីៗ​ដែល​រដ្ឋាភិបាល​ដាក់​ពង្រាយ​កងកម្លាំង​ជាច្រើន ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៖ «ខ្ញុំ​យល់ថា​មកដល់ពេលនេះ​យើង​បាន​មើល​ឃើញ​ស្ថានភាព​ក្នុងស្រុក​ថា តើ​ដើរ​ដល់​កម្រិត​ណាមួយ​យើង​បាន​យល់​ទាំងអស់​គ្នា។ អីចឹង​យើង​មើល​ដូចជា​ទឹក​ដល់​ច្រមុះ​ហើយ ទាក់ទង​ដូចជា​រឿង​ EBA ជាដើម ហើយ​ស្ថានភាព​នយោបាយ​មួយ​រយៈ​កន្លង​មក​នេះ​មិន​ផ្ដល់​ប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​នៅតែ​ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង រក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ទីក្រុង​បាងកក អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​លោក​ខាង​លិច​ប្រមាណ​៥០០​នាក់​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ហើយ​មាន​ជាច្រើន​នាក់​ទៀត​នៅតែ​បន្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ចាំ​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។