ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចតែងតាំងលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតនៅកម្ពុជាហើយ។ ហ្វេសប៊ុក (Facebook) ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះ លោក ប៉ាទ្រីក ម័រហ្វី នឹងមកបំពេញការងារនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
ហ្វេសប៊ុកស្ថានទូតអាមេរិកដដែលសរសេរយ៉ាងដូច្នេះថា៖ «សូមអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានទទួលការអនុម័ត ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងការតែងតាំងពីលោកប្រធានាធិបតី ! យើងរង់ចាំស្វាគមន៍ ការមកដល់របស់លោក និងក្រុមគ្រួសារ នៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ»។
កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានអនុម័តជាផ្លូវការយល់ព្រមតែងតាំងលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្រោយពេលតំណែងនេះត្រូវទុកឱ្យទំនេរជាងកន្លះឆ្នាំ។
មុនពេលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត លោក ប៉ាទ្រីក ម័រហ្វី គឺជាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ មានការយល់ដឹងខ្ពស់ពីបញ្ហានយោបាយនៃបណ្ដាប្រទេសក្បែរខាងកម្ពុជា និងនយោបាយនៅកម្ពុជា ជាច្រើនឆ្នាំមកហើយ។
លោក ប៉ាទ្រីក ម័រហ្វី បានថ្លែងនៅចំពោះមុខគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភា កាលពីថ្ងៃទី១ ខែសីហា ថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាតំណាងរាស្ត្រអាមេរិក ដើម្បីជំរុញផលប្រយោជន៍សហរដ្ឋអាមេរិកនៅកម្ពុជា លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើការគាំទ្រខ្លាំងរបស់សហរដ្ឋអាមេរិក ដែលទទួលបានពីក្នុងចំណោមសាធារណជនកម្ពុជា។ លោកថា លោកនឹងតស៊ូមតិឱ្យមានការផ្សះផ្សារវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
រីឯមន្ត្រីបក្សប្រឆាំង អ្នកវិភាគ និងសង្គមស៊ីវិលថា ក៏យល់ឃើញស្រដៀងគ្នានេះដែរ ពួកគេរំពឹងថា វត្តមានលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា នឹងអាចជួយកែប្រែស្ថាននយោបាយដែលកំពុងអាប់អួក្នុងពេលនេះបានខ្លះ។ ចំណែកមន្ត្រី គណបក្សកាន់អំណាច ក៏រំពឹងថាលោក ប៉ាទ្រីក ម័រហ្វី នឹងអាចជំរុញចំណងការទូតនៃប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងល្អប្រសើរថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។