តុលាការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹក​វ​ដល់​សន្តិសុខ​សង្គម

ដោយ ហេង រស្មី
2020-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ សំអាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០២០។
លោក គង់ សំអាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា បន្ទាប់​ពី​រូប​លោក​ត្រូវ​អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ បាន​ទៅ​គោះទ្វារ​ផ្ទះ ហើយ​ចាប់ខ្លួន​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ​ភ្លាមៗ កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី៦ កញ្ញា​ទាំង​មិន​បាន​បង្ហាញ​ដីកា។ សង្គម​ស៊ីវិល​យល់​ថា ការ​ចាប់​ខ្លួន​លោក គង់ សំអាន គឺ​ជា​រឿង​នយោបាយ ហើយ​ថា អាជ្ញាធរ​ត្រូវតែ​បង្ហាញ​ដីកា ឬ​ប្រាប់​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា សាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​​លោក គង់ សំអាន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាព្រៃស។ ទោះយ៉ាងណាលោក ឆាយ គឺមខឿន មិន​បានបញ្ជាក់លំអិតថា សកម្មភាពអ្វី​ខ្លះ ដែលលោក គង់ សំអាន ប្រព្រឹត្តហើយត្រូវប្រឈមនឹងការ​ចោទ​ប្រកាន់បែបនេះនោះទេ៖ «បញ្ជូនយក​ទៅដាក់​គុកបាត់ហើយ! ពីបទញុះញង់បង្កភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយជម្រាបផង មុន​នឹងបិទណា៎ នៅព្រះរាជាណាចក្រ​កម្ពុជារាល់ថ្ងៃនេះអត់​មានបក្សសង្គ្រោះជាតិទេ បើសួរអ៊ីចឹងក្រោយខ្ញុំអត់ឆ្លើយទេណា៎។ គង់ សំអាន នេះឃាត់ដោយសារគាត់ធ្វើសកម្មភាពខុស​ច្បាប់ មិន​មែនដោយសារគាត់សមាជិកគណបក្សទេ។ គាត់ជាប្រជាពលរដ្ឋគាត់ធ្វើ​សកម្មភាពខុស​ច្បាប់»

ភរិយាលោក គង់ សំអាន គឺលោកស្រី ឆៃ ឆាយអ៊ាង លើក​ឡើងថា បន្ទាប់​ពីប្តីលោកស្រីត្រូវអាជ្ញាធរចាប់​ខ្លួនដល់ផ្ទះ កាលពី​ព្រឹកថ្ងៃទី៦ កញ្ញានោះ លោកស្រីមិនបានដឹងដំណឹងសោះ ថាប្តីលោកស្រីត្រូអាជ្ញាធរទាំង​នោះនាំខ្លួនប្ដីលោកស្រីទៅ​ណានោះទេ។ លោកស្រីកំពុងបារម្ភជាខ្លាំងអំពីសុវត្ថិភាព និងសុខភាពរបស់​ប្ដី ព្រោះលោក គង់ សំអានមានអាយុច្រើនណាស់ទៅហើយ។ លោកស្រីប្រាប់ថា លោកស្រីមិនអាចទទួល​យកបាន​ទេ ចំពោះការចោទប្រកាន់របស់តុលាការនេះ ព្រោះប្តីលោកស្រីមិនមានកំហុសអ្វីនោះទេ៖ «ខ្ញុំទទួល​យកមិន​បានទេ បើកាល​មុនយូរ​ហើយណាខ្ញុំក៏មិនដឹងដែរ ឥឡូវ​នេះ កន្លង​មកគេរំលាយគណបក្សអស់​ហើយ គាត់ក៏នៅ​ផ្ទះ គាត់ឈប់រវីរវល់ហើយ ហើយខ្ញុំមិន​អស់​ចិត្តហ្នឹងណាស់ វាហួស​ចិត្តហួសចិត្តខ្លួន​ឯងតែខ្ញុំមិនដឹងធ្វើយ៉ាង​ម៉េចទេ ហួសចិត្តថារឿងអីបានគេទៅចោទ​ប្រកាន់គាត់អ៊ីចឹង គាត់គ្មានរឿងអីទេ។ គាត់មិនដែលទៅប៉ះពាល់អ្នក​ណាឡើយ»

ភរិយាសមាជិកបក្សប្រឆាំងរូបនេះឲ្យដឹងថា សមត្ថកិច្ចបាននាំខ្លួន​ ​លោក​ ​គង់​ ​សំអាន​ ​ពីផ្ទះរបស់លោក​ ​ក្នុងស្រុកមេមត់​ ​ខេត្តត្បូង​ឃ្មុំចូល​ក្នុងឡានមួយគ្រឿង​ ​លុះមក​ដល់ផ្លូវបំបែក​ ​នៅចំណុចស្រុកពញាក្រែក​ ​ដែលជាផ្លូវបំបែកទៅភ្នំពេញ និងព្រៃវែង សមត្ថកិច្ចបានប្ដូរឡាន​ ​និងដឹក​ ​លោក​ ​គង់​ ​សំអាន​ ​ទៅបាត់ដោយគ្មានដំណឹងអ្វីទាំង​អស់។

តុលាការខែត្រត្បូងឃ្មុំធ្លាប់បានចោទប្រកាន់​ ​លោក​ ​គង់​ ​សំអាន​ ​ពីបទ​ ​រួមគំនិតក្បត់ និងញុះញង់ កាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែក្រោយមក​ ​លោក​ ​ហ៊ុន​ ​សែន​ ​បានប្រកាសឲ្យតុលាការឈប់ចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដែលរបបលោកចោទថា​ ​រួមគំនិតក្បត់​ ​ជាមួយលោក សម រង្ស៊ី អំពីផែនការវិលចូលស្រុកវិញ កាលពីថ្ងៃទី៩ វិច្ឆិកា។

អ្នក​នាំ​ពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរត្រូវតែបង្ហាញដីកា​ ​ប្រាប់សមាជិកគ្រួសារឲ្យបានដឹងថា​ ​ការចាប់​ ​នាំខ្លួន​ ​លោក​ ​គង់​ ​សំអាន ទៅ​ណាដោយសារមូលហេតុ​​​អ្វី។ លោកបន្ថែមថា​ ​ថ្មីៗនេះអ្នកនយោបាយ​ ​សកម្មជនបរិស្ថានសកម្មសិទ្ធិមនុស្ស​ ​និងអ្នកធ្វើការងាររឿងព្រំដែន​ ​ត្រូវរងការចោទប្រកាន់ក្រោមបទចោទញុះញង់ជាវបន្តបន្ទាប់​ ​ដែលទាំងអស់នេះ​ ​លោកចាត់ទុកថា​ ​គឺជារឿងនយោបាយប៉ុណ្ណោះ៖ «បើយើងនិយាយ​ពិ​នីតិវិធីច្បាប់កាលណាយើងចាប់ខ្លួនជនណាដែលមិនមែនជាបទល្មើសជាក់​ស្ដែង​ ​អាហ្នឹងត្រូវមានដីកាអានឲ្យគេដឹង ហើយជូន​ដំណឹងដល់ក្រុមគ្រួសារគេអំពីវត្តមានរបស់ជនដែលគាត់ត្រូវបានគេចាប់​ខ្លួន។ ការ​ចោទ​ប្រកាន់ទៅ​លើបទញុះញង់អីជាបន្តបន្ទាប់នាពេលថ្មីៗ ហ្នឹង យើងឃើញហើយក្នុងទិដ្ឋភាពទាំងអស់​ហ្នឹង ខាងអង្គការ​សង្គមស៊ីវិលយើងចាត់​ទុក​ថា វាមិនមែនជារឿងខុសច្បាប់អីទេ​ ​រឿងដែលសំខាន់គឺបញ្ហា​នយោបាយទៅវិញទេ»

មន្ត្រីការពារសិទ្ធិ​មនុស្សរូបនេះ​ ​បន្តថា​ ​សង្គមស៊ីវិលមាន​ការស្ដាយ ចំពោះរដ្ឋាភិបាលដែលបន្តធ្វើឲ្យស្ថានភាពនយោបាយកាន់តែអាក្រក់​ ​ហើយលោកអះអាងថា ការ​រិះគន់ការបញ្ចេញមតិរបស់ពលរដ្ឋទៅលើសកម្មភាពមិនល្អរបស់រដ្ឋាភិបាល​ ​គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ​ ​និងគោរពសិទ្ធិមនុស្ស​ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល