លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ជំរុញឱ្យតុលាការរបបក្រុងភ្នំពេញ ងាកមកចោទប្រកាន់រូបលោក វិញជំនួសឱ្យការចោទប្រកាន់ លោក កឹម សុខា ពីបទសន្ទិដ្ឋភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដែលហៅថាក្បត់ជាតិនោះវិញ។
លោក សម រង្ស៊ី លើកឡើងបែបនេះដោយសំអាងថា វីដេអូឃ្លីបលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី ដែលរដ្ឋាភិបាលយកមកធ្វើជាភស្តុតាងចោទប្រកាន់លោកនោះជាហេតុការណ៍កើតឡើងកាលពីឆ្នាំ២០១៣ គឺនៅពេលដែល លោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ពោលគឺលោកជាអ្នកទទួលខុសត្រូវ ដែលមិនគួរចោទប្រកាន់លោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សឡើយ។ លោកថា លោកក៏មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា លោកបានទាក់ទងជាមួយបរទេសជាច្រើនក្នុងកិច្ចការនយោបាយរបស់លោក ដោយរាប់ចាប់តាំងពីលោកបានបង្កើតគណបក្សនយោបាយជាលើកដំបូង៖ «ខ្ញុំសូមឱ្យលោក ហ៊ុន សែន ឯងដែលកំពុងតែស្ដាប់ខ្ញុំយកខ្ញុំទៅកាត់ទោសវិញទៅ ! ទម្លាក់ចោលទៅការចោទប្រកាន់ ឬក៏កាត់ទោសលោក កឹម សុខា មួយអន្លើសិនទៅ ហើយខ្ញុំ និងទៅទីក្រុងភ្នំពេញ បើលោក ហ៊ុន សែន ឯងឈប់ហាមក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកខ្ញុំ បើលោក ហ៊ុន សែន ឯងឈប់ទៅអំពាវនាវ ទៅអង្វររដ្ឋាភិបាលថៃកុំឱ្យខ្ញុំឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាតាមផ្លូវគោក ខ្ញុំនឹងទៅដល់ប្រទេសកម្ពុជាវិញ ហើយខ្ញុំសន្យាថាខ្ញុំអត់មានអំពាវនាវ អត់មានបំផុសបំផុលឱ្យប្រជារាស្រ្តអីបះបោរអីទេ។ ខ្ញុំទៅហ្នឹងទៅត្រឹមតែតុលាការទេ។ ខ្ញុំសុំឱ្យលោក ហ៊ុន សែន ឯងទទួលយកភស្តុតាង ដែលខ្ញុំចោទខ្លួនខ្ញុំថា ខ្ញុំមានទំនាក់ទំនងជាមួយបរទេសច្រើនណាស់។»
លោក សម រង្ស៊ី បានកំណត់ពេលម្ដងរួចហើយថា វិលទៅកម្ពុជា កាលពីថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ២០១៩ ជាមួយក្រុមមន្ត្រី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ប៉ុន្តែគម្រោងនេះនៅមិនទាន់បានជោគជ័យនៅឡើយ ដោយលោកសំអាងថា មានការរារាំងពីគ្រប់ច្រក និងគ្រប់មធ្យោបាយទាំងអស់ពីរបបក្រុងភ្នំពេញមិនឱ្យលោកអាចវិលទៅវិញបាន។ បើទោះជាយ៉ាងណា លោក សម រង្ស៊ី នៅតែអះអាងថា នៅតែប្រកាន់ជំហរវិលទៅកម្ពុជាវិញឱ្យបានតាមគ្រប់មធ្យោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។