មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​កងទ័ព​កុំ​ស្ដាប់​បញ្ជា លោក ទៀ បាញ់

0:00 / 0:00

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ទាំងអស់​កុំ​ស្ដាប់​តាម​បទបញ្ជា​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​បាន​បញ្ជា​ឱ្យ​ពួកគេ​ចាប់ខ្លួន​លោក ហើយ​នាំគ្នា​ក្រោកឈរ​ដើម្បី​រំដោះ​ប្រទេស​ចេញពី​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​តាមរយៈ​ទូរស័ព្ទ​ពី​ប្រទេស​អូស្ត្រាលី​មក​ថា កងទ័ព​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​បែរ​ចុង​កាណុង​ទៅ​រក​មេដឹកនាំ​ផ្ដាច់ការ​គឺ​លោក ហ៊ុន សែន ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «ខ្ញុំ​ជឿ​ថា ពេលនោះ​កងកម្លាំងប្រដាប់អាវុធ​ស្នេហា​ជាតិ​នឹង​បែរ​ចុង​កាណុង​សំដៅ​ទៅ​ពួក​ជន​ផ្ដាច់ការ​ដូចជា លោក ហ៊ុន សែន ហើយ​និង​បក្សពួក​របស់​គាត់​គឺជា​ឱកាស​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នេះ​ជា​ឧកាស​ដែល​ពលរដ្ឋ​ខ្មែរ​នឹង​រើ​បម្រាស់​ពី​នឹម​នៃ​របប​ផ្ដាច់ការ និង​របប​ក្បត់ជាតិ​របស់ ហ៊ុន សែន»។

ការ​អំពាវនាវ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នេះ​បាន​កើតមានឡើង​ក្រោយពី​លោក ទៀ បាញ់ បញ្ជា​ឱ្យ​កងទ័ព​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងអស់​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​វិល​ចូល​មក​ប្រទេស​កម្ពុជា​តាម​ព្រំដែន​គោក នៅ​ដើមខែ វិច្ឆិកា​ខាងមុខ។

លោក ទៀ បាញ់ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា កងទ័ព​មាន​តួនាទី​ការពារ​សុវត្ថិភាព​ដូច្នេះ​លោក​មិន​ឱ្យ​មេដឹកនាំ​លោក សម រង្ស៊ី យក​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​បង្ក​ចលាចល​ជា​ដាច់ខាត។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឱ្យ​កងទ័ព​កម្ពុជា​ដែល​ឈរជើង​តាម​ក្រវាត់​ព្រំដែន​ទាំងអស់​ត្រៀម​ចាប់ខ្លួន​ដាក់​ខ្នោះ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​ចូល​មក​ដល់​ប្រទេស​កម្ពុជា​តាម​ព្រំដែន​គោក៖ « អាហ្នឹង​គឺថា បញ្ជា​មាន​ស្រាប់​ហើយ​គឺ​យក​ទៅ​ដាក់គុក​ទៅ។ ភារកិច្ច​របស់​គេ​ត្រូវ​ធ្វើ​អី​ការពារ​ជាតិ​មាតុភូមិ ការពារ​សណ្ដាប់ធ្នាប់​សន្តិសុខ​របស់​ជាតិ​។​អ្វី​ក៏ដោយ​ឱ្យ​តែ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ អាហ្នឹង​គេ​ដឹង​ភារកិច្ច​របស់​គេ នោះ​គេ​ត្រូវ​ធ្វើ​អី​ហើយ។ មានអី​ក្រៅពី​ហ្នឹង ចាប់​ភ្លាម​ដាក់គុក​ភ្លាម គ្មាន​ទៅ​ទុក​ឱ្យ​បំផ្លិចបំផ្លាញ​ជាតិ ដល់​ណា​ដល់​ណី​ទៀត​ទេ»។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី សូម្បីតែ​មេដឹកនាំ​ក្រុងភ្នំពេញ​គឺ លោក ហ៊ុន សែន ក៏​ធ្លាប់​ចេញ​សារ​ព្រមាន​ឱ្យ​កងទ័ព​បាញ់​គ្រាប់​រ៉ុកកែត​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ឈាន​ជើង​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បញ្ជាក់​ថា សារ​របស់​លោក ទៀ បាញ់ បង្ហាញ​ថា​មិន​ចេះ​ច្បាប់​អ្វី​ទាំងអស់​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ លោក​និយាយ​ថា បើ​ត្រូវ​ចាប់​លោក​សម រង្ស៊ី គឺជា​សមត្ថកិច្ច​របស់​នគរបាល​ជាតិ​មិនមែន​ជា​តួនាទី​របស់​ទាហាន​ទេ។

លោក​បញ្ជាក់​ថា បើ​លោក ទៀ បាញ់ ធ្វើ​ដោយ​មិន​យល់​កិច្ចការ​អ្វី​សោះ​នោះ គឺជា​ការ​បង្ហាញ​ពី​អំណាច​នៃ​មនុស្ស​ខួរ​ប្រហោង​ដែល​ឡើង​កាន់​តួនាទី​ពី​ចំណេះ​ទាប ហើយ​ថែមទាំង​និយាយ​ភាសា​ខ្មែរ​មិន​ទាន់​ច្បាស់​ផង៖ «លោក ទៀ បាញ់ ចង់​ប្រាប់​ថា មនុស្ស​ដែល​លោក​ហ៊ុន សែន ដែល​បាន​ត្រៀម​ទុកជា​យូរ​មក​ហើយ​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បង្ក្រាប​មក​លើ​លោក សម រង្ស៊ី ក្នុង​ឈ្មោះ​កងទ័ព​ជាតិ​ជា​លេស។ ប្រសិនបើ​លោក សម រង្ស៊ី ពិតជា​ប្រថុយ​ចូល​ស្រុក​ដោយ​ពុំ​មាន​ការព្រមព្រៀង​ពី​លោក ហ៊ុន សែន​ទេ។ កម្លាំង​ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ប្រើ​ហ្នឹង​មិនមែន​ជា​កងទ័ព​ជាតិ​ទេ គឺ​គ្រាន់តែ​ជា​ក្រុម​មនុស្ស​ដែល​គ្រាន់តែ​គេ​បំពាក់​ឯកសណ្ឋាន​កងទ័ព​ជាតិ ដើម្បី​ធ្វើ​ឧក្រិដ្ឋកម្ម​នយោបាយ​ក្នុង​ឈ្មោះ​ជាតិ​តែប៉ុណ្ណោះ»។

កន្លងមក​អ្នកវិភាគ​ធ្លាប់​លើកឡើង​ថា វត្តមាន​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា មិនមែន​ជា​ដើមហេតុ​បង្ក​ចលាចល​នៅ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ បើសិនជា របប​ក្រុងភ្នំពេញ​មិន​គោរព​សិទ្ធិមនុស្ស រឹត​ត្បិត​សេរី​ភាពជា​មូលដ្ឋាន និង​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ​ទេ ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​នឹង​របប​ឯកបក្ស បើសិនជា​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​របប​នេះ​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។