លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អំពាវនាវដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេសរក្សាគោលជំហររឹងមាំ ការប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ អ្នកគាំទ្រគណបក្សនេះយល់ថា បើគណបក្សនេះនៅតែស្ថិតក្នុងជំហរ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយដដែលគឺគណបក្សនៅតែរឹងមាំ។
លោក សម រង្ស៊ី លើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋ ដូច្នេះទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រត្រូវប្រកាន់ស្មារតីបង្រួបបង្រួមកម្លាំងស្នេហាជាតិ និងប្រជាធិបតេយ្យដែលមានឧត្ដមគតិដូចគ្នា។ លិខិតចុះថ្ងៃទី២៧ ខែមករា ពីទីក្រុងប៉ារីស ប្រទេសបារាំង លោកថា លោកនៅតែរក្សាទំនាក់ទំនង ជាមួយពលរដ្ឋខ្មែរគ្រប់រូប គ្រប់ក្រុម គ្រប់តំបន់ និងគ្រប់ប្រទេសដែលជាអ្នកស្នេហាជាតិ និងប្រជាធិបតេយ្យដូចគ្នា ហើយដែលគាំទ្រពាក្យស្លោក សម រង្ស៊ី និង កឹម សុខា មនុស្សតែមួយ។ លោកបន្តថា បើអាចធ្វើទៅបានលោកនឹងចូលរួមក្នុងកិច្ចប្រជុំសាធារណៈ ឬឯកជនក្នុងទ្រង់ ទ្រាយតូច ឬធំដែលរៀបចំដោយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះម្នាក់ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា ឱ្យអាស៊ីសេរីដឹងថា ដើម្បីឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា លុះត្រាអ្នកស្នេហាជាតិ ជាពិសេសគឺអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់គោរពតាមការអំពាវនាវរបស់លោក សម រង្ស៊ី។ លោកយល់ថា ការរួមគ្នាជ្រកក្រោមដំបូលនៃគណបក្សសង្គ្រោះជាតិតែមួយ និងការឯកភាពផ្ទៃក្នុងបក្សគឺជាការផ្តល់ក្តីសង្ឃឹមថា នឹងអាចជួយឱ្យប្រទេសកម្ពុជាគេចផុតពីការដឹកនាំបែបផ្ដាច់ការរបស់គណបក្សប្រជាជនកម្ពុជា៖ «ការផ្លាស់ប្ដូររបបផ្ដាច់ការនៅពេលខាងមុខនេះ ទាល់តែយើងអនុវត្តតាមសេចក្តីសម្រេច និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ ហើយយើងផ្តោតលើគោលដៅរបស់យើងតែមួយ គឺផ្លាស់ប្ដូររបបកុម្មុយនិស្ត»។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក ស សុខេម យល់ថា ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅតែផ្ដល់ទំនុកថា គណបក្សសង្គ្រោះជាតិនឹងធ្វើឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា។ លោកស្នើទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកុំវាយប្រហារគ្នាឯង ប្រសិនបើមន្ត្រី ឬសកម្មជនគណបក្សរូបណាបាននិយាយ ឬធ្វើសកម្មភាពខុសឆ្គងដោយអចេតនា។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ ក៏អំពាវនាវដល់លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែធ្វើការរួមគ្នាក្នុងស្មារតី សម រង្ស៊ី កឹម សុខា មនុស្សតែមួយ៖ «សូមឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា នៅតែពួតដៃគ្នាយ៉ាងរឹងមាំកុំឱ្យបែកបាក់ ហើយសូមឱ្យបងប្អូនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់កុំមានចិត្តរវៀតចិត្តល្វើយឱ្យសោះ»។
សារអំពាវនាវរបស់លោក សម រង្ស៊ី ស្នើដល់អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យត្រូវបង្រួបបង្រួមកម្លាំងគ្នានៅពេលនេះ ខណៈគេសង្កេតឃើញថា មានមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនបានទៅបង្កើតគណបក្សនយោបាយថ្មី។
អ្នកវិភាគនយោបាយ លោក កឹម សុខ សង្កេតឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល បើទោះជាកំពុងស្ថិតជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន ក្តី។ លោកយល់ថា សារអំពាវនាវរបស់លោក សម រង្ស៊ី គឺមានសារសំខាន់ក្នុងការធ្វើឱ្យគណបក្សសង្គ្រោះជាតិកាន់តែរឹងមាំ។ លោកយល់ថា ការបង្ហាញកម្លាំងរឹងមាំរបស់គណបក្សប្រឆាំងនៅពេលនេះនឹងធ្វើឱ្យសហគមន៍អន្តរជាតិមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការធ្វើការងារជាមួយដើម្បីទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន វិលមកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៖ «ការអំពាវនាវគឺជារឿងត្រឹមត្រូវពីព្រោះនៅក្នុងនយោបាយខ្សែទឹកចិត្តរាស្ត្រក៏ត្រូវការបែបហ្នឹង នយោបាយជាអន្តរជាតិក៏គេត្រូវការឱ្យកម្លាំងប្រជាធិបតេយ្យធំ និងខ្លាំង»។
លោក សម រង្ស៊ី នៅតែអំពាវនាវដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីពង្រឹងឯកភាពគណបក្សដែលជាលក្ខខណ្ឌចាំបាច់ដើម្បីឱ្យគណបក្សសង្គ្រោះជាតិឈានទៅដឹកនាំប្រទេសនាពេលខាងមុខដ៏ខ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។