មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសមានជំនឿថា លោកនឹងឈ្នះក្ដីលោក ហ៊ុន សែន និងកូនប្រសារបស់លោកនៅតុលាការប្រទេសបារាំងពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍មួយ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី កាលពីជាង ១០ឆ្នាំមុន។ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន និង លោក ឌី វិជ្ជា បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗ ពីគ្នាក្នុងថ្ងៃតែមួយទៅតុលាការប្រទេសបារាំង ដោយចោទប្រកាន់លោក សម រង្ស៊ី ថា មានចេតនា «សងសឹក»។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២០ សីហាថា នេះជាលើកទីមួយដែលលោក នឹងបានតតាំងក្តីជាមួយលោក ហ៊ុន សែន នៅចំពោះមុខតុលាការក្នុងប្រទេសបារាំងដែលជាតុលាការឯករាជ្យដែលខុសពីតុលាការកម្ពុជាដូចមេឃហើយនិងដី។ លោកមានជំនឿថា សំណុំរឿងនេះលោកនឹងអាចយកឈ្នះក្ដីជាក់ជាមិនខាន។
ការលើកឡើងរបស់លោក សម រង្ស៊ី បានធ្វើឡើងក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងកូនប្រសារបស់លោក គឺលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានដាក់បណ្ដឹងក្នុងសំណុំរឿងរដ្ឋប្បវេណីដាច់ដោយឡែកៗពីគ្នាទៅកាន់តុលាការប្រទេសបារាំង កាលពីថ្ងៃទី២០ សីហា ដោយប្ដឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»។
បណ្ដឹងនេះកើតឡើងក្រោយពីលោក សម រង្ស៊ី ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសបានចោទប្រកាន់ថា លោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី អតីតស្នងការនគរបាលជាតិ និងត្រូវជាឪពុកបង្កើតរបស់លោក ឌី វិជ្ជា កាលពីជាង ១០ឆ្នាំមុន។
លោក សម រង្សី ប្រាប់អាស៊ីសេរីថា លោកនឹងពិគ្រោះយោបល់ជាមួយមេធាវីរបស់លោកដើម្បីរកវិធីសាស្ត្រតតាំងក្តីដោយយុត្តិធម៌ជាមួយលោក ហ៊ុន សែន និង លោក ឌី វិជ្ជា នៅតុលាការប្រទេសបារាំង។
លោកបញ្ជាក់ថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា លោក ហ៊ុន សែនពិតជារៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី ប្រាកដមែន៖ «ចំពោះខ្ញុំ គឺជាឱកាសមួយដើម្បីលាតត្រដាងការពិត។ ពេលលោក ហ៊ុន សែន ចេញមកខ្លួនគាត់។ គាត់ឱ្យមេធាវីចេញមកការពារគាត់គឺជាឱកាសមួយដ៏កម្រដែលម្នាក់ៗត្រូវបង្ហាញការពិតថា ខ្លួនមានភស្តុតាងអ្វីៗត្រូវបញ្ចេញមកនៅពេលនោះ ហើយនៅចំពោះមុខតុលាការឯករាជ្យ។ តុលាការឯករាជ្យគេអត់មានកាន់ជើងអ្នកណាទេ ហើយគេអត់ខ្លាចការសម្លុតពីអ្នកណាដែរមិនមែនដូចចៅក្រមក្នុងប្រទេសកម្ពុជាដែរ»។
លោក ហុក ឡងឌី និងជាដន្លងរបស់លោក ហ៊ុន សែន បានស្លាប់កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ របបក្រុងភ្នំពេញបានសន្និដ្ឋានថា លោក ហុក ឡងឌី ស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាមនៅក្នុងភូមិចេក ស្រុករំដួល ខេត្តស្វាយរៀងដោយសាររន្ទះបាញ់។ នៅក្នុងឧបទ្ទវហេតុនោះមានឧត្ដមសេនីយ៍ត្រីម្នាក់ឈ្មោះលោក សុខ សាអែម និងអ្នកបើកបរឧទ្ធម្ភាគចក្រខ្នាតតូចម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី ដោយរៀបចំដាក់គ្រាប់បែកនៅក្នុងឧទ្ធម្ភាគចក្រមួយដែលលោក ហុក ឡងឌី ជិះទៅខេត្តស្វាយរៀង រួចហើយក៏ចុចបញ្ជាឱ្យផ្ទុះខ្ទេចតែម្ដង។ លោក ហុក ឡងឌី មានឋានៈជាអគ្គនាយកនគរបាលជាតិនៅពេលស្លាប់នោះ។
លោក សម រង្ស៊ី បញ្ជាក់ទៀតថា ករណីនេះមិនមែនជាគ្រោះថ្នាក់ទេ គឺជាគម្រោងសម្លាប់បំបិទមាត់របស់លោក ហ៊ុន សែនដោយសារតែលោក ហុក ឡងឌី បានដឹងរឿងឃាតកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាដែលប្រព្រឹត្តិឡើងដោយលោក ហ៊ុន សែន។
អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ដែលត្រូវជាកូនរបស់លោក ហុក ឡងឌី ប្រាប់អាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាមថា លោកមិនមានប្រតិកម្មអ្វីបន្ថែមទៀតទេ តែលោកអនុញ្ញាតឱ្យស្រង់សំដីនៅក្នុងពាក្យបណ្តឹងរបស់លោកដែលបានដាក់ជូនតុលាការប្រទេសបារាំង។
នៅក្នុងពាក្យបណ្តឹងរបស់លោក ឌី វិជ្ជា ទៅកាន់តុលាការបារាំងកាលពីថ្ងៃទី២០ សីហា ដែលលោកផ្ញើមកវិទ្យុអាស៊ីសេរីមួយច្បាប់ បញ្ជាក់ថា លោកមិនអាចទទួលយកការទម្លាក់កំហុសបែបបរិហារកេរ្តិ៍ និងសងសឹកនេះបានទេ។
ការសម្រេចដាក់ពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា នេះបានកើតឡើងក្រោយពេលមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ប្រកាសវិលចូលមកកាន់មាតុប្រទេសវិញដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី៩ ខែ វិច្ឆិកា គឺចំថ្ងៃដែលលោក ហុក ឡងឌី ស្លាប់ដោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្តស្វាយរៀង។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ បញ្ជាក់ថា ការប្ដឹងផ្ដល់រវាងថ្នាក់ដឹកនាំទាំងពីរនេះមិនមានផលចំណេញអ្វីដល់ប្រទេសជាតិទេ តែផ្ទុយទៅវិញបាននាំមកនូវភាពអាម៉ាស់សម្រាប់ប្រទេសជាតិដែលញាំញីដោយបញ្ហាជម្លោះផ្ទៃក្នុង៖ «ការដែលលោក ហ៊ុន សែន និងកូនប្រសារនាំគ្នាប្ដឹងផ្ដល់ទៅកាន់តុលាការប្រទេសបារាំង។ ខ្ញុំមើលឃើញថា មានតែភាពអាម៉ាស់ដល់ប្រទេសកម្ពុជាប៉ុណ្ណោះ។ ពីព្រោះពិភពលោកគេអាចមើលឃើញថា មេដឹកនាំកម្ពុជានាំគ្នាយកតែរឿង កំប៉ិកកំប៉ុក តូចតាចទៅប្ដឹងផ្ដល់គ្នាតាំងពីតុលាការក្នុងស្រុក ដល់ទៅតុលាការនៅប្រទេសបារាំង បរទេសដើម្បីយកឈ្នះ ចាញ់តែរៀងៗខ្លួន ដោយមិនគិតពីផលប៉ះពាល់នៃកិត្តិយសប្រជាជាតិខ្មែរទាំងមូល»។
លោក សម រង្សី ធ្លាប់ឈ្នះក្តីលោក ហោ ណាំ ហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសក្នុងសំណុំរឿងបរិហារកេរ្តិ៍ដូចគ្នានេះដែរនៅក្នុងតុលាការប្រទេសបារាំងក្រោយពីលោក សម រង្ស៊ី បានចោទប្រកាន់ថា លោក ហោ ណាំហុង គឺជាអតីតមេគុកបឹងត្របែករបបខ្មែរក្រហម។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមកដល់ពេលនេះបានជាប់ក្ដីក្ដាំនៅក្នុងតុលាការនៃរបបក្រុងភ្នំពេញជាង ១០ករណីហើយ។ បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍ របស់លោក ហេង សំរិន ថា ជាអ្នកកាត់ទោសសម្ដេចឪ នរោត្តម សីហនុ ថា ក្បត់ជាតិ កាលពីលោក ហេង សំរិន នៅជាប្រធានរដ្ឋ បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុក ពីបរទេស និងបណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី ហើយចុងក្រោយនេះលោក ហ៊ុន សែន និង លោក ឌី វិជ្ជា ប្តឹងពីបទបរិហារកេរ្តិ៍រឿងចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី។
លោក សម រង្ស៊ី មានជំនឿថា បណ្ដឹងចុងក្រោយនេះលោកនឹងឈ្នះក្តីលោក ហ៊ុន សែន និង លោក ឌី វិជ្ជា ដោយសារតែតុលាការនៅក្រៅប្រទេស ខុសពីតុលាការកម្ពុជាដែលត្រួតត្រាដោយរបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។