លោក សម រង្ស៊ី សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ឆ្នាំ​២០២០

ដោយ អាស៊ីសេរី
2020-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បញ្ចេញ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ឆ្នាំ​សកល​២០២០ ដោយ​បួងសួង​សុំ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ចំណែក គូប្រជែង​នយោបាយ​របស់​លោក គឺ​លោក ហ៊ុន សែន វិញ ក៏បាន​ជូនពរ​ពលរដ្ឋ​ខ្មែរ​ដូចគ្នា ប៉ុន្តែ​ភ្ជាប់​នឹង​អត្ថន័យ​ថា មាន​សន្តិភាព គឺ​មាន​អ្វីៗ​ទាំង​អស់។

លោក សម រង្ស៊ី រំពឹង​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ពី​អ្វី​ដែល​អាក្រក់ មក​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​មុន​វិញ។ លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ដោយ​បួងសួង​សុំ​ឱ្យ​ប្រទេស​កម្ពុជា​មាន​លទិ្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ ស្របតាម​ឆន្ទៈ និង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​។ ក្នុង​ន័យ​នេះ លោក​ចង់​ឃើញ​កម្ពុជា​រក្សា​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដើម្បី​ផលប្រយោជន៍​របស់​កម្មករ​រោងចក្រ​រាប់​សែន​នាក់។

ម្យ៉ាងវិញទៀត ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ សង្ឃឹម​ថា ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់បែប​យ៉ាង​កាល​ពី​អតីតកាល នឹង​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ ជា​ពិសេស​ លោក​ចង់​ឃើញ​យុវជន​ខ្មែរ​អាយុ​ក្រោម ៣៥​ឆ្នាំ ឆាប់​មាន​មេដឹកនាំ​ថ្មី​ដែល​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ដូច​អរិយ​ប្រទេស​លើ​ពិភពលោក ដោយ​ផុត​រលត់​ពី​របប​សព្វថ្ងៃ ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ អសីលធម៌ និង​អសមត្ថភាព ដែល​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ចុះ​អន់ថយ និង​ស្ថិត​ក្នុងចំណោម​ប្រទេស​ពុករលួយ​ជាងគេ​លើ​ពិភពលោក។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ក៏​សង្ឃឹម​ដែរ​ថា ក្រុម​មេដឹកនាំ​ខ្មែរ​សព្វថ្ងៃ​ចេះ​ភ្ញាក់​រលឹក កែប្រែ និង​កែ​លម្អ​នយោបាយ​អាក្រក់​របស់​ខ្លួន ដោយ​ចេះ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​កាត់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ខុស​ផ្ទុយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង មេ​ដឹក​បក្ស​កាន់អំណាច​ឯណោះ​វិញ បាន​អះអាង​ថា កម្ពុជា​កំពុង​មាន​សន្តិភាព ហើយ​ពលរដ្ឋ​ខ្មែរ​បាន​រីករាយ​ក្រៃលែង​នឹង​ព្រឹត្តិការណ៍​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១ មករា​ថា ការចូលរួម​អបអរសាទរ និង​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​ទាំង​តូច​ទាំង​ធំ​នេះ អាច​កើតមាន​ទៅ​បាន​ដោយសារតែ​កម្ពុជា​មាន​​សុខ​សន្តិភាព​។ ទន្ទឹម​នឹង​ពាក្យ​ជូនពរ​ពលរដ្ឋ​ខ្មែរ លោក​បាន​សង្កត់ធ្ងន់​ថា គ្មាន​សន្តិភាព គឺ​គ្មាន​អ្វីៗ ​ទាំងអស់​។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការ​ជួបជុំ​ក្រុម​គ្រួសារ​​ដ៏​រីករាយ​របស់​លោក​ផង​ដែរ។

អ្នកឃ្លាំមើល​សង្គម​យល់​ថា សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​មាន​អត្ថន័យ​ជា​ប្រយោជន៍​ជាតិ និង​ស្របតាម​ការ​ចង់​បាន​របស់​ពលរដ្ឋ ប៉ុន្តែ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បង្ហាញ​អំពី​រឿង​ឯកជន និង​ការ​ចង់​រក្សា​អំណាច​របស់​ខ្លួន។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន ពលរដ្ឋ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នោះ​ទេ ដោយសារតែ​ការគាបសង្កត់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​។ ម្យ៉ាងវិញទៀត លោក​ថា កម្ពុជា​ពេលនេះ​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​នោះ​ទេ ពីព្រោះ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​តែមួយ ឬ​ហៅថា​ជា របប​ឯក​បក្ស​។ លោក​ជឿ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​ប្រាថ្នា​ចង់​ឃើញ​ប្រទេសជាតិ​អភិវឌ្ឍ​ទៅមុខ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ ដូច្នេះ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​គួរតែ​បំពេញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ៖ «ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ អ៊ីចឹង​ប្រសិនបើ​អ្នក​នយោបាយ​នៅតែ​មើល​មុខ​គ្នា​មិន​ចំ ឈ្លោះ​គ្នា មាន​គំនុំ​គ្នា នៅ​ពេល​នោះ​សួរ​ថា​តើ​ប្រទេសជាតិ​នឹង​អភិវឌ្ឍ​ទៅមុខ​យ៉ាងម៉េច​? អ៊ីចឹង​ប្រជាជន គឺ​ជួប​តែ​ទុក្ខ​លំបាក​វេទនា​ទេ អ៊ីចឹង​រដ្ឋាភិបាល​គួរតែ​គិត​ឡើងវិញ​។ បើ​រដ្ឋាភិបាល​ស្រឡាញ់​ជាតិ​ពិតប្រាកដ គួរតែ​ដាក់​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ដើម្បី​ផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ»

បន្ថែម​ពីលើ​នេះ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ ស្នើ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ពាក្យ សន្តិភាព ដើម្បី​គ្រាន់តែ​ខែល​ការពារ​អំណាច​របស់​ខ្លួន​។ លោក​បន្ត​ថា ពលរដ្ឋ​គ្រប់រូប ជាពិសេស​អ្នកគាំទ្រ​បក្ស​ប្រឆាំង សុទ្ធតែ​ចង់បាន​សេចក្តី​សុខ​ជួបជុំ​ក្រុម​គ្រួសារ ប៉ុន្តែ​ពួកគាត់​មួយ​ចំនួន​បាន​រង​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​រហូត​ត្រូវ​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​សារ​តែ​​យុទ្ធនាការ​បង្ក្រាប​របស់​អាជ្ញាធរ​។ លោក​សង្កត់ធ្ងន់​ថា ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​បង្កើត​សេចក្តី​សុខ​សម្រាប់​តែ​គ្រួសារ និង​ក្រុម​របស់​លោក​បែប​នេះ​​ឡើយ ប៉ុន្តែ​ត្រូវ​ស្វែងរក​សេចក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា៖ «ប្រជាជន​ខ្មែរ មិន​ថា និន្នាការ​ប្រឆាំង ឬក៏​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ទេ គឺ​ចង់បាន​សេចក្ដី​សុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដូចគ្នា អ៊ីចឹង​ហើយ​ឆ្នាំ​ថ្មី​នេះ សង្ឃឹមថា រដ្ឋាភិបាល​នឹង​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើងវិញ គោរព​លទ្ធិប្រជាធិបតេយ្យ ហើយ​ជាពិសេស​គឺ​ផ្ដល់​នូវ​អ្វី​ដែល​សហភាព​អឺរ៉ុប​កំពុងតែ​ទាមទារ ដើម្បី​ស្រោចស្រង់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហ្នឹងឯង»

កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​គ្រោះកាច​ដែល​អាច​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​រាប់​សែន​នាក់​អត់​ការងារ​ធ្វើ នោះ​គឺ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា តើ​ត្រូវ​ដកហូត ឬ​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ នៅ​ក្នុង​ខែ​កុម្ភៈ​ខាងមុខ បន្ទាប់ពី​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ ប្រសិនបើ​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ EBA មែន​នោះ​ រោងចក្រ​កាត់ដេរ​ជាច្រើន​អាច​នឹង​ត្រូវ​បិទទ្វារ ហើយ​កម្មករ​រាប់​សែន​នាក់ ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគាត់​រាប់​លាន​នាក់​ទៀត នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទណ្ឌកម្ម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល