លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​គំរូ​អាក្រក់​នៅ​ក្នុង​តំបន់

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា រដ្ឋាភិបាល​ខុសច្បាប់​របស់​លោក ហ៊ុន សែន អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដោយសារតែ​ការដឹកនាំ​របស់​លោក​បាន​ធ្វើបាប​ពលរដ្ឋ ហើយ​គិតតែ​អំពី​អំណាច និង​ក្រុម​បក្ខពួក​ខ្លួន មិន​ខ្វល់​អំពី​ផល​ប៉ះពាល់​ដល់​ប្រទេសជាតិ​នោះ។

លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​១១ ធ្នូ​ថា លោក​មិន​យក​អធិបតេយ្យ​ជាតិ ទៅ​ដោះដូរ ជំនួយ​ឬ ចង់បាន​អនុគ្រោះ​ពន្ធ​នោះ​ឡើយ​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន​នេះ គ្រាន់តែ​ជា​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន ដើម្បី​អាច​បន្ត​អំណាច​ទៅ​មុខ​ទៀត​បាន​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​គំរូ​អាក្រក់ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាក់មុខ ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា​មិន​គួរ​មាន​មេដឹកនាំ​អាក្រក់​ដូច​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​បាក់​មុខមាត់​នោះ​ឡើយ ទោះបីជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី សង្កត់ធ្ងន់​ថា លោក ហ៊ុន សែន នឹង​មិន​គេច​ផុត​ពី​ទណ្ឌកម្ម​នានា​ពី​អន្តរជាតិ ចំពោះ​ទង្វើ​ដែល​លោក​ដឹកនាំ​ប្រទេស​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ឡើយ​៖ «សូម​អំពាវនាវ​ម្ដងទៀត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​កម្លាំង​គ្នា​ប្រឆាំង​ផ្ដួល​រលំ​របប​លោក ហ៊ុន សែន មិន​ត្រូវ​ការពារ​ជន​ក្បត់ជាតិ​នេះ​ទេ»។

នៅ​ថ្ងៃ​ទី​១២ ធ្នូ ដែល​ជា​ថ្ងៃ​ឱសានវាទ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​នោះ លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​១១ ធ្នូ​ថា លោក​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ​៖ «ខ្ញុំ​​ធ្លាប់​​និយាយ​​ហើយ ខ្ញុំ​​អត់​​ឱន​​ក្បាល​​ដាក់​​បរទេស ឬ​ទទួល​បាន​ការ​អនុគ្រោះ​ណាមួយ​ទេ គឺ​អត់»។

ទោះបីជា​លោក ហ៊ុន សែន​ថ្លែង​ដូចនេះ​មែន ប៉ុន្តែ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​ការបរទេស​កម្ពុជា​នឹង​ឆ្លើយតប​ទៅ​នឹង​គណៈកម្មការ​អឺរ៉ុប​ឱ្យ​បាន​ត្រឹម​នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ។

ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ធន សារាយ លើកឡើង​ថា រដ្ឋាភិបាល​មិន​ចង់​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ឡើងវិញ​ទេ ពីព្រោះ​ថា បើកាលណា​លោក​ដឹកនាំ​ប្រទេស​ងាក​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ល្អ​នោះ គឺ​លោក​ខ្លាច​បាត់បង់​អំណាច​ទៅវិញ​ទេ មិនមែន ជា​ការ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ ដូច​ដែល​លោក ហ៊ុន សែន​លើកឡើង​ឡើយ​៖ «មិនមែន​អ៊ីចឹង​ទេ ការ​គោរព​សិទ្ធិមនុស្ស​គឺជា​ការ​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​ជាមួយ​អន្តរជាតិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​​ផង និង​​ច្បាប់​អន្តរជាតិ​ផង»។

លោក សម រង្ស៊ី អះអាង​ថា បើសិនជា​លោក ហ៊ុន សែន នៅតែ​មិន​គិតគូរ​ពី​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​នោះ របប​របស់​លោក​នឹង​រង​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាងមុខ ហើយ​វិបត្តិ​ផ្ទៃក្នុង​ក៏​នឹង​ផ្ទុះឡើង​ដែរ គឺ​នៅ​ពេល​នោះ ប្រជាពលរដ្ឋ​នឹង​ងើប​ឡើង តវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។