លោក សម រង្ស៊ី បន្តអំពាវនាវដល់កងកម្លាំងកុំធ្វើតាមមេដឹកនាំផ្ដាច់ការបញ្ជាបាញ់ពលរដ្ឋ
2019.03.30

ចចលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ថា លោកបន្តអំពាវនាវខ្លាំងឡើងៗ និងជាញឹកញាប់ ទៅកងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំឱ្យធ្វើតាមបញ្ជាពីមេដឹកនាំណា ដែលផ្ដាច់ការ បើមេដឹកនាំនោះ បញ្ជាឱ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
លោក សម រង្ស៊ី បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ពីពេលនេះទៅ លោកសូមបន្ថែមការអំពាវនាវមួយទៀត គឺសូមជនរួមជាតិម្នាក់ៗ ដែលមានកាំភ្លើងមួយដើមក្នុងដៃ ត្រៀមខ្លួនឈប់ស្ដាប់បញ្ជា លោក ហ៊ុន សែន មេដឹកនាំរបបឯកបក្ស ហើយរក្សាកាំភ្លើងរៀងៗ ខ្លួន ដើម្បីការពារខ្លួន និងការពារប្រជាពលរដ្ឋ ដែលមានសាច់ឈាមជាខ្មែរដូចគ្នា។
ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឡើង ក្រោយពេលលោកអះអាងថា លោកបានទទួលដំណឹងថា តុលាការរបបក្រុងភ្នំពេញ បានកោះហៅឱ្យទៅបង្ហាញមុខ នៅថ្ងៃទី២២ ខែមេសា ពីបទចោទប្រកាន់ ញុះញង់កុំឱ្យយោធិន ស្ដាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ តែលោកថាមិនខ្វល់ពីការកោះហៅទេ ដោយហៅតុលាការនៃរបបឯកបក្សថា ជាតុលាការអាយ៉ង។ តែលោកមិនបានបញ្ជាក់ថា តុលាការថ្នាក់ណាកោះហៅលោកទេ។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បាននៅឡើយទេ នៅថ្ងៃទី៣០ មីនា ដោយសារមិនទទួលទូរស័ព្ទ។
លោក សម រង្ស៊ី អះអាងថា ការបង្គាប់ឱ្យពលរដ្ឋរក្សាអាវុធ ដើម្បីការពារដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋរៀងៗខ្លួន ព្រោះ ពេលអាជ្ញាធរមករឹបអូសដីធ្លី និង ផ្ទះសម្បែងរបស់ពលរដ្ឋ នឹងមានការបាញ់ប្រហារមកលើពលរដ្ឋ។ មេដឹកនាំបក្សប្រឆាំងរូបនេះ យល់ថា បើពលរដ្ឋគ្មានទោស មិនព្រមការពារខ្លួនទេ នៅពេលជនសាហាវ ឬក្រុមសាហាវណាមួយ មករំលោភបំពានពលរដ្ឋ នឹងរងគ្រោះដល់ស្លាប់។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី កំពុងរងបណ្ដឹង ពីលោក ហ៊ុន សែន ក្រុមមេយោធា មន្ត្រីជាន់ខ្ពស់របបឯកបក្ស នៅតុលាការកម្ពុជាជាង ១០បណ្ដឹង សុទ្ធតែពាក់ព័ន្ធនឹងរឿងនយោបាយ៕