លោក សម រង្ស៊ី បន្ត​ទៅ​នូវែលហ្សេឡង់​បញ្ជាក់​ជំហរ​ពី​ការ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​នូវែលហ្សេឡង់ (New Zealand) ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​បក្ស​នេះ បាន​សម្របសម្រួល​ដើម្បី​ឱ្យ​ការ​បំពេញ​បេសកកម្ម​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​នេះ​ជួប​សមាជិក​សភា និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​ដែល​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​លេខ​រៀង​ទី​៤ បន្ទាប់ពី​ប្រធានាធិបតី ដើម្បី​ជជែក​ពី​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ។

តាម​គម្រោង​នៅ​យប់​ទី​២១ ខែ​សីហា នេះ លោក សម រង្ស៊ី នឹង​ទៅដល់​ប្រទេស​នូវែលហ្សេឡង់ ដើម្បី​ស្វែង​ការ​រក​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ និង​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ។ លោក សម រង្ស៊ី មក​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​ប្រទេស​នេះ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ដែល​អ្នក​រៀបចំ​អះអាង​ថា នឹង​មាន​អ្នកគាំទ្រ​រាប់​រយ​នាក់​រង់ចាំ​ស្វាគមន៍។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង លី ឱ្យ​អាស៊ីសេរី​ដឹង​ថា សមាជិកសភា​លោក ម៉ៃឃើល វូដ (Michael Wood) និង​រដ្ឋមន្ត្រី​ក្រសួង​នគរូបនីយកម្ម អ្នកស្រី​បណ្ឌិត មេហ្គេន វូដ (Megan Wood) រីករាយ​ស្វាគមន៍ និង​ជួប​ជជែក​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ មកដល់​ប្រទេស​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស ណូវែល ហ្សេឡង់ មាន​ទំនាក់​ល្អជា​ក្រុម​លោក ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ពួកគេ​នៅ​ជា​គណបក្ស​ប្រឆាំង​មក​ម្ល៉េះ៖ «គណបក្ស​ពលករ​ដែល​ដឹកនាំ​រដ្ឋាភិបាល​គេ​គាំទ្រ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​របស់​ប្រជាជន ហើយ​សារ​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រង់​នេះ​ហើយ​ដែល​ជា​កត្តា​សំខាន់​ដែល​គណបក្ស​នៅ​នូវែលហ្សេឡង់​គាំទ្រ​យើង»។

លោក ម៉េង លី ឱ្យ​ដឹង​ទៀត​ថា លោក សម រង្ស៊ី នឹង​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទីក្រុង​ពីរ​ផ្សេងៗ​គ្នា ដែល​មាន​អ្នកគាំទ្រ​រង់ចាំ​ស្វាគមន៍​ចន្លោះ​ពី​២០០​នាក់ និង​៣០០​នាក់។ លោក​ថា ជំហរ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ណូវែលហ្សេឡង់ គាំទ្រ​ការ​ធ្វើ​មាតុភូមិ​វិវត្តន៍ របស់​លោក សម រង្ស៊ី ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ​ស្ម័គ្រចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា​វិញ៖ «ប្រជាជន​នៅ​ណូវែលហ្សេឡង់ គាត់​តែងតែ​មាន​ក្តី​សង្ឃឹម​នៅ​ពេល​ឃើញ​លោក សម រង្ស៊ី គាត់​មក​បន្ត​ជា​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ហើយ​យើង​មាន​សេចក្ដី​សប្បាយចិត្ត​ដែល​គាត់​មក​ទទួល​យក​តួនាទី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ»។

មុន​ពេល​លោក លោក សម រង្ស៊ី មក​ដល់​ប្រទេស​នូវែលហ្សេឡង់ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ជួប​អ្នកគាំទ្រ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ប្រទេស​អូស្ត្រាលី​ដែល​ជាប់​ព្រំដែន​នឹង​ប្រទេស​នូវែលហ្សេឡង់។ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អូស្ត្រាលី​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​អះ អាង​ថា គាំទ្រ​ការ​វិល​ចូល ស្រុក​របស់​លោក សម រង្ស៊ី ថែម​សន្យា​ធ្វើជា​សាក្សី និង​តាមដាន​ព្រឹត្តិការណ៍​នេះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​អម​ដំណើរ​លោក សម រង្ស៊ី ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ ឱ្យ​ដឹង​ថា លោក សម រង្ស៊ី នឹង​លើកឡើង​ពី​វិបត្តិ​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រាប់​ទៅ​សមាជិកសភា និង​រដ្ឋមន្ត្រី​ប្រទេស​នូវែលហ្សេឡង់ ឱ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​។ លោក​ថា សារសំខាន់​មួយទៀត គឺ​លោក សម រង្ស៊ី នឹង​បញ្ជាក់​ជំហរ​របស់​ខ្លួន​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «យើង​ត្រូវតែ​ជម្រាប​គេ​ឱ្យ​ដឹង​អំពី​ផែនការ​សកម្មភាព​នយោបាយ​របស់​យើង​ជាពិសេស​ជុំវិញ​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ប្រធាន​ស្តីទី សម រង្ស៊ី ឱ្យ​គេ​បាន​ដឹង ឱ្យ​គេ​ឃ្លាំមើល»។

ក្រុម​អ្នកវិភាគ​យល់ថា លោក សម រង្ស៊ី កំពុង​ស្វែង​ការ​​​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​សហគមន៍​អន្តរជាតិ ហើយក៏​កំពុង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា ការ​វិល​ចូល​ស្រុក​របស់​លោក​ដើម្បី​យក​ប្រទេស​កម្ពុជា ពី​មេដឹកនាំ​ផ្ដាច់ការ ហ៊ុន សែន មកវិញ​។ លោក សម រង្ស៊ី ធ្លាប់​សន្យា​ថា វិល​ចូល​កម្ពុជា​ជា​ញឹកញយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ឡើយ រហូត​មក​ទល់​ពេលនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។