អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច (Funcinpec) ដែលធ្លាប់ត្រូវបានសមាជិកនៅក្នុងបក្សធ្វើបក្សប្រហារទម្លាក់ព្រះអង្គចេញពីតំណែងកាលពីជាង ៨ឆ្នាំមុន មានបន្ទូលថា ការវិលចូលឆាកនយោបាយឡើងវិញរបស់ព្រះអង្គនេះ គឺពុំមែនចូលមកដើម្បីបំបែកសំឡេងគណបក្សនយោបាយណាមួយទេ។
សារនយោបាយរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅពេលនេះ គឺធ្វើឡើងនៅពីបន្ទាប់មានការចោទប្រកាន់ដោយប្រធានគណបក្ស សម រង្ស៊ី ថា វត្តមានរបស់ព្រះអង្គនេះ ជាប្រផ្នូលមិនល្អសម្រាប់ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ។
មានបន្ទូលប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងឧទ្យានបុរីទន្លេបាសាក់ ទល់មុខក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៥ មករា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ចាត់ទុកសារនយោបាយរបស់លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថា គឺជាចេតនាយល់ខុសពីអ្វីដែលព្រះអង្គសម្រេចយាងចូលឆាកនយោបាយឡើងវិញនៅពេលនេះ។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលត្រូវបានមជ្ឈដ្ឋាននានាកត់សំគាល់ថា ជាអ្នកនយោបាយចិត្តមិនសឿង និងមានព្រះទ័យភ្លឹបភ្លែតដូចផ្លេកបន្ទោរ មានបន្ទូលនៅចំពោះអ្នកកាសែតថា លោក គង់ គាំ កំពុងតែយល់ច្រឡំចំពោះវត្តមានរបស់ព្រះអង្គលើកនេះ។ ព្រះអង្គមានបន្ទូលបន្តថា លោក គង់ គាំ គួរកុំព្រួយបារម្ភជ្រុលពេកពីការវិលចូលឆាកនយោបាយនៅរបស់ព្រះអង្គនៅពេលនេះ គឺពុំមានអ្វីក្រៅពីប្រមូលអ្នករាជានិយម និងសីហនុនិយមឡើងវិញប៉ុណ្ណោះទេ៖ «ខ្ញុំអត់មានចង់ប៉ះពាល់។ ខ្ញុំគ្មានចង់បំបែកសំឡេងអ្នកណាទេ។ កុំថាខ្ញុំចង់ទៅបំបែកបំបាក់ណា! សូមផ្ដាំទៅឯកឧត្ដម គង់ គាំ ផង»។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបដិសេធទៅនឹងសំណួរជាច្រើនដែលលើកឡើងថា ព្រះអង្គវិលចូលនយោបាយឡើងវិញនេះ គឺដោយមានការជ្រោមជ្រែង និងគាំទ្រថវិកាដ៏រឹងមាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះជាព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថា ពុំមានជាប់ពាក់ព័ន្ធណាមួយនឹងលោកនាយករដ្ឋមន្រ្តីក្តី ក៏ព្រះអង្គមានបន្ទូលថា ជន្ទល់និរន្តរភាពនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញពីពេលនេះទៅ គឺមានតែគណបក្សនយោបាយ ២ប៉ុណ្ណោះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងរឿងដែលថា ប្រធានគណបក្ស សម រង្ស៊ី ចេះតែថ្លែងសារនយោបាយ ព្រោះតែការព្រួយបារម្ភនោះ។ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បដិសេធថា លោកពុំបានថ្លែងសារនយោបាយដោយបង្ហាញពីការព្រួយបារម្ភរបស់លោកម្ដងណាឡើយចំពោះវត្តមានជាថ្មីទៀតរបស់សម្ដេចក្រុមព្រះនៅពេលនេះ។ លោកយល់ឃើញថា ការវិលចូលនយោបាយឡើងវិញរបស់ព្រះអង្គនេះ គឺទំនងមើលទៅហាក់មានសង្ឃឹមតិចតួចប៉ុណ្ណោះ ដោយសារការផ្សំផ្គុំរវាងព្រះអង្គ និងលោក ញឹក ប៊ុនឆៃ ដោយលោក ហ៊ុន សែន កាលពីឆ្នាំ២០១២ បានបង្ហាញថា បរាជ័យរួចទៅហើយ៖ «ខ្ញុំមិនបានសំដែងនូវការព្រួយបារម្ភសោះទេ ដូចដែលខ្ញុំបានជម្រាបខាងលើអម្បាញ់មិញ គឺថាការនេះធ្លាប់បានប៉ុនប៉ងមុនការបោះឆ្នោតឆ្នាំ២០១៣ រួចទៅហើយ»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ លោក រស់ រ៉ាវុធ យល់ឃើញថា ការហក់ចូលនយោបាយរបស់សម្ដេចក្រុមព្រះនៅពេលនេះ លោកមើលពុំឃើញថាវត្តមានរបស់ព្រះអង្គគឺជាសញ្ញានៃការគំរាមកំហែងសំឡេងគណបក្សនយោបាយណាមួយឡើយ។
លោកបន្តថា ព្រោះព្រះអង្គត្រូវបានគេស្គាល់ជាទូទៅហើយថា ជាអ្នកនយោបាយដែលមានគោលជំហរមិនរឹងមាំ ហើយងាយបោះបង់អ្នកតស៊ូចោលថែមទៀត។ ហេតុនេះពិបាកណាស់ក្នុងការកៀរគររកសំឡេងគាំទ្រនៅពេលខាងមុខនេះ ពោលគឺព្រះអង្គត្រូវតស៊ូអត់ធ្មត់នឹងព្យុះភ្លៀងសម្បើមណាស់ ដើម្បីទៅដល់គោលដៅ៖ «វត្តមានសម្ដេចក្រុមព្រះគ្មានអ្វីដែលធ្វើឲ្យប្លែកសម្រាប់នយោបាយនៅកម្ពុជាទេ»។
សម្រេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះអង្គធ្លាប់ទទួលបរាជ័យក្នុងជីវិតនយោបាយជាច្រើនលើកមកហើយ។ ព្រះអង្គធ្លាប់បាត់បង់តំណែងជានាយករដ្ឋមន្ត្រីទីមួយជាលើកដំបូងរបស់ព្រះអង្គ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ធ្លាប់ជាប្រធានរដ្ឋសភា និងចុងក្រោយព្រះអង្គត្រូវបាត់បង់កៅអីម្ដងទៀត ពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ២០០៦ មុននឹងបានមកវិញនៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
