ភរិយារបស់ជនជាប់ឃុំកំពុងខ្វល់ខ្វាយអំពីសុវត្ថិភាពរបស់ស្វាមី បន្ទាប់ពីសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២នាក់បញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ។ សាច់ញាតិអះអាងថា រហូតមកទល់ពេលនេះពួកគាត់មិនទាន់មានមេធាវីការពារក្ដីនៅឡើយ ខណៈដែលសុខភាពរបស់ស្វាមីកាន់តែទ្រុឌទ្រោមនោះ។
ប្រពន្ធសកម្មជនបក្សប្រឆាំងស្រុកវាលវែង អ្នកស្រី ប៉ែន សាវ៉ន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ ឧសភាថា ប៉ូលិសស្រុកវាលវែងជាច្រើននាក់បានចាប់ស្វាមីរបស់អ្នកស្រី គឺលោក ចាន់ សុផល ខណៈធ្វើដំណើរទៅខ្ចីបំពង់បាញ់ថ្នាំសម្លាប់សត្វល្អិតពីប្រជាពលរដ្ឋនៅភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង កាលពីព្រឹកថ្ងៃទី២៨ ឧសភា។ អ្នកស្រីបន្តថា សមត្ថកិច្ចបានចោទប្រកាន់ប្ដីរបស់អ្នកស្រីថា កាប់បំផ្លាញព្រៃឈើខុសច្បាប់ ប៉ុន្តែអ្នកស្រីថា ប្ដីរបស់ខ្លួនមិនបានទៅកាប់ទន្ទ្រានព្រៃឈើដូចការចោទប្រកាន់នោះទេ។អ្នកស្រីបញ្ជាក់ទៀតថា ការចាប់ខ្លួននេះ ដោយសារប្ដីរបស់ខ្លួនជាសកម្មជនគណបក្សសង្គ្រោះជាតិស្រុកវាលវែង ដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធររបបក្រុងភ្នំពេញ៖ «គាត់ថាពីណាគេចាប់ដីបានប៉ុន្មានក៏បានទៅ គាត់មិនទៅទេគាត់ខ្លាចប៉ះពាល់ ហើយខ្ញុំទៅសួរប៉ូលិសថាតុលាការចោទថាគាត់ទន្ទ្រានព្រៃ ហើយយើងអត់មានដីដាំដុះផង ជួលដីគេធ្វើចំការ ដោយជួលគេជិត២ហិកតារអស់១លាន២០ម៉ឺន ហើយម្ចាស់ដីគេអោយយើងធ្វើផ្ទះនៅនឹងដីនោះ។វាចាប់នេះដើម្បីរឿងនយោបាយនឹងមិនមានចាប់រឿងអីផ្សេងទេ តែខ្ញុំមកនឹងគេមិនអោយជួបទេ គេ៣ថ្ងៃទៀតបានគេអោយជួប » ។
អ្នកស្រីបន្តថា មន្ត្រីគណបក្ស សង្គ្រោះជាតិ ២នាក់ដែលសមត្ថកិច្ចចាប់ រួមមាន លោក ចាន់ សុផល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលព្រឹកថ្ងៃទី២៨ ឧសភា និងម្នាក់ទៀតជាអនុប្រធានគណបក្ស សង្គ្រោះជាតិ ស្រុកវាលវែង គឺលោក ទួន សំអាត ត្រូវបានចាប់ខ្លួននៅម៉ោង ៦រសៀលក្នុងថ្ងៃតែមួយ។ អ្នកស្រីបន្ថែមថា ប៉ូលិសបានបញ្ជូនអ្នកទាំង២ ទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ហើយនៅពីរសៀលថ្ងៃទី២៨ឧសភា ហើយរហូតមកទល់ថ្ងៃទី២៩ឧសភា ពួកគាត់មិនទាន់មានមេធាវីការពារក្ដីជូនពួកគាត់នៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន និងលោក ឡុង ស៊ីថា ដើម្បីសុំអត្ថាធិប្បាយជុំវិញការចាប់ខ្លួននេះបានទេនៅថ្ងៃទី២៩ ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ចំណែកអធិការនគរបាលស្រុកវាលវែងលោក ធាង ឡេង ក៏មិនអាចសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានដែរ ដោយលោកទទួលទូរស័ព្ទហើយប្រាប់អាស៊ីសេរីថាស្ដាប់មិនច្បាស់៖ «ស្ដាប់អត់បានទេបងអើយ ! អត់ច្បាស់ទេ » ។
ចំណែកមន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក កែម គីមស៊្រន់ មានប្រសាសន៍ថា អ្នកទាំង២ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទរុករានព្រៃយកដីធ្វើជាការកម្មសិទ្ធិផ្ទាល់ខ្លួនខុសច្បាប់។ ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលរូបនេះអះអាងថា លោកមិនទាន់បានចុះស៊ើបអង្កេតលើបញ្ហានេះឱ្យបានជាក់លាក់នៅឡើយទេ ប៉ុន្តែលោកយល់ថា ការចាប់ខ្លួននេះ អាចដោយសារកាលពីថ្មីៗ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានម្ដងរួចមកហើយ ដោយឱ្យសមត្ថកិច្ចតាមឃ្លាំមើលសកម្មជនបក្សប្រឆាំងម្នាក់នៅក្នុងស្រុកវាលវែង ដែលបានដើរធ្វើសកម្មភាពនយោបាយនៅតាមព្រំដែននោះ។ លោកបន្តថា ប្រសិនបើជាការចាប់ខ្លួននេះ ដោយសាររឿងនយោបាយ គឺជាការគំរាមកំហែងដល់សកម្មជនបក្សប្រឆាំង ដោយមិនផ្ដល់ផលចំណេញដល់របបដឹកនាំសព្វថ្ងៃនោះទេ ផ្ទុយទៅវិញវាកាន់តែដាក់បន្ទុកដល់រដ្ឋាភិបាលបន្ថែមទៀត៖ «យើងឃើញថាតាំងពីសម្ដេចមានប្រសាសន៍មក គឺពួកគាត់ដូចមិនមានសកម្មភាពអីទេ យើងអាចថាមកពីពួកគាត់ខ្លាចក៏បានដែរ ដោយសារតែសម្ដេចលើកឡើងថា ប៉ះពាល់ដល់ពួកគាត់អ៊ីចឹង។ ដូច្នេះយើងឃើញថាមួយរយៈនេះ សកម្មជនគណបក្សប្រឆាំងនៅខេត្តពោធិ៍សាត់ទាំងអស់ យើងអត់ឃើញព័ត៌មានអីលេចធ្លោ ឬមានការចែករំលែកព័ត៌មានថា ពួកគាត់ទៅចូលរួមធ្វើកម្មវិធីអីមួយ គឺអត់មានទេ » ។
អ្នកស្រី ប៉ែន សាវ៉ន ទទូចដល់របបក្រុងភ្នំពេញដោះលែងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់ ព្រោះព្រួយបារម្ភខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញបណ្ដាលឱ្យស្លាប់ប្ដីក្នុងពន្ធនាគារដូចសកម្មជនបក្សសង្គ្រោះជាតិម្នាក់ ដែលបានស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីពេលថ្មីនេះ។ អ្នកស្រីបន្តថា លោក ចាន់ សុផល មានជំងឺប្រចាំកាយច្រើនយ៉ាង ដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើមិនមានថ្នាំព្យាបាលជំងឺបានទាន់ពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។