អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបពិភាក្សាអំពីកិច្ចការមួយចំនួនជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅឯទីស្នាក់ការគណបក្សនៅព្រឹកថ្ងៃទី១២ តុលា។ នៅក្នុងជំនួបនោះ អ្នកស្រីលើកឡើងថា អ្នកស្រីចង់ឲ្យការអនុវត្តច្បាប់នៅកម្ពុជា ប្រកបដោយភាពត្រឹមត្រូវ និងស្មើភាពគ្នា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសួរនាំលោក កឹម សុខា អំពីរឿងប្ដឹងផ្ដល់ប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះកំពុងជាប់ពន្ធនាគារ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា ក្រៅពីរឿងបណ្ដឹងប្រឆាំងលោក កឹម សុខា និងសកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់ដឹងពីសុខទុក្ខរបស់លោក កឹម សុខា ដែលកំពុងឃុំខ្លួនឯងនៅទីស្នាក់ការគណបក្ស ការងារតំណាងរាស្ត្របក្សប្រឆាំងនៅរដ្ឋសភា និងជំហររបស់គណបក្សសង្គ្រោះជាតិ អំពីជនជាតិភាគតិចនៅកម្ពុជា ដូចជាជនអន្តោប្រវេសន៍វៀតណាម ជាដើម៖ «ឯកឧត្ដមប្រធានស្ដីទីលោកបានបញ្ជាក់ច្បាស់អំពីជំហរហ្នឹង យើងមិនគិតថា ជនជាតិវៀតណាម ឬជនជាតិណាទេ យើងនិយាយជាទូទៅសម្រាប់ជនជាតិដែលអត់មានទឹកដី។ ពេលយើងដឹកនាំប្រទេស យើងនឹងមានគោលជំហរច្បាស់លាស់ គឺអនុវត្តច្បាប់ ដើម្បីធានាឲ្យប្រជាជាតិទាំងអស់ដែលរស់នៅកម្ពុជា មានភាពស្របច្បាប់»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ផ្ដល់បទសម្ភាសន៍យ៉ាងខ្លីក្រោយពីជំនួបនោះថា អ្នកស្រីចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជា ស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៖ « ខ្ញុំគិតថាមានរឿងជាច្រើនត្រូវពិភាក្សា ដើម្បីឲ្យប្រាកដថា រដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ត្រូវរដ្ឋាភិបាលយកមកអនុវត្តឲ្យបានត្រឹមត្រូវ និងស្មើភាពគ្នា សម្រាប់ពលរដ្ឋគ្រប់រូប»។
ក្រៅពីនេះទៀត លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សប្រឆាំងស្នើឲ្យអ្នកស្រី រ៉ូណា ស្មីត ជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យប្រសើរឡើង និងទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាឲ្យការបោះឆ្នោតនៅពេលខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចវិញ លោកមិនទាន់ដឹងថា តើអ្នកស្រី រ៉ូណា ស្មីត នឹងជួបមេដឹកនាំគណបក្សលោកក្នុងនាមរដ្ឋាភិបាល ឬក្នុងនាមគណបក្សនោះទេ។ លោក សុខ ឥសាន បន្ថែមថា បច្ចុប្បន្នគ្មានស្ថានភាពនយោបាយមិនប្រក្រតីអ្វីទេ ហើយក៏នឹងមិនប៉ះពាល់អ្វីដល់ដំណើរការបោះឆ្នោតដែរ។ លោកបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតកន្លងទៅនេះរលូនល្អ គ្មានរាំងស្ទះទេ។ ចំពោះរឿងបណ្ដឹងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ វិញ មិនមែនជារឿងនយោបាយទេ។ លោកថា បញ្ហាទាំងនោះមកពីបុគ្គលបក្សប្រឆាំងនីមួយៗ៖ «រឿងនេះមិនមែននរណាបង្កើតឲ្យគាត់ទេ គឺរឿងល្មើសច្បាប់របស់សាមីជនម្នាក់ៗដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ សរុបមកវាគ្មានបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលទៅគាបសង្កត់គាត់ទេ»។
ទោះបីជាបែបនេះក្ដី អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា គណបក្សទាំងពីរត្រូវតែវិលមកតុចរចា និងប្រើប្រាស់វប្បធម៌សន្ទនាដែលមានស្រាប់។ គណបក្សជាប់ឆ្នោតទាំងពីរធ្លាប់បានប្រើប្រាស់វប្បធម៌សន្ទនានេះបានជោគជ័យកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ហើយក៏មានការសម្របសម្រួលផ្នែកនយោបាយដោះលែងតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពវិញដែរ។
មកទល់ពេលនេះ មេដឹកនាំគណបក្សប្រឆាំង រួមទាំងសកម្មជនផង កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ២០រូប ក្នុងនោះចំនួន ១៧នាក់កំពុងជាប់ពន្ធនាគារ រីឯបីរូបទៀតមានលោក កឹម សុខា កំពុងឃុំឃាំងខ្លួនឯងនៅទីស្នាក់ការបក្ស លោក សម រង្ស៊ី ប្រធានគណបក្ស និងសមាជិកព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី និរទេសខ្លួនទៅក្រៅប្រទេស៕
វីដេអូ៖ អ្នកស្រី រ៉ូណា ស្មីត ចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជាស្មើភាពគ្
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
