អតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប និងជាសកម្មជនសិទ្ធិការងារ លោក រ៉ុង ឈុន អះអាងថា លោកចង់ប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ សម្ដែងមតិរឿង EBA និងចំណាត់ការផ្លូវច្បាប់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱ្យបានកាន់តែឆាប់កាន់តែល្អ។ មន្ត្រីសិទ្ធិមនុស្សថា ការជួបប្រជុំដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
សហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនទាន់កំណត់ពេលប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ដើម្បីសម្ដែងមតិរឿង EBA និងវិបត្តិនយោបាយនៅកម្ពុជានោះ នៅឡើយទេ បន្ទាប់ពីត្រូវអាជ្ញាធរព្រមានចាត់ការតាមផ្លូវច្បាប់មក។
ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ខាងអង្គការសមាគមរបស់លោកនៅតែរក្សាជំហរចង់ជួបជុំគ្នាដដែល ក៏ប៉ុន្តែត្រូវរង់ចាំមួយរយៈពេលទៀតសិន ព្រោះពេលនេះសមាជិកទាំងឡាយមិនទាន់បានជួបពិភាក្សាគ្នានៅឡើយ។ លោកបញ្ជាក់ថា បើជាឆន្ទៈផ្ទាល់ខ្លួន លោកចង់បង្កើតព្រឹត្តិការណ៍នេះឱ្យបានឆាប់ ដើម្បីស្នើសុំឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ក៏ប៉ុន្តែលោកថា រឿងនេះត្រូវប្រជុំសម្រេចជាមួយសមាជិកដទៃទៀតសិន៖ «សិទ្ធិទាំងអស់នេះត្រូវបានកំណត់នៅក្នុងច្បាប់ ដូច្នេះយើងម្នាក់ៗត្រូវតែតស៊ូឡើងដើម្បីសិទ្ធិសេរីភាព។ បើគ្រាន់តែគេឃាត់ គេហាមប្រាមមិនឱ្យយើងធ្វើ ហើយយើងបណ្ដែតបណ្ដោយ ផ្ដេកផ្ដួលទៅតាមស្ថានភាពហ្នឹង យើងគិតថា វាជាបញ្ហាកាន់តែធ្ងន់ធ្ងរទៅពេលខាងមុខ។ បើគេមិនឱ្យ ហើយយើងនៅតែខិតខំតស៊ូ ថ្ងៃណាមួយយើងនឹងបានជោគជ័យ»។
លោក រ៉ុង ឈុន និងសហការី គ្រោងប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ជួបជុំគ្នាសម្ដែងមតិនៅមុខតុលាការក្រុងភ្នំពេញ តាំងតែពីថ្ងៃទី១៥ សីហា ដើម្បីស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា និងទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក សម រង្ស៊ី។ ក៏ប៉ុន្តែ គម្រោងនេះត្រូវលុបចោលវិញ ដោយសារអាជ្ញាធររាជធានីភ្នំពេញបានចេញមុខព្រមានចំៗថា ប្រសិនបើក្រុមលោក រ៉ុង ឈុន ជម្នះធ្វើរឿងនេះ អាជ្ញាធរនឹងចាត់ការតាមច្បាប់។ អាជ្ញាធររាជធានីភ្នំពេញយោងលើហេតុផលថា គម្រោងនេះជាការប្រឆាំងនឹងសាលដីកាតុលាការកំពូល និងរំលោភលើសមត្ថកិច្ចរបស់តុលាការ។
អាស៊ីសេរីបានព្យាយាមសុំការបញ្ជាក់បន្ថែមរឿងនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី វិញ មិនលើកទូរស័ព្ទទេ នៅថ្ងៃទី២៨ សីហា។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន បញ្ជាក់ជាថ្មីទៀតថា សកម្មភាពដែលពួកលោកគ្រោងធ្វើនេះ គឺដើម្បីជំរុញឱ្យមានដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា មិនមែនជាទង្វើប្រឆាំងនឹងរដ្ឋាភិបាល ឬស្ថាប័នតុលាការឡើយ។ លោកបន្តថា ប្រសិនបើកម្ពុជាមិនអាចទម្លុះទម្លាយវិបត្តិនយោបាយនេះឱ្យបានឆាប់ទេនោះ សហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយពេលនោះពលរដ្ឋខ្មែររាប់លាននាក់នឹងត្រូវរងគ្រោះ៖ «បំណងយើងតែមួយគត់ ចង់រក្សា EBA ធ្វើម៉េចដើម្បីកម្មករមានការងារធ្វើបន្តទៀត។ ទីពីរ យើងចង់ឃើញអ្នកនយោបាយខ្មែរទាំងអស់អង្គុយជជែកគ្នា ហើយស្វែងរកដំណោះស្រាយ។ មានតែវិធីហ្នឹងទេ ដែលធ្វើឱ្យសង្គមកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើន និងមានកំណើនសេដ្ឋកិច្ច តែផ្ទុយទៅវិញ បើយើងផាត់ចោលក្រុមណាមួយ សង្គមកម្ពុជាមិនមានសេចក្ដីសុខទេ»។
ក្រុមប្រទេសប្រជាធិបតេយ្យកំពុងដំណើរការវិធានការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន បន្ទាប់ពីរបបនេះបានចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ និងបិទសិទ្ធិមន្ត្រីបក្សនេះជាង១០០ នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ព្រមទាំងការរៀបចំព្រឹត្តិការណ៍បោះឆ្នោតបែបបង្គ្រប់កិច្ច ដែលផាត់ចោលគណបក្សប្រឆាំងធំជាងគេ។ ទណ្ឌកម្មធ្ងន់ធ្ងរជាងគេនោះ គឺការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបពិនិត្យឃើញថា របបក្រុងភ្នំពេញមិនធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេនោះ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរគួរតែអនុញ្ញាតឱ្យក្រុមអង្គការសមាគមរបស់លោក រ៉ុង ឈុន អាចធ្វើសកម្មភាពប្រមូលផ្តុំនេះបានដោយសេរី ព្រោះនេះជាសិទ្ធិដែលមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។ លោកថា បើអាជ្ញាធរបដិសេធ នោះមានន័យថា អាជ្ញាធរកំពុងរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងអង្គការសមាគមទៅវិញទេ៖ «រាល់ការធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងការទាមទារតវ៉ាទាំងឡាយណាដោយសន្តិវិធី វាមិនបានប្រាសចាកអំពីច្បាប់នៅក្នុងប្រទេសកម្ពុជាទេ។ ដូច្នេះហើយគួរតែមានការអនុញ្ញាតឱ្យធ្វើការទាមទារតវ៉ាទៅតាមគោលបំណងនៃក្រុមអ្នករៀបចំ នោះវាជារឿងមួយដ៏ល្អប្រសើរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ពិនិត្យឃើញថា មូលហេតុដែលពលរដ្ឋនៅតែធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ គឺដោយសារពួកគាត់មើលឃើញថា ការរំលាយគណបក្សនេះ ធ្វើឡើងក្រោមហេតុផលនយោបាយ មិនមែនជាការអនុវត្តច្បាប់ឡើយ ដូច្នេះពលរដ្ឋមិនអាចគោរពតាមសាលដីកានោះបានទេ។
ពលរដ្ឋមួយចំនួនបានបញ្ជាក់ថា ពួកគាត់គាំទ្រគម្រោងប្រមូលផ្តុំគ្នានេះ និងស្នើឱ្យលោក រ៉ុង ឈុន កុំចុះញ៉មនឹងការព្រមានរបស់អាជ្ញាធររាជធានីភ្នំពេញ។ ពួកគាត់អះអាងថា បើបាតុកម្មនេះធ្វើឡើងនៅថ្ងៃណា ពួកគាត់នឹងទៅចូលរួមមិនឱ្យខកខានឡើយ ពីព្រោះពួកគាត់យល់ថា បាតុកម្មនេះនឹងអាចជួយជំរុញឱ្យមានដំណោះស្រាយវិបត្តិនយោបាយ និងជាឱកាសដែលពួកគាត់អាចទម្លាយចេញបាននូវទុក្ខកង្វល់ទាក់ទងនឹងបញ្ហាប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។