លោក សម រង្ស៊ី គ្រោង​ជួប​ពលរដ្ឋ​ខ្មែរ​និង​តំណាងរាស្ត្រ​អូស្ត្រាលី​ប្រាប់​ពី​គម្រោង​វិល​ចូល​ស្រុក

ដោយ ហេង រស្មី
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (រូប​ឆ្វេង​ទី៣) ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ និង​អ្នកគាំទ្រ​ខ្លួន ពេល​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (រូប​ឆ្វេង​ទី៣) ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ និង​អ្នកគាំទ្រ​ខ្លួន ពេល​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

លោក សម រង្ស៊ី នឹង​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ជាច្រើន​ថ្ងៃ​ក្នុង​តំបន់​មួយ​ចំនួន​ដើម្បី​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន និង​សមាជិកសភា​អូស្ត្រាលី​ក្នុង​គោលបំណង​ប្រាប់​ពី​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ក្នុង​ឆ្នាំ​២០១៩​នេះ។

តាម​គម្រោង​លោក សម រង្ស៊ី ទៅ​ដល់​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ដូចជា៖ ទីក្រុង​ស៊ីដនី (Sydney) ទីក្រុង​អាដដេលេត និង​ទីក្រុង​ម៉ែលប៊ន (Melbourne) ជាដើម។

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ក្រុង​ម៉ែលប៊ន បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ឱ្យ​ដឹង​ថា ពួកគេ​បាន​ទៅ​ជួប​សមាជិកសភា នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ជូលៀន ហ៊ីល (Julian Hill) ដើម្បី សម្របសម្រួល​ឱ្យ​មាន​ជំនួប​រវាង​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​អូស្ត្រាលី។

តំណាង​ចលនា​ស្ត្រី​សង្គ្រោះជាតិ​បណ្ដាញ​សកល​នៃ​ទីក្រុង​ម៉ែលប៊ន អ្នកស្រី សៀម អេង ដែល​បាន​ជួប​តំណាងរាស្ត្រ​អូស្ត្រាលី ឱ្យ​ដឹង​ថា លោក ជូលៀន ហ៊ីល នឹង​ជួប​សន្ទនា​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​មកដល់​ទីក្រុង​ម៉ែលប៊ន នៅ​ថ្ងៃទី​២៥ ខែ​សីហា​។ អ្នកស្រី​ឱ្យ​ទៀត​ថា ពេលនោះ​ក៏​នឹង​មាន​ធ្វើការ​វេទិកា​សាធារណៈ​នៅ​វត្ត​ពុទ្ធរង្សី ហៅ​វត្ត​ធំ ដោយ​លោក សម រង្ស៊ី នឹង​ប្រាប់​ពី​គោលបំណង​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​លោក រួម​ទាំង​ឆ្លើយ​សំនួរ​អ្នកគាំទ្រ​របស់​លោក​ក្នុង​ពិធី​នោះ៖ «ថ្ងៃនេះ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​បាន​ជួប​លោក ជូលៀន ហ៊ីល គាត់​ជា​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ហើយ​ថ្ងៃនេះ​យើង​ក៏បាន​ជោគជ័យ​ខ្លាំង​ដែរ ព្រោះ​គាត់​បាន​សន្យា​ជួយ​យើង ហើយ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​តំណាងរាស្ត្រ​តាម​រដ្ឋ​នីមួយៗ​ដើម្បី​ជួយ​យើង​ទាំងអស់​គ្នា»

លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា លោក​និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង នៅតែ​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាប់ ប្រាប់ផ្លូវ និង​ថ្ងៃ​ចូល​ប្រទេស​កម្ពុជា​ជាក់លាក់ ដោយសារ លោក​ចង់​ឱ្យ លោក ហ៊ុន សែន ដេក​ភ័យ និង​ចលាចល​ផ្ទៃក្នុង​បក្ស​ជាមុន​សិន។

ចំណែក​របប​ក្រុងភ្នំពេញ​ក៏​តែ​បង្ហាញ​សារ​ព្រមាន​ជា​ញឹកញាប់​ពី​ចំណាត់ការ​លើ​លោក សម រង្ស៊ី និង​អ្នក​អម​ដំណើរ​ដោយ​ព្រមាន ចាប់​ខ្លួន វាយ​បង្ក្រាប រហូត​បាញ់សម្លាប់​ថែម​ទៀត​ផង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថ្ងៃទី​១៤ ខែ​សីហា ដោយ​ហៅ​លោក សម រង្ស៊ី ថា ទណ្ឌិត​ឧទ្ទាម​ក្រៅច្បាប់​។ អ្នកនាំពាក្យ​រូប​នេះ​លើកឡើង​ថា ទោះ​លោក សម រង្ស៊ី ចូល​តាម​ច្រក​ណា​មិន​សំខាន់​ទេ ឱ្យ​តែ​ឃើញ​គឺ​ចាប់​​នោះ​គ្រប់​ពេល។ ចំណែក វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ល្មើសច្បាប់​ផ្សេងទៀត​ក៏​ធ្វើ​គ្រប់​ពេល មិន​ប្រកាន់​ទីកន្លែង​ឡើយ។

ប៉ុន្តែ លោក សម រង្ស៊ី យល់​ថា ការ​ព្រមាន​នានា​លើ​រូបលោក ជា​ការ​បង្ហាញ​ថា ពេលនេះ​ក្រុម​លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​នឹង​វត្តមាន​របស់​លោក​ដែល​នឹង​វិលត្រឡប់​ទៅ​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ៖ «ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​ពួក​ហ្នឹង​ចលាចល​បន្តិច យើង​បង្ហោះ​ព័ត៌មាន​នេះ យើង​លើក​ឱ្យ​ពួក​ហ្នឹង​គិត​អញ្ចេះ​ទៅ គិត​ខុស គិត​ត្រូវ​ស្រែក​តែ​គេ​ទៅ​ណា ហើយ​ខ្ញុំ​ចង់​ធ្វើ​ឱ្យ ហ៊ុន សែន ឆ្កួត​ព្រោះ​យើង​ធ្វើ​ឱ្យ ហ៊ុន សែន ច្រឡោត ហ៊ុន សែន ប្រតិកម្ម​កាន់តែ​វង្វេង​ហ្នឹង​របប ហ៊ុន សែន កាន់តែ​ជិត​ចប់»

ការ​វិល​ត្រឡប់​ចូល​មាតុភូមិ​ខ្មែរ​លើក​នេះ លោក សម រង្ស៊ី លោក​ប្ដេជ្ញា​តតាំង​ទាមទារ សិទ្ធិ​សេរីភាព យក​ប្រជាធិបតេយ្យ​មកវិញ​ជូន​ពលរដ្ឋ​ខ្មែរ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា លោក សម រង្ស៊ី តែងតែ​ធ្វើដំណើរ​ទៅ​បណ្ដា​ប្រទេស​នានា និង​ជួប​អ្នកគាំទ្រ​របស់​លោក ដែល​នេះ​ជា​ការ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ខ្មែរ​នៅ​ក្រៅ​ស្រុក។ លោក គឹម សុខ យល់ថា ការ​បំពេញ​បេសកកម្ម​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​អូស្ត្រាលី​នឹង​ទទួល​ការ​គាំទ្រ​ពី​សមាជិកសភា​អូស្ត្រាលី ព្រោះ​ប្រទេស​នេះ​តាំង​ពី​ដើម​រៀងមក​តែង​បាន​ស្វះ​ស្វែងរក​សន្តិភាព​ភាព​ជូន​កម្ពុជា៖ «ខ្ញុំ​គិត​ថា តំណាងរាស្ត្រ​នៃ​ប្រទេស​អូស្ត្រាលី​នឹង​បង្ហាញ​គាំទ្រ​ការ​ស្ដារ​ឡើងវិញ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា យើង​ព្រោះ​អូស្ត្រាលី​ក៏​មាន​តួនាទី​សំខាន់​មួយ​ដែរ​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»

ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។ អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នា​សម័យ នោះ​គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

លោក​ធ្លាប់​មាន​សមានចិត្ត​ទៅ​លើ​លោក ហ៊ុន សែន។ ក៏​ប៉ុន្តែ​ពេលនេះ លោក​ប្ដូរ​ចិត្ត ហើយ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​នឹង​រដ្ឋាភិបាល​អូស្ត្រាលី​ផង ឱ្យ​ដាក់​គំនាប​លើ​របប​លោក ហ៊ុន សែន និង​ឱ្យ​ហ៊ាន​រិះគន់​ត្រង់ៗ ជៀសវាង​កុំ​ឱ្យ​ប្រើ​ភាសា​ការទូត​ជាមួយ​លោក ហ៊ុន សែន ទៀត​ផង។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ក៏​ចង់​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​វិធានការ​លើ​របប​ក្រុងភ្នំពេញ ដូចដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កំពុង​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​កិច្ច​ការងារ​ការទូត​លើ​របប​លោក ហ៊ុន សែន ដែល​របប​នេះ​បាន​ចាកចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល