លោក សម រង្ស៊ី ឆ្លើយតប​ទៅ​លោក​ ហ៊ុន សែន ថា ប្រជារាស្ត្រ​ត្រូវ​តែ​ផ្ដួល​រំលំ​របប​សព្វថ្ងៃ​

ដោយ សុ ជីវី
2019-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ អះអាង​ជា​ថ្មី​ថា លោក​នឹង​វិល​ទៅ​កម្ពុជា​វិញ ហើយ​ប្រជា​រាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្ដួល​រំលំ​របប​ដឹក​នាំ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ។ ការ​អះអាង​របស់​លោក សម រង្ស៊ី នេះ​ដោយសារ​តែ​ លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អំពី​ផល​វិបាក​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​សកម្មភាព​បដិវត្តន៍​ពណ៌ ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី។

លោក​ សម ​រង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ ស្លោ​ពី​ការ​វិល​ត្រឡប់​របស់​លោក​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ២០១៩ នេះ។ លោក សម រង្ស៊ី ផ្ញើ​សារ​ ប្រាប់​លោក ហ៊ុន សែន ថា ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ព្រោះ​របប​នេះ​ ជា​របប​ខុស​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​កាល​ពី​ឆ្នាំ២០១៨ ដែល​ជា​ការ​រំលោភ​ឆន្ទៈ​ប្រជារាស្ត្រ​ទាំង​ស្រុង។ លោក​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ណា ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឱ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ជាង​ពាក់​កណ្ដាល​នគរ គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ផ្ទុយ​ស្រឡះ​ពី​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​កាត់​បន្ថយ​កំហឹង​ប្រជារាស្ត្រ​ត្រូវតែ​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រគល់​សង​ដីធ្លី​ ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ ទៀត របស់​ប្រជារាស្ត្រ​រាប់​លាន​គ្រួសារ ដែល​លោក​របប​ ហ៊ុន សែន បាន​ប្លន់​ពី​ប្រជារាស្ត្រ។ លោក​បន្ត​ថា លោក​ ហ៊ុន​ សែន ​ត្រូវ​តែ​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ និង​បក្ខពួក​ បញ្ឈប់​អំពើ​ពុក​រលួយ​ប្លន់​ជាតិ​ ហើយ​ត្រូវ​តែ​ ប្រគល់​សង​ប្រទេស​ជាតិ​វិញ​ នូវ​ថវិកា​រាប់ពាន់​លាន​ដុល្លារ ដែល​ក្រុម​គ្រួសារ និង​បក្ខពួក​បាន​ប្លន់​ពី​ ប្រទេស​ជាតិ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​បញ្ហា​បំណុល​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រជារាស្ត្រ​រាប់​លាន​គ្រួសារ​ធ្លាក់​ខ្លួន​ក្រ និង​ជំពាក់​បំណុល ដោយសារ​តែ​ក្រុម​គ្រួសារ និង​ បក្ខពួក​លោក ហ៊ុន សែន បាន​បំផ្លាញ​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយសារ​តែ​អំពើ​ពុក​រលួយ និង​អសមត្ថភាព​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​សព្វថ្ងៃ។

កាលពី​ថ្ងៃ​ទី៧ ឧសភា ​លោក ហ៊ុន សែន បាន​ចេញ​លិខិត​ផ្ញើ​ជូន​ប្រធាន​ក្រុម​ការ​ងា​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ ឱ្យ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។ លោក​ ហ៊ុន​ សែន​ សរសេរ​នៅ​ក្នុង​លិខិត​នោះ​ថា កន្លង​មក លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែនការ​វិល​ចូល​កម្ពុជា​វិញ​ នៅ​ឆ្នាំ២០១៩ នេះ ក្នុង​គោលបំណង​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី ដោយ​បាន​អំពាវនាវ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែមទៀត លោក​ ហ៊ុន​ សែន​ សុំ​ឱ្យ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ ដឹក​នាំ​ណែនាំ​ដល់​ក្រុម​ការងារ និង​មន្ត្រី​អាជ្ញាធរ​កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​សហការ​រៀបចំ​វេទិកា​សាធារណៈ​គ្រប់​ឃុំ​ភូមិ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អំពី​ផលវិបាក​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ឬ​មិន​វិល​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី និង​ការ​ដឹក​នាំ​ធ្វើ​បដិវត្តន៍​ពណ៌​បាន​សម្រេច ឬ​មិន​បាន​សម្រេច​នោះ គឺ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆតា​របស់​លោក​ សម រង្ស៊ី ឡើយ​កត្តា​សំខាន់​ជា​គន្លឹះ គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​របស់​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា លោក សុំ​មិន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ ព្រោះ​លោក​ចាត់​ទុក​ថា ជា​អ្នក​នយោបាយ​វិកលចរិត៖ «ខ្ញុំ​អត់​ឆ្លើយ​តប​ជា​មួយ រង្ស៊ី ទេ ខ្ញុំ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​ជា​មួយ រង្ស៊ី ព្រោះ​គាត់​ជា​ទណ្ឌិត ហើយ​និង​ទី២ គាត់​កំពុង​តែ​វិល​ចរិត​នយោបាយ​រួច​ស្រេច​ទៅ​ហើយ។ គាត់​និយាយ​ ប្រាស​ចាក​ពី​ការ​ពិត​ប្រាក់​ចាក់​ពី​សីលធម៌​នយោបាយ»

ទោះបីជា​យ៉ាង​ណា​លោក ផៃ ស៊ីផាន មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី និង​ចាត់​ទុក​ជា​អ្នក​នយោបាយ​វិកលចរិត​ក្តី​ ប៉ុន្តែ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ហាក់​កំពុង​បារម្ភ​យ៉ាង​ខ្លាំង​ពី​ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង​តែងតែ​រក​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​កម្ចាត់ និង​ទប់​ស្កាត់​កុំ​ឱ្យ​លោក សម រង្ស៊ី មាន​ឱកាស​វិល​ចូល​កម្ពុជា។ កន្លង​មក លោក​ ហ៊ុន សែន បាន​ហាម​ឃាត់​មន្ត្រី​របស់​លោក​មិន​ឱ្យ​ឆ្លើយ​តប​នឹង​លោក សម រង្ស៊ី នោះ​ទេ ដោយ​លោក​ថា គ្មាន​ប្រយោជន៍​ប៉ុន្តែ​ពេល​ខ្លះ​លោក​ខ្លួន​ឯង​បន្ត​ឆ្លើយ​តប​លោក សម រង្ស៊ី ដដែល។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន លើក​ ឡើង​ថា លោក ហ៊ុន សែន គួរ​តែ​បញ្ជា​កូនចៅ និង​មន្ត្រី​របស់​ខ្លួន​ឱ្យ​ខិតខំ​បម្រើ និង​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ឱ្យ​បាន​ល្អ​ប្រសើរ គឺ​នឹង​គ្មាន​បដិវត្តន៍​ពណ៌​នោះ​ទេ។ លោក​ស្នើសុំ​ឱ្យ​មេ​ដឹក​នាំ​នយោបាយ​ទាំង​ពីរ​ឈប់​ឌឺដង​ដាក់​គ្នា ដែល​នាំ​តែ​ឱ្យ​ជាតិ​បែក​បាក់​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​គួរ​តែ​ល្មម​ដល់​ពេល​វិល​ចូល​តុចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​ផ្ដល់​ប្រយោជន៍​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ចូល​តុ​ជជែក​គ្នា ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ ហើយ​បើ​សិន​ជា​អ្នក​កាន់​អំណាច​ផាត់​ក្រុម​មួយ​ចោល ទុក​ក្រុម​មួយ គឺ​សង្គម​យើង​មិន​ទទួល​បាន​សន្តិភាព​មិន​ទទួល​បាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ទេ។ បើ​អ្នក​ដឹក​នាំ​ធ្វើ​ល្អ​ស្គាល់​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ ខ្ញុំ​គិត​ថា កុំ​ព្រួយ​បារម្ភ​រឿង​បដិវត្តន៍​ពណ៌ ព្រោះ​ប្រជាពលរដ្ឋ​មិន​ចង់​ធ្វើ​នោះ​ទេ។ ក្នុង​លោក​ នេះ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ឱ្យ​តែ​មាន​យុត្តិធម៌​សម្រាប់​គាត់​ហើយ​រស់នៅ​មាន​សេរីភាព​ មាន​ប្រជាធិបតេយ្យ​ គឺ​ពេល​នោះ​ប្រទេស​បាន​សុខសាន្ត​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គាត់​មិន​ទទួល​បានទេ​ហើយ​ អយុត្តិធម៌​កាន់តែ​កើតឡើង​ធ្ងន់​ធ្ងរៗ ទៅ​នោះ​បញ្ហា​នឹង​កើត​ឡើង​ហើយ»

លោក​ រ៉ុង​ ឈុន​ មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​អាច​ផាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​ នយោបាយ​កម្ពុជា​បាន​រហូត​នោះ​ទេ​ ព្រោះ​លោក សម រង្ស៊ី នៅ​តែ​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​មួយ​រូប។ លោក​បន្ត​ថា ប្រសិន​បើ​មាន​លោក សម រង្ស៊ី ពិត​ជា​វិល​ចូល​កម្ពុជា​មែន នោះ​ប្រាកដ​ជា​មាន​ពលរដ្ឋ​រាប់​សែន​នាក់​នឹង​ទៅ​ទទួល។ ដូច្នេះ​ហើយ ទើប​ថ្នាក់​ដឹក​កម្ពុជា​សព្វថ្ងៃ​ហាក់​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វត្តមាន​លោក សម រង្ស៊ី។ ទោះ​យ៉ាង​ណា​ក្ដី​អ្នក​ឃ្លាំ​មើល​កម្ពុជា​រូប​នេះ​យល់​ថា ប្រសិន​បើ​លោក​ សម​ រង្ស៊ី វិល​ចូល​កម្ពុជា​នោះ លោក ហ៊ុន សែន គួរ​តែ​យក​ឱកាស​ជួប​ជជែក​គ្នា​ជា​ជាង​រក​វិធី​កម្ចាត់​គ្នា​ព្រោះ​ មានតែ​ការ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​កម្ពុជា​ឈប់​ឈ្លោះ​ឈប់​បែក​បាក់​គ្នា ហើយ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ស្គាល់​ការ​អភិវឌ្ឍ​ជាតិ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល