លោក អ៊ុំ សំអាន ថា​បើ​លោក​នៅ​ក្រៅ​ពន្ធនាគារ​អាច​មាន​វាសនា​ដូច​លោក​បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2016.07.12
អ៊ុំ សំអាន ៨៥៥ ២០១៦ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក ត្រូវ​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA/Rann Samnang

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​រឿង​រិះគន់​ពី​បញ្ហា​ព្រំដែន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ដែល​លោក​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​នោះ​មាន​សុវត្ថិភាព​ជាង​រស់នៅ​ខាង​ក្រៅ ដែល​អាច​នឹង​មាន​ករណី​បាញ់​សម្លាប់​ដូច​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​ហ៊ាន​រិះគន់​រឿង​ព្រំដែន និង​រឿង​មុខ​ជំនួញ​របស់​ត្រកូល​ហ៊ុន។

ក្នុង​សម្លៀកបំពាក់​ពណ៌​ស្លា​ទុំ ដៃ​ជាប់​ខ្នោះ បណ្ដើរ​ដោយ​កង​សន្តិសុខ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ពិរុទ្ធ​ក្នុង​រឿង​រិះគន់​ពី​បញ្ហា​ព្រំដែន បាន​និយាយ​ថា លោក​បាន​ដឹង​ចំពោះ​ការ​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ឯករាជ្យ។

នៅ​ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១២ កក្កដា ដែល​មាន​ក្រុម​សន្តិសុខ​ក្រៀក​លោក​បណ្ដើរ​ចូល​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់ លោក អ៊ុំ សំអាន បាន​ឆ្លៀត​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា បើ​លោក​មិន​ជាប់​ពន្ធនាគារ​ទេ លោក​អាច​មាន​វាសនា​ដូច​លោក​បណ្ឌិត កែម ឡី។

លោក អ៊ុំ សំអាន ថ្លែង​ថា «ព្រោះ​លោក កែម ឡី គាត់​ហ៊ាន​រិះគន់​រដ្ឋាភិបាល ហ៊ាន​រិះគន់​ជំនួញ​របស់​ត្រកូល​ហ៊ុន តាម​របាយការណ៍ គ្លបល វីនេស (Global witness) ហើយ​រិះគន់​រឿង​ព្រំដែន​បាន​ជា​គេ​សម្លាប់​គាត់។ ដូច្នេះ​នៅ​ក្នុង​ពន្ធនាគារ​នោះ​មាន​សុវត្ថិភាព​ជាង​ក្រៅ។ សម័យ​នេះ​អ្នក​ដែល​ស្នេហា​ជាតិ អ្នក​ដែល​ការពារ​ព្រំដែន​ជាប់​គុក ហើយ​អ្នក​ដែល​កាត់​ដី​ឲ្យ​យួន​បែប​ជា​រួច​ខ្លួន»

មន្ត្រី​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ទស្សនៈ​ថា ការ​លើក​ឡើង​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​ព្រួយ​បារម្ភ​អំពី​ភាព​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ភាព​អសន្តិសុខ នៅ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី ដែល​ហ៊ាន​រិះគន់ និង​និយាយ​ចំៗ​ពី​បញ្ហា​នយោបាយ ព្រំដែន សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​គាត់​លើក​ឡើង​ដែរ អំពី​បញ្ហា​នៃ​ការ​ធ្វើ​ឃាត​ទៅ​លើ​លោក កែម ឡី នេះ​ការ​មាន​ការ​ឆក​ល្វែង​នៃ​ការ​ផ្ដល់​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​លោក កែម ឡី គាត់​ជា​អ្នក​វិភាគ ហើយ​មាន​ការ​រិះគន់​ធ្ងន់​ទៅ​លើ​គណបក្ស​កាន់​អំណាច គណបក្ស​ជំទាស់ និង​ទៅ​លើ​រដ្ឋាភិបាល​នោះ​បាទ»

ការ​ថ្លែង​នេះ បន្ទាប់​ពី​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​មោឃភាព​នីតិវិធី​លើ​ពាក្យ​បណ្ដឹង​របស់​មេធាវី​លោក អ៊ុំ សំអាន ដែល​ក្រុម​មេធាវី​យល់​ថា ចាប់​តាំង​ពី​ចំណាត់​ការ​នៅ​ប៉ូលិស​រហូត​ដល់​ចៅក្រម​ស៊ើបសួរ បំពាន​នីតិវិធី។

សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​មេធាវី​ការពារ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដោយ​ផ្ដល់​ហេតុផល​ចំនួន​ពីរ គឺ​ពាក្យ​បណ្ដឹង​របស់​មេធាវី​មិន​អាច​ទទួល​យក​បាន និង​បង្វិល​សំណុំ​រឿង​ទៅ​សាលា​ដំបូង​ចាត់​ការ​បន្ត។

ទាក់ទង​សេចក្ដី​សម្រេច​នេះ មេធាវី​ការពារ​ក្ដី​លោក អ៊ុំ សំអាន គឺ​លោក ហែម សុជាតិ មាន​ប្រសាសន៍​ថា ក្រុម​មេធាវី​នឹង​ធ្វើ​បណ្ដឹង​សាទុក្ខ​ទៀត​លើ​ករណី​នេះ។ លោក​ថា នីតិវិធី​តុលាការ​បំពាន​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ដែល​លោក អ៊ុំ សំអាន នៅ​ជា​អ្នក​តំណាង​រាស្ត្រ​មិន​ទាន់​ដក​អភ័យ​ឯកសិទ្ធិ«សភា​ស៊ើបសួរ​យល់​ថា គាត់​អត់​មាន​សមត្ថកិច្ច​ពិចារណា​លើ​មាត្រា​ទី​៨០ នៃ​រដ្ឋធម្មនុញ្ញ​ទេ គឺ​គាត់​អត់​ពិចារណា​ចំណុច​ហ្នឹង​ទេ គឺ​ជា​ចំណុច​សំខាន់ គឺ​គាត់​បាន​ច្រាន​ចោល​របស់​យើង។ យើង​ក៏​បាន​ស្នើសុំ​ឲ្យ​សភា​ពិចារណា​លើ​ចំណុច​នេះ តែ​ទី​បញ្ចប់ សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ គឺ​គាត់​ថា​គាត់​អត់​មាន​សមត្ថកិច្ច​ពិចារណា​លើ​មាត្រា​នេះ​ទេ។ ខ្ញុំ​យល់​ឃើញ​ថា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​គាត់​មាន​សមត្ថកិច្ច​អាច​ពិចារណា ពីព្រោះ​គាត់​ត្រូវ​ពិនិត្យ​អំពី​និយតភាព​នៃ​នីតិវិធី ប៉ុន្តែ​នៅ​ពេល​នេះ សភា​ស៊ើបសួរ​គាត់​យល់​ថា ចំណាត់​ការ​របស់​អយ្យការ​សាលា​ដំបូង និង​របស់​ចៅក្រម​ស៊ើបសួរ គាត់​យល់​ថា​ត្រឹមត្រូវ។ ប៉ុន្តែ​សម្រាប់​មេធាវី​នៅ​តែ​ចាត់​ទុក​ថា​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ»

ទោះ​យ៉ាង​ណា លោក អ៊ុំ សំអាន យល់​ថា សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ រំលោភ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ដោយ​តុលាការ​ឃុំ​ខ្លួន​លោក​ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ។ នេះ​ជា​រឿង​អយុត្តិធម៌។

លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
អត្ថបទពេញនិយម
នយោបាយ
អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​យល់​ឃើញ​ផ្សេង​គ្នា ចំពោះ​ការ​ដក​ខ្លួន​របស់​លោក ចូ បៃដិន មិន​បន្ត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។