សកម្មជន​និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ ទៅដល់​ប្រទេស​ថៃ​ជាបន្តបន្ទាប់​

0:00 / 0:00

សកម្មជន​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ដល់​ប្រទេស​ខ្លះៗ ហើយ ដើម្បី​ត្រៀម​ចូល​រួម​អម​ដំណើរ​លោក​ សម​ រង្ស៊ី​ ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា។ ពួក​គាត់​រក្សា​ជំហរ​រឹង​មាំ​ មិន​ខ្លាច​ការ​គំរាម​កំហែង​ពីសំណាក់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ។

សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ បាន​យក​ទឹក​ដី​ថៃ​ ជា​ កន្លែង​ឈរ​ជើង​មុន​ចូល​ទឹកដី​ទឹក​ដី​កម្ពុជា​មួយ​លោក​ សម​ រង្ស៊ី។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​រស់​នៅ​រដ្ឋ​ម៉ូនីសូតា សហរដ្ឋ​អាមេរិក លោកស្រី សម្បត្តិ ប្រាប់​ អាស៊ី​សេរី​ថា​ លោកស្រី​បាន​ទៅ​ដល់​ប្រទេស​ថៃ​ពីរ​បី​ថ្ងៃ​ហើយ។ លោកស្រី​បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ និង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជា​តិ រក្សា​ជំ​រហ​រឹង​មាំ​មិន​ដើរ​ថយ​ក្រោយ​នោះ​ទេ៖ «លោក​ប្រធាន​បាន​សម្រេច​ចិត្ត​ហើយ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដែរ​ ព្រោះ​អី​ខ្ញុំ​គិត​ថា​ មាន​តែ​ពេល​នេះ​ទេ​ ដែល​ខ្មែរ​យើង​ងើប​ឡើង​ទាំង​អស់​គ្នា​ ព្រោះ​អី​យើង​ឈឺចាប់​យូរ​ ណាស់​ មក​ហើយ​ ដើម្បី​ដោះ​ស្រាយ​ប្រទេស​ជាតិ​ ដើម្បី EBA​ ដើម្បី​អ្វីៗ គ្រប់​យ៉ាង​ទាំង​អស់»

ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់នៅ​ប្រទេស​កាណាដា​ លោក​ ខេន​ ស៊ុង​ថាយ​ ( Ken​ Songthay​) ប្រាប់​ថា​ ពេល​នេះ​ លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ត្រៀម​អមដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម​ រង្ស៊ី​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​កម្ពុជា។ លោក​ថា លោក​មិន​ខ្លាច​រអា​ចំពោះ​ការ​គំរាម​កំ​ហែង​បំភិត​បំភ័​របស់​របប​ក្រុង​ភ្នំពេញ​ឡើយ។ លោក​អះអាង​ថា លោក​សុខ​ចិត្ត​លះ​បង់​គ្រប់បែបយ៉ាង​ដើម្បី​សង្គ្រោះ​លទ្ធិ​ ប្រជា​ធិប​យតេយ្យ​ និង​សង​គុណ​ទឹក​ដី​កំណើត ដែល​ធ្លាប់​រស់នៅ​រយៈ ២០ឆ្នាំ៖ « ខ្ញុំ​បាទ​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ ពលការិនី ទោះ​បី​ជា​អ្នក​ទាំង​អស់​នោះ​បាន​ឮ​យ៉ាង​ម៉េច​ហើយ​ក្តី​ គឺ​យើង​ត្រូវ​ត្រៀម​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ដើម្បី​ស្វាគមន៍​អម​ដំណើរ​លោក​ប្រធាន។ កាល​ណា​យើង​ទៅ​ទាំង​អស់​គ្នា​ស្រុះ​គ្នា ពួក​ជន​ផ្តាច់​ការ​មិន​ហ៊ាន​ធ្វើអ្វី​យើង​ទេ​ បាន​តឹ្រ​មតែ​បំភ័យ​ប៉ុណ្ណោះ»

ចំណែក​សកម្មជន​ណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត លោកស្រី មាស លក្ខិណា ដែល​បាន​ភៀស​ខ្លួន​ទៅ​ នៅ​ហ្វីលីពីន​មួយ​រយៈ​នោះ​ ក៏​កំពុង​ឋិត​នៅ​ប្រទេស​ថៃ​មួយ​សប្តាហ៍​ហើយ​ដែរ។ លោកស្រី​បន្ត​ថា នៅ​ក្នុង​ប្រទេស​ថៃ​ មាន​សម្ម​ជន​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​ ដើម្បី​កៀរគរ​ពលករ​ខ្មែរ​ឲ្យ​ចូលរួម​អម​ដំណើរ​លោក​ សម​ រង្ស៊ី៖ « ឥឡូវនេះ​មាន​បងប្អូន​យើង​ច្រើន​ណាស់​មក​ពី​អាមេរិក​ បារាំង​ អូស្ត្រាលី​ ហើយ​ថ្ងៃ​ស្អែក​នេះ ប្រហែល​ជា​មក​ជាង ១រយ​នាក់​បន្ថែម​ទៀត។ យើង​មក​នេះ​បាន​ជួប​ជា​មួយ​ពលករ​ ដូច​ជា ​អាជីវករ។ និយាយ​រួម​ឲ្យតែ​ខ្មែរ គឺ​ពួក​កាត់​បាន​ត្រៀម​ខ្លួន​ចូលរួម​ជាមួយ​ពួក​យើង។ នៅ​ពេល​យើង​ចុះ​ជួប​ផ្ទាល់​ដើម្បី​ចង់​ដឹង​អារម្មណ៍​ថា​ គាត់​ចូលរួម​ពិត​ប្រាកដ​អត់​ គឺ​ពួក​គាត់​មាន​ ទាំង​ខ្មែរ​ក្រោម​ខ្មែរ​កណ្តាល​ គាត់​បាន​ប្រាប់​ថា​ ឱកាស​មាន​តែ​ម្តង​នេះ​ទេ​ ដូច្នេះ​យើង​មិន​អាច​ខក​ខាន​បាន​ទេ។ បេះដូង​ខ្មែរ​មនិសិការ​ខ្មែរ​ឈាម​ខ្មែរ បាន​រួម​បញ្ចូល​គ្នា​តែ​មួយ​សម្រាប់​ខ្មែរ​ទាំង​ពិភពលោក​សម្រាប់​ថ្ងៃ​មាតុភូមិ​និវត្តន៍»

អ្នកស្រី​ មាស​ លក្ខិ​ណា​ យល់ថា​ ប្រសិន​ពលរដ្ឋខ្មែរ​ មិន​ ងើប​ក្រោក​ឈរ​នៅ​ពេល​នេះ​ទេ​ ប្រទេស​កម្ពុជា​នឹង​កាន់តែ​ធ្លាក់​ដុនដាប​បំផុត។ សកម្មជន​រូប​នេះ​ អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ ទាំង​អស់​កុំ​ស្តាប់​បញ្ជា​របស់​លោក​ ហ៊ុន​ សែន​ បង្ក្រាប​បាតុករ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងធ្វើការ​ងារ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​គ្រប់​គ្នា៖ « សូម​អំពាវនាវ​ដល់​មហា​គ្រួសារ​ខ្មែរ​ទូទាំង​ពិភពលោក​មិនថា​ ក្នុង​ស្រុក និង​ក្រៅ​ស្រុក​នោះ​ទេ សូម​ចូលរួម​ថ្ងៃ​ទី៩ វិច្ឆិកា​ទាំង​អស់​គ្នា ដើម្បី​ប្រទេស​កម្ពុជា​ និង​អនាគត​ កូនខ្មែរ​ជំនាន់​ក្រោយ»

ចំណែក​ពលករ​នៅ​ប្រទេស​កូរ៉េ​ លោក​ ព្រហ្ម​ រ័ត្ន​ ក៏​បាន​ទៅ​ដល់​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ដែរ។ លោក​ថា មាន​ពលករ​នៅ​កូរ៉េ​ជា​ច្រើន​នាក់​ទៀត​ បាន​ទិញ​សំបុត្រ​យន្តហោះ​ ទៅ​ប្រទេស​ថៃ​ និង​អ្នក​ខ្លះ​ទៀត​បាន​ទៅ​ដល់​កម្ពុជា​តែ​ម្តង ដើម្បី​រង់ចាំ​អម​ដំណើរ និង​ត្រៀម​ស្វាគមន៍​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ជឿ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ នឹង​មិន​សម្លាប់​ខ្មែរ​គ្នា​ឯង ដែល​គ្រាន់​តែ​តស៊ូ​ដោយ​អហិង្សា ដើម្បី​ប្រជាធិបតេយ្យ​នោះ​ទេ៖ « ក្នុង​នាម​ជា​ពលករ​និង​ជា​យុវជន​ យើង​បាន​ប្តេជ្ញា​ចិត្ត​ និង​ត្រៀម​ ខ្លួន​រួចរាល់​ក្នុង​ការ​ប្រឈម​គ្រប់​សព្វ​បែប​យ៉ាង​ ប៉ុន្តែ​យើង​ធ្វើ​សកម្មភាព​ដោយ​អហិង្សា។ ដូច្នេះ​ការ​ព្រួយ​ បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខ ឬ​ការ​បង្ក្រាប​បែប​ណា​មួយ​នោះ គឺ​យើង​មិន​ទៅ​ខ្វាយខ្វល់​ជា​មួយ​ពួក​គាត់​ទេ។ ខ្ញុំ​គិត​ថា រូបភាព​នេះ​គឺជា​ការ​គំរាម​កំហែង​បែប​សង្គ្រាម​ចិត្តសាស្ត្រ​ប៉ុណ្ណោះ ព្រោះ​ធាតុ​ពិត​ទៅ​ទា​ហ៊ាន​ ទាំង​អស់​នោះ​ក៏​ជាខ្មែរ​ហើយ​សុទ្ធតែ​មាន​បង​ប្អូន​សាច់​ញាតិ​មក​ធ្វើ​ការ​នៅ​ថៃ និង​នៅ​កូរ៉េ​ខាង​ត្បូង​ដូច​តែ​គ្នា​ទេ»

ស្រប​ពេល​ដែល​សកម្មជន និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​រំកិល​ខ្លួន​ដល់​ប្រទេស​ថៃ​ជា​បន្ត​បន្ទាប់​ នេះ​ របប​ក្រុង​ភ្នំពេញ​ ក៏​បាន​បញ្ចេញ​កង​កម្លាំង​និង​អាវុធ​គ្រប់​ធុន​នៅ​តាម​ព្រំដែន​ថៃ​ដែរ​ ដោយ​ អះអាង​ថា​ ដើម្បី​ត្រៀម​ចាំ​កម្ទេច​ចលនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​ការ​ចោទ​ថា​ មាន​ចេតនា​ ទុច្ចរិត​ចង់​បំផ្លាញ​សុខ​សន្តិភាព និង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ទន្ទឹម​គ្នា​នេះ​ របប​ក្រុង​ភ្នំពេញ​ ក៏​បាន​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក​ សម​ រង្ស៊ី​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​កម្ពុជា​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ អាជ្ញាធរ​ថៃ​អះអាង​ថា​ ថៃ​ទទួល​បាន​ដំណើរ​ពី​កម្ពុជា​ឲ្យ​ឃាត់​ខ្លួន​ លោក​ សម​ រង្ស៊ី​ និង​ មន្រ្តី​សំ​ខាន់ៗ ៧នាក់​ទៀត ប៉ុន្តែ​ថៃ​នឹង​មិន​ធ្វើ​រឿង​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ស្រុក​ខ្មែរ​ឡើយ​ ដូច្នោះ​ថៃ​គ្រាន់​ថៃ​ ហាម​មិន​ឲ្យ​អ្នកស្រី​ មូរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​ចូល​ថៃ​តែ​ប៉ុណ្ណោះ។

លពី​ថ្ងៃ​ទី៣១​ តុលា​ លោក​ សម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស​ដ៏​កម្រ​មួយ​ ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោក​ មុន​ពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា "លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ"។ លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ផ្ដាច់ការ​លោក​ ហ៊ុន​ សែន​ បាន​ត្រៀម​ខ្លួន​ចាប់​ខ្លួន​លោក ឬ​សម្លាប់​លោក​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ខាង​មុខ​នេះ​ លោក​មិន​រាថយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។