ប៉ូលិសខេត្តស្វាយរៀងបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិស្រុករមាសហែកម្នាក់ទាំងឈឺទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ មេសា ពាក់ព័ន្ធនឹងរឿងបង្ហោះសារព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺកូវិដ១៩។ ប៉ុន្តែ ពេលទៅដល់តុលាការក្រុងភ្នំពេញ ក៏សម្រេចឱ្យជនសង្ស័យនោះត្រឡប់ទៅផ្ទះវិញ ដោយឃើញស្ថានភាពជំងឺធ្ងន់ធ្ងរដើរមិនរួច។
កូនស្រីរបស់សកម្មជនបក្សប្រឆាំងរូបនេះចាត់ទុកទង្វើរបស់ប៉ូលិសបែបនេះ គឺជារឿងអយុត្តិធម៌ ដែលមិនអាចទទួលយាកបានឡើយ។
កូនស្រីរបស់សមាជិកក្រុមប្រឹក្សាស្រុករមាសហែកជាប់ឆ្នោតសង្គ្រោះជាតិខេត្តស្វាយរៀងគណបក្សលោក ហិន ឆាន គឺលោកស្រី ហិន ស្រី ថ្លែងនៅថ្ងៃទី៦ មេសាថា ឪពុករបស់ខ្លួនមិនបានប្រព្រឹត្តសុខច្បាប់អ្វីឡើយ។ លោកស្រីបន្តថា តុលាការក្រុងភ្នំពេញសម្រេចឱ្យឪពុកត្រឡប់ទៅផ្ទះវិញ បន្ទប់ពីឃើញស្ថានភាពជំងឺរបស់លោក ហិន ឆាន ធ្ងន់ធ្ងរដើរមិនរួច និងត្រូវមានមនុស្សគ្រាលោកឡើងតុលាការ៖ «ខ្ញុំចង់ឱ្យគេជួយរកយុត្តិធម៌ឱ្យឪពុកខ្ញុំ ដើម្បីឱ្យគាត់មានសេរីភាពមកនៅផ្ទះជួបជុំគ្រួសារដោយមិនមានការតាមចាប់ខ្លួនជាថ្មីទៀត។ព្រោះអីឪពុកខ្ញុំស្លាប់មួយចំហៀងខ្លួនដោយសារសមត្ថកិច្ចមកចាប់គាត់ បើគេមិនមកចាប់ក៏ឪពុកខ្ញុំមិនដល់ថ្នាក់ហ្នឹងដែរ ឥឡូវវេទនាជាងស្លាប់ទៅទៀត ព្រោះមនុស្សមិនកើតអីសោះទៅជាស្លាប់មួយចំហៀងខ្លួនបែបនេះ » ។
លោក ហិន ឆាន ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីថ្ងៃទី២០មីនា បន្ទាប់ពីប៉ូលិសប្រមាណ ៣០នាក់ ចាប់បង្ខំសកម្មជនបក្សប្រឆាំងរូបនេះដល់ផ្ទះហើយបណ្ដាលឱ្យថប់ដង្ហើមសន្លប់បាត់ស្មារតី ដោយសារតែជំងឺលើសឈាមរើឡើងវិញ។ក្នុងពេលចាប់ខ្លួននោះ លោក ហិន ឆាន បានលើកដៃព្រះអង្វរសុំឱ្យប៉ូលិសដោះលែង ពីព្រោះជំងឺលើសឈាមបានរើឡើងវិញធ្វើឱ្យលោកពិបាកដកដង្ហើម ក៏ប៉ុន្តែប៉ូលិសនៅតែបន្តចាប់ខ្លួនជនជាប់ឃុំរុញចូលឡានរហូតដល់ជនរងគ្រោះដួលបាត់ស្មារតី ទើបប៉ូលិសអនុញ្ញាតឱ្យសាច់ញាតិនាំទៅព្យាបាលនៅមន្ទីរពេទ្យ។នៅអំឡុងព្យាបាលជំងឺក្នុងមន្ទីរពេទ្យនោះ ត្រូវបានប៉ូលិសខេត្តស្វាយរៀងជាច្រើននាក់យាមការពារ ដោយមិនឱ្យជនជាប់ឃុំចេញក្រៅមន្ទីរពេទ្យឡើយ រហូតដល់ថ្ងៃទី៦មេសាទើបប៉ូលិសបញ្ជូនទៅសាកសួរនៅសាលាដំបូងភ្នំពេញ។
សកម្មជនគណបក្សសង្គ្រោះជាតិស្រុករមាសហែក លោក ហិន ឆាន ប្រាប់អាស៊ីសេរីមុនពេលទៅដល់ភ្នំពេញថា ស្ថានភាពជំងឺរបស់លោកនៅពេលនេះធ្ងន់ធ្ងរដើរមិនរួច និងមិនអាចធ្វើការងារអ្វីបានដូចពេលមុខឡើយ៖ «ពេទ្យគេឱ្យចេញទៅផ្ទះខ្ញុំវានៅស្ពឹកជើង ហើយដៃដើរតោងប្រពន្ធ ប៉ូលិសគេយកខ្ញុំទៅតុលាការថ្ងៃហ្នឹង។ក្នុងខ្លួននៅចេះតែឈាមឡើង១៧ ហើយនៅក្នុងខ្ញុំនៅដើរថប់ៗ មកពីខ្ញុំលើសឈាម » ។
អាស៊ីសេរីមិនទាចទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦មេសា ដោយទូរស័ព្ទលើកហើយត្រូវបានចុចផ្ដាច់ទៅវិញ៖ «បាទៗពីណាគេហ្នឹង » ។
អាស៊ីសេរីក៏ព្យាយាមទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បន្តទៀតដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តស្វាយរៀងលោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា បញ្ហានេះប្រសិនជនជាប់ឃុំមានគ្រោះដោយសារតែការខ្លួនគឺប៉ូលិសត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ពីព្រោះប៉ូលិសបានដឹងថាជនជាប់ឃុំមានជំងឺប្រចាំកាយតែនៅតែចាប់ខ្លួន។ លោកបន្ថែមថា ប៉ូលិសចាប់បង្ខំមនុស្សដែលកំពុងមានជំងឺទៅសួរចម្លើយ គឺជារឿងមិនត្រឹមត្រូវឡើយ៖ «បាទចុះបើការចាប់ហ្នឹងធ្វើឱ្យមនុស្សជាជនសង្ស័យមានបញ្ហាសុខភាព ជាការទទួលខុសត្រូវរបស់សមត្ថកិច្ចហើយ ព្រោះអីតាមដែលខ្ញុំដឹងរឿងហ្នឹងគឺសាច់ញាតិប្រាប់ថាគាត់មានជំងឺលើសឈាម ។អីចឹងគាត់ត្រូវរកវិធីផ្សេងទៀត ក្នុងការចាប់ខ្លួន ដើម្បីកុំឱ្យជនសង្ស័យមានបញ្ហា » ។
លោកហិន ឆាន ជាមនុស្សទី២ហើយដែលរងគ្រោះដោយសារប៉ូលិសចាប់ខ្លួននៅខេត្តស្វាយរៀងដោយម្នាក់ទៀតជាសកម្មជនគណបក្សប្រឆាំងស្រុកកំពង់រោទិ៍ បានធ្លាក់ពីលើម៉ូតូរបស់ប៉ូលិសស្លាប់ក្នុងពេលបញ្ជូនទៅសាកសួរ ហើយរហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។