ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ផ្ទុះការតវ៉ាទាមទារលុយពីរម៉ឺនរៀល ថ្លៃឈ្នួលពួកគេទៅបោះឆ្នោត បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមិនបានចែកលុយតាមការសន្យា ក្រោយពីបោះឆ្នោត។ រីឯអាជ្ញាធរមូលដ្ឋាន ថាលុយនោះសម្រាប់ចែកជូន សមាជិកគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនចែកគ្រប់អ្នកទៅបោះឆ្នោតនោះទេ។ អ្នកជំនាញរឿងបោះឆ្នោត យល់ថា ការដែលអាជ្ញាធរចែកលុយដល់អ្នកបោះឆ្នោតនោះ គឺជារូបភាពទិញសន្លឹកឆ្នោត ដែលផ្ទុយពីច្បាប់ត្រូវទទួលទោស។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានទៅបោះឆ្នោតនោះ នាំគ្នាតវ៉ានៅផ្ទះមេភូមិក្រសាំង និងផ្ទះមេឃុំទឹកជ្រៅ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា មក ដោយសារភូតកុហក មិនព្រមចែកលុយតាមការសន្យា។ ពលរដ្ឋរូបនេះ បន្តថា មេភូមិ ក៏បានប្រើភាសាគំរាមកំហែង និងអោយប្រជាពលរដ្ឋស្បថដាក់ជីវិត មុននឹងទទួលយកលុយ ដែលគេបានសន្យាផ្ដល់ឲ្យ កាលពីមុនបោះឆ្នោត។ ប្រជាពលរដ្ឋខ្លះទៀត ខឹងខ្លាំងរហូតនាំគ្នាផ្តិតមេដៃ ធ្វើញត្តិទម្លាក់មេភូមិនោះទៀតផង។ ពលរដ្ឋរូបនេះ បញ្ជាក់ថា នៅមុនថ្ងៃបោះឆ្នោត គឺអាជ្ញាធរបានដើរគំរាមកំហែង និងសន្យាថា គណបក្សប្រជាជនកម្ពុជា នឹងចែកលុយ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ២ម៉ឺនរៀល ប្រសិនបើទៅបោះឆ្នោតមានស្នាមទឹកខ្មៅលើម្រាមដៃ។ «»
ប្រជាពលរដ្ឋឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានទម្លាក់លុយទៅតាមភូមិ យ៉ាងហោចណាស់ ១០លានរៀល សម្រាប់ចែកប្រជាពលរដ្ឋដែលបានបោះឆ្នោត ប៉ុន្តែមេភូមិមួយចំនួន បានកិបកេងលុយនោះទុកខ្លួនឯង ឬក៏ចែកចាយតែបក្ខពួកប៉ុណ្ណោះ ម្ល៉ោះហើយទើបបណ្ដាលឲ្យអ្នកបោះឆ្នោតខ្លះ ខឹងហើយនាំគ្នាតវ៉ា។
ចំណែកពលរដ្ឋម្នាក់ទៀត រស់នៅភូមិស្រម៉ ឃុំទឹកជ្រៅ រៀបរាប់ដែរថា មេភូមិស្រម៉ ក៏បានហៅអ្នកបោះឆ្នោតទៅចែកលុយដែរ។ លោកបញ្ជាក់ថា លុយនោះ គឺជាលុយទិញសន្លឹកឆ្នោត ព្រោះមុនការ បោះឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា បានដើរសន្យាចែកលុយ បើអ្នកណាទៅបោះឆ្នោត។ «»
ឆ្លើយតបករណីនេះ មេឃុំទឹកជ្រៅ លោក ហ៊ឹង ម៉េងហ៊ាង លើកឡើងថា គណបក្សប្រជាជនកម្ពុជានៅខាងលើ ពិតជាបានទម្លាក់កញ្ចប់លុយអោយតាមភូមិ ដើម្បីចែកអ្នកទៅបោះឆ្នោតមែន ប៉ុន្តែចែកសម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនចែកសម្រាប់អ្នកបោះឆ្នោតគ្រប់រូបនោះ ទេ។ លោកបញ្ជាក់ថា ការដែលអ្នកភូមិតវ៉ានោះ ព្រោះពួកគេយល់ច្រឡំថា លុយនោះសម្រាប់ចែកចាយគ្រប់គ្នា ហើយមានតែភូមិក្រសាំងមួយប៉ុណ្ណោះ ដែលមានអ្នកបោះឆ្នោតតវ៉ាទាមទារលុយចំនួន ២ម៉ឺនរៀល ចំណែកភូមិផ្សេងមិនមានការតវ៉ាទេ។ «»
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង នៅថ្ងៃទី២៥ ខែសីហា បានទេ ដោយលោកប្រាប់ថា ជាប់រវល់សែនចិន និងជួបជុំបងប្អូន។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានសហភាពសហជីពកម្ពុជា និងជាលោក រ៉ុង ឈុន មានប្រសាសន៍ថា នៅក្នុងខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីគណបក្សប្រជាជនបានផ្តល់ប្រាក់ឲ្យប្រជាពលរដ្ឋ បន្ទាប់ពីការបោះឆ្នោតហើយ គឺជាទង្វើមួយផ្ទុយពីច្បាប់ដែលត្រូវតែទទួលទោស។ លើសពីនេះ លោកយល់ថា ករណីនេះ ក៏ជាភស្តុតាងបង្ហាញបន្ថែមទៀតថា ការបោះ ឆ្នោតកន្លងទៅគ្មានយុត្តិធម៌ និងសេរីត្រឹមត្រូវ។ «»
ព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ត្រូវសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រពិតប្រាកដនោះឡើយ ដោយសាររបបលោក ហ៊ុន សែន មិនត្រឹមតែបានរារាំងមិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះទេ គឺថែមទាំងបានគំរាមកំហែង បំភិតបំភ័យ ទិញទឹកចិត្ត បំបិទសេរីភាពសព្វបែបយ៉ាង ដើម្បីដណ្ដើមជ័យជំនះតែម្នាក់ឯង។ ក្រុមអ្នកនិយមប្រជាធិបតេយ្យ និងប្រទេសប្រជាធិបតេយ្យធំៗ លើពិភពលោកមួយចំនួន ប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត និងមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយរបបលោក ហ៊ុន សែន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
