ថ្មីៗនេះ ជនជាតិអាមេរិកម្នាក់ ដែលជាអតីតមេធាវីការពារក្ដីលោក ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មាន the Florida Daily ដកស្រង់មតិ ចុះផ្សាយក្នុងទំព័រមតិមិត្តអ្នកអាន រិះគន់តំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន។ លោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) អះអាង ការពារចំណាត់ការរបបលោក ហ៊ុន សែន ដែលបង្ក្រាបបក្សប្រឆាំង និងថា ច្បាប់ដាក់ទណ្ឌកម្ម មន្ត្រីរបបលោក ហ៊ុន សែន ធ្វើឡើងដោយសមាជិកសភាមួយក្រុម ដែលមានទោសាគតិ គឺសេចក្ដីលម្អៀងព្រោះស្អប់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ប៉ុន្តែ តំណាងរាស្ត្រអាមេរិក ដែលស្នើច្បាប់នេះថា ច្បាប់នេះធ្វើឡើង សមស្របតាមសភាពការណ៍ពិត នៅកម្ពុជា និង តាមគោលការណ៍ស្រលាញ់ប្រជាធិបតេយ្យរបស់អាមេរិក។
នេះជាបទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយសមាជិកសភាអាមេរិកលោក ថិត យ៉ូហូ ជុំវិញរឿងនេះ ដូចតទៅ៖
មួង ណារ៉េត៖ លោក Christopher Beres ចោទថា ច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ដែលលោកបានស្នើឡើង និងទើបតែសភាជាន់ទាបអនុម័តរួចនេះ គឺធ្វើខូចប្រយោជន៍យុទ្ធសាស្ត្រអាមេរិក។ តើលោកយល់ស្របការលើកឡើងនេះ ដែរឬទេ?
ថិត យ៉ូហូ៖ អត់ទាល់តែសោះ! នរណាក៏ដោយ ឱ្យតែតាមដានសាវតាររបស់លោក គ្រីស្តូហ្វ៊ើ ប៊ែរ៉េះស៍ (Christopher Beres) នឹងដឹងភ្លាមថា គាត់ជានរណា បានជាសរសេរអត្ថបទគាំទ្រអំពើរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងររបស់របបលោក ហ៊ុន សែន បែបនេះ។
មួង ណារ៉េត ៖ ជាការពិតណាស់លោក Christopher Beres ធ្លាប់ធ្វើជាមេធាវីឱ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន។ ដោយសារតែគាត់កាន់ជើងរបបលោក ហ៊ុន សែន នេះឯងហើយ ទើបលោកថា សមាជិកសភាអាមេរិក មិនបានអញ្ជើញលោកឱ្យមកធ្វើសក្ខីកម្មការពាររបបលោក ហ៊ុន សែន ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា មុននឹងអនុម័តច្បាប់នេះ។ តើលោកតបយ៉ាងម៉េចដែរ ចំពោះរឿងនេះ?
ថិត យ៉ូហូ៖ តើគណៈកម្មាធិការកិច្ចការបរទេសរបស់សភា មានរឿងអ្វីដែលត្រូវទុកចិត្តលោក Christopher Beres ឱ្យមកធ្វើសក្ខីកម្មក្នុងរឿងនេះនោះ? គាត់មិនមែនជាអ្នកជំនាញផ្នែកកិច្ចការបរទេសនោះឡើយ។ គាត់គ្រាន់តែជាមេធាវីមួយរូប ដែលការពារមន្ត្រីរបបលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្សតែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំមិនចាត់ទុកគាត់ជាអ្នកជំនាញអ្វីនោះឡើយ។
មួង ណារ៉េត៖ ទោះគាត់មិនមែនជាអ្នកជំនាញ រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ពិតមែន តែគាត់អះអាងថា ការចាប់ខ្លួនលោក កឹម សុខា និងរម្លាយគណបក្សសង្គ្រោះជាតិ គឺជារឿងត្រឹមត្រូវ។ តើលោកយល់យ៉ាងម៉េចដែររឿងនេះ?
ថិត យ៉ូហូ៖ ខ្ញុំគួរតែសួរទៅគាត់វិញ ថា តើកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មានប្រជាធិបតេយ្យ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយឬនៅ? តើគាត់ដឹងថា សព្វថ្ងៃប្រជាធិបតេយ្យ នៅកម្ពុជា គឺគ្រាន់តែជាស្រមោលតែប៉ុណ្ណោះ? គាត់មានយកភ្នែកមើលទេ ដែលក្នុងរបបនេះ ប្រជាពលរដ្ឋខ្មែរ រងការគំរាមកំហែងឥតស្រាកស្រាន្ត តំណាងរាស្ត្របក្សប្រឆាំង ត្រូវគេវាយដំច្រំធាក់ ចាប់មន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បណ្ដេញអង្គការសង្គមស៊ីវិល និង រម្លាយគណបក្សសង្គ្រោះជាតិ? ការបំពានអស់ទាំងនេះ កើតមានឡើងជាក់ស្ដែងនៅកម្ពុជា គាត់មានមើលឃើញទេ? តើគាត់ជឿថា ការបោះឆ្នោត មួយអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួចដែរឬទេ ក្នុងស្ថានភាពបែបនេះ? សរុបសេចក្ដីមក លោក Christopher Beres ធ្វើនេះ គឺគ្រាន់តែការពាររបបស្មោកគ្រោគមួយតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា គាត់បានប្រាក់ប៉ុន្មាន ពីការប្រឹងប្រែងការពាររបបលោក ហ៊ុន សែន បែបនេះនោះទេ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា គាត់រកលុយបាន ដោយធ្វើយ៉ាងដូច្នេះ។ ចំពោះខ្ញុំវិញ ខ្ញុំធ្វើដូចគាត់មិនកើតទេ។
មួង ណារ៉េត៖ ក្រោយច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ត្រូវបានបញ្ជូនដល់ដៃព្រឹទ្ធសភា លោក ហ៊ុន សែន អន្ទះសាឱ្យអាមេរិកប្រញាប់ បង្កកទ្រព្យសម្បត្តិគាត់ និង ក្រុមគ្រួសារគាត់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយមិនចាំបាច់ ចាំយូរតទៅទៀតទេ។ តើការអន្ទះសារបស់លោក ហ៊ុន សែន បង្ហាញពីការមិនខ្លាចទណ្ឌកម្ម ឬ ដោយសារតែលោកកំពុងព្រួយបារម្ភខ្លាំងក្នុងរឿងនេះ?
ថិត យ៉ូហូ៖ លោក ហ៊ុន សែន មិនចាំបាច់អន្ទះសាខ្លាំងពេកទេ។ យើងនឹងបន្តដំណើរការនីតិវិធីច្បាប់នេះ ទៅព្រឹទ្ធសភា និងប្រធានាធិបតី ដើម្បីចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។ ពេលនោះទ្រព្យសម្បត្តិទាំងប៉ុន្មាន របស់លោក ហ៊ុន សែន ក្រុមគ្រួសារ និងមន្ត្រីរបស់គាត់ នឹងត្រូវបង្កក។ យើងមិនធ្វើអ្វីតាមខ្សែញាក់ និងការនឹកឃើញរបស់លោក ហ៊ុន សែន នោះទេ។ គ្រាន់តែចាំថា មិនមែនមានតែសហរដ្ឋអាមេរិកទេ ដែលឈឺឆ្អាលរឿងខ្មែរនេះ សហភាពអឺរ៉ុបក៏រកឃើញការប្រព្រឹត្តិមិនត្រឹមត្រូវរបស់របបលោក ហ៊ុន សែនដែរ គឺខុសតាំងការរៀបចំបោះឆ្នោតក្លែងក្លាយមកម្ល៉េះ។ យើងដឹងទៀតថា លោក ហ៊ុន សែន ត្រូវរ៉ូវគ្នាខ្លាំងជាមួយចិន។ គ្រួសារត្រកូលហ៊ុន និងមន្ត្រីគ្រាក់ៗរបបនេះ មានប្រាក់វាល់លានដុល្លារ សុទ្ធតែជាសេដ្ឋីអស់ទៅហើយ ប៉ុន្តែរាស្ត្រខ្មែរទូទៅឯណោះវិញ នៅតែក្រីក្រ និងរកប្រាក់ចំណូលបានតិចជាងគេ នៅលើពិភពលោក។
មួង ណារ៉េត៖ ប៉ុន្តែការដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន នឹងរឹតតែធ្វើឱ្យកម្ពុជាឯកោពីសហគមន៍អន្តរជាតិ និងធ្វើឱ្យរបបនេះ ងាយនឹងពឹងចិនដើម្បីជួយ ដែលអាចខាងខាតប្រយោជន៍អាមេរិក ដូចលោក គ្រីស្តូហ្វ៊ើ ប៊ែរ៉េះស៍ ថាទេអ៊ីចឹង?
ថិត យ៉ូហូ៖ យើងដឹងថា ចិនបានសាងសង់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជា ទោះបីកម្ពុជាប្រកែកយ៉ាងណាក្តី។ ភស្តុតាងឃើញជាក់ស្តែងតាមប្រព័ន្ធផ្កាយរណប ដែលបង្ហាញរូបភាពទាំងនេះ។ គ្មានស្អីចម្លែកទេ ព្រោះចិនធ្វើតែអ៊ីចឹងឯង មិនមែននៅតែខ្មែរទេ នៅឯណាក៏អ៊ីចឹងដែរ។ លោក គ្រីស្តូហ្វើប៊ែរ៉េះស៍ ថា ច្បាប់នេះ រុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃចិន ដែលធ្វើឱ្យខូចប្រយោជន៍អាមេរិកចំណេញចិន។ ការលើកឡើងបែបនេះ មិនត្រឹមត្រូវទេ! គឺលោក ហ៊ុន សែន ខ្លួនឯងទេ ដែលជ្រើសរើសទៅរណបចិន។ អ្វីដែលលោក គ្រីស្តុហ្វើ ប៊ែរ៉េះស៍ មិនយល់នោះ គឺចិនកំពុងត្រួតត្រាលោក ហ៊ុន សែន ទៅហើយ។ សូមកុំភ្លេចថា លោក ហ៊ុន សែន ជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គឺមិនខុសពីពួក ប៉ុល ពត ទេ គឺធ្វើទុក្ខបុកម្នេញ និងបង្ក្រាបប្រជាពលរដ្ឋខ្លួនឯង ដែលហ៊ានប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួន។ ខ្ញុំសុំសួរទៅវិញថា តើឱ្យអាមេរិកបន្តធ្វើពាណិជ្ជកម្មជាមួយកម្ពុជាយ៉ាងម៉េច បើរបបលោក ហ៊ុន សែន ស្ថិតក្នុងស្ថានភាពបែបនេះ? បើថាច្បាប់នេះ គ្មានបានការអ្វី ហេតុអ្វីគាត់ចាំបាច់ខ្វល់ម្ល៉េះ? ចាំតែមើលទៅ នឹងដឹងហើយ! គង់មានថ្ងៃគាត់ដឹងខ្លួនជាមិនខានឡើយ!
មួង ណារ៉េត៖ ចុះការឌឺរបស់លោក ហ៊ុន សែន ឱ្យប្រញាប់ដាក់ទណ្ឌកម្មនោះ តើមានន័យថា ទណ្ឌកម្មនឹងគ្មានប្រសិទ្ធភាពដូចគាត់អះអាង ឬយ៉ាងម៉េច?
ថិត យ៉ូហូ៖ ការណ៍ដែលលោក ហ៊ុន សែន កាន់តែផ្គើនខ្លាំង គឺល្អទៅវិញទេ ព្រោះយើងឃើញរបបលោក ហ៊ុន សែន កំពុងរងសម្ពាធខ្លាំងហើយ ទើបគាត់អន្ទះសាដូច្នេះ។ មួយរយៈចុងក្រោយនេះ របបនេះប្រឹងប្រវេប្រវា រកអ្នកជួយការពាររបបនេះយ៉ាងសម្បើម ដែលមិនធ្លាប់មានពីមុនមកនោះទេ។ របបនេះបានចាយលុយយ៉ាងសន្ធឹក ដើម្បីជួលមនុស្ស ឱ្យតស៊ូមតិ ដើម្បីការពាររបបនេះ។ យើងឃើញទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋវ៉ាស៊ីនតោន ស្តេត មួយរូប សុទ្ធតែប្រឹងការពាររបបនេះ។ ហេតុអ្វីបានរបបលោក ហ៊ុន សែន ចំណាយលុយយ៉ាងសន្ធឹក ដើម្បីជួយការពាររបបនេះ? បើលោក ហ៊ុន សែន អួតអាងថា អត់ខ្វល់ ហេតុអ្វីចាំបាច់ចំណាយលុយ ជួលមនុស្សឱ្យជួយបិទបាំងទង្វើខុសឆ្គងរបស់ខ្លួនបែបនេះ? ខ្ញុំថាលោក ហ៊ុន សែន កំពុងព្រួយបារម្ភខ្លាំងរឿងនេះ។ គាត់មិនមែន មិនដឹងថា របបគាត់ នឹងរងផលវិបាកខ្លាំង ដោយសារច្បាប់នេះនោះទេ។ បើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា គឺលោក ហ៊ុន សែន នៅសល់តែចិនប៉ុណ្ណោះ។ បើពាណិជ្ជកម្មកម្ពុជា ពឹងតែប្រទេសចិនមួយ តើសង្ឃឹមអី? ចាំតែមើលទៅ នឹងដឹងហើយ!
មួង ណារ៉េត៖ បាទ! សូមអរគុណលោក ថិត យ៉ូហូ ដែលបានចំណាយពេល ឱ្យខ្ញុំសម្ភាសជុំវិញរឿងនេះ!
ថិត យ៉ូហូ៖ បាទ! សូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
