រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យក្រសួងនេះគឺលោក ថៃ នរៈសត្យា ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង។ ការបញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់រូបនេះ កើតឡើងក្រោយពេលមានការបង្ហោះរូបភរិយាថ្មីក្មេងរបស់លោកក្នុងពិធីឡើងផ្ទះ ដែលបង្កជាជម្លោះជាមួយអតីតភរិយារបស់លោកដែលបានលែងលះគ្នារួចហើយ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះកាលពីថ្ងៃទី១៩ ខែមិថុនា ត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ព្រះមហាក្សត្រក៏បង្គាប់ឱ្យលោក ហ៊ុន សែន ជាអ្នកអនុវត្តព្រះរាជក្រឹត្យនេះ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺ ពីលោក ថៃ នរៈសត្យា ជុំវិញការបញ្ចប់មុខតំណែងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទនោះទេនៅថ្ងៃទី២០ ខែមិថុនា។ យ៉ាងណាដោយក៏ចុះ ថៃ នរៈសត្យា បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគោរពការសម្រេចនេះ។
ការបញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា នៅពេលនេះ កើតឡើងក្រោយពេលមានករណីជម្លោះគ្រួសាររវាងលោក និងអតីតភរិយាដើមរបស់លោក និងត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតតាមបណ្ដាញសង្គមហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
