ប្រមុខរដ្ឋាភិបាលថៃអះអាងថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងមិនអាចចូលប្រទេសថៃ ដើម្បីដឹកនាំអ្នកគាំទ្រវិលត្រឡប់ទៅកម្ពុជាវិញនោះឡើយ។ មេដឹកនាំថៃ ភ្ជាប់ករណីនេះទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍អាស៊ាន ដែលប្រទេសនីមួយៗមិនអាចលូកដៃចូលក្នុងកិច្ចការប្រទេសសមាជិកដទៃឡើយ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) ថ្លែងនៅថ្ងៃទី៦ វិច្ឆិកាថា ប្រទេសថៃនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាននោះឡើយ ហើយក៏នឹងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ប្រើប្រាស់ទឹកដីថៃដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលណាមួយនោះដែរ។
លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកបានដាក់បញ្ជារួចហើយ ដូច្នោះ រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឱ្យក្រុមគណបក្សប្រឆាំងប្រើប្រាស់ទឹកដីថៃធ្វើជាមូលដ្ឋានទេ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៣១ ខែតុលា ដើម្បីសុំសិទ្ធិឆ្លងកាត់ប្រទេសថៃដោយសុវត្ថិភាព ចូលទៅប្រទេសកម្ពុជា តាមរយៈការចុះនៅព្រលានយន្តហោះសុវណ្ណភូមិ នៅទីក្រុងបាងកក នៅថ្ងៃទី៨ វិច្ឆិកា ហើយឆ្លងចូលទៅប្រទេសកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត នៅថ្ងៃទី៩ វិច្ឆិកា។ លោកបានរំឭកការដឹងគុណរដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៣ ដែលបានអនុញ្ញាតឱ្យលោកបានឆ្លងកាត់ចូលទៅប្រទេសកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សុំមិនធ្វើអត្ថាធិប្បាយចំពោះប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នេះទេ។ តែយ៉ាងណា លោកថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងមមាញឹកនឹងកិច្ចការរៀងៗខ្លួន និងបានមកដល់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដើរៗហើយ៖ «ខ្ញុំសុំមិនទាន់ធ្វើអត្ថាធិប្បាយលើរឿងហ្នឹងទេ ចាំមើលជាក់ស្ដែងពេលលោកប្រធានស្តីទីគាត់មកដល់ប្រទេសថៃនៅថ្ងៃទី៨ តាមជើងយន្តហោះដែលគាត់បញ្ជាក់ប្រាប់ហ្នឹង»។
របបលោក ហ៊ុន សែន បានព្រមានក្រុមហ៊ុនយន្តហោះចំនួន៤៧ មិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំង ចូលប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះឡើយ បើមិនដូច្នេះទេពួកគេនឹងប្រឈមមុខជាប់ទោសពីបទឧក្រិដ្ឋ។ ទន្ទឹមនឹងនេះ របបក្រុងភ្នំពេញបានចល័តកងកម្លាំងប្រដាប់អាវុធជាច្រើនឱ្យទៅបោះទីតាំងឈរជើងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ជាពិសេសនៅច្រកប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលជាទីតាំងគណបក្សសង្គ្រោះជាតិជ្រើសរើសយកជាកន្លែងឆ្លងចូលមកកម្ពុជា។
ទោះជាយ៉ាងណា លោក សម រង្ស៊ី អះអាងថា លោកនឹងចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៧ វិច្ឆិកា ហើយនឹងទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ចុងសប្ដាហ៍នេះ។
តាមរយៈសំបុត្រយន្តហោះមួយសន្លឹក ដែលអាស៊ីសេរីទទួលបាននៅព្រឹកថ្ងៃទី៦ វិច្ឆិកា បង្ហាញថា លោក សម រង្ស៊ី នឹងចេញដំណើរពីព្រលានយន្តហោះ ហ្សាល ដឺ ហ្គោល (Charles De Gaulle) ទីក្រុងប៉ារីស ឆ្ពោះទៅវាលយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ តាមជើងយន្តហោះថៃ TG931។ សំបុត្រនោះបញ្ជាក់ពេលវេលាចាកចេញពីទីក្រុងប៉ារីស គឺនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី៧ វិច្ឆិកា ហើយនឹងចុះចតនៅវេលាម៉ោង៦ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាហូរហែកន្លងមក និងនៅក្នុងលិខិតរបស់លោកជូនលោក ប្រាយុទ្ធ ចាន់អូចា លោក សម រង្ស៊ី តែងបញ្ជាក់ថា ការសម្រេចវិលត្រឡប់ចូលស្រុកកំណើតវិញ គឺជាជម្រើសចុងក្រោយរបស់លោក ដើម្បីរំដោះប្រទេសជាតិចេញពីរបបផ្ដាច់ការសព្វថ្ងៃ ហើយនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍មាតុភូមិនិវត្តន៍របស់លោកឆ្លងកាត់ប្រទេសថៃនោះ នឹងប្រព្រឹត្តទៅដោយសន្តិវិធី ដើម្បីជាឱកាសសម្រាប់អ្នកនយោបាយខ្មែរទាំងអស់ផ្សះផ្សាគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
