មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ អះអាងថា ពេលនេះមានពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្នុងចំណោមពលករទាំងនោះ ស្ត្រីមានប្រមាណជា ២០ភាគរយ។
ការប្រមូលបញ្ជីឈ្មោះ និងកំណត់ចំនួនជាក់លាក់នៃពលករខ្មែរនៅប្រទេសថៃដែលអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នេះ ក្រុមការងារគណបក្សសង្គ្រោះជាតិចែកចេញជាក្រុមការងារ ៩៨តំបន់ ទូទាំងប្រទេសថៃ និងបានចុះទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះរយៈពេល ២សប្ដាហ៍ ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែសីហា។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនរស្មី ឱ្យអាស៊ីសេរីដឹងថ្ងៃទី១ ខែកញ្ញា ថា កន្លងមកគណបក្សសង្គ្រោះជាតិ មានចំនួនអ្នកគាំទ្ររួចហើយ នៅក្នុងប្រទេសថៃ ប៉ុន្តែដើម្បីឱ្យដឹងចំនួនជាក់លាក ដូច្នេះក្រុមការងារគណបក្សត្រូវតែស្រង់បញ្ជីឈ្មោះនេះជាថ្មីម្តងទៀត ដើម្បីយកតែចំនួនពលករដែលយល់ព្រមអមដំណើរលោក សម រង្ស៊ី។ លោកថា នេះជារបាយការណ៍បឋមលើកទី១ ចំណែករបាយការណ៍លើកទី២ ក្រុមការងារលោកនឹងបង្ហាញនៅថ្ងៃទី១៨ ខែតុលា ខាងមុខ៖ «យើងធ្វើបញ្ជីក្នុងគោលដៅរបស់យើងគឺបញ្ជីបច្ចុប្បន្នអ៊ីចឹងយើងកំណត់យកសាថ្មីមួយចំនួនតូចទេ យើងអត់បានសរុបទាំងអស់ទេ យុទ្ធនាការយើងនឹងខំប្រឹងប្រែងខ្លាំងនៅក្នុងខែកញ្ញានេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ហើយយើងសរុបទិន្នន័យរួមតែម្ដង»។
លោក លី រតនរស្មី អះអាងទៀតថា ពលករខ្មែរនៅប្រទេសនៅប្រទេសថៃ ដែលជាក្រុមការងារជាក់លាក់របស់គណបក្សសង្គ្រោះជាតិមានជាង ៤០ម៉ឺននាក់។
ពលករម្នាក់ធ្វើការងារនៅប្រទេសថៃ លោក ហួន ស៊ីយ៉ា ឱ្យអាស៊ីសេរីដឹងថា លោក និងពលករខ្មែររាប់ម៉ឺនផ្សេងទៀតបានប្ដេជ្ញាចិត្តរួចរាល់ដើម្បីអមដំណើរលោក សម រង្ស៊ី។ លោកបន្តថា លោកមិនខ្លាចបាត់បង់ការងារនោះទេ ពីព្រោះថាបើប្រទេសកម្ពុជាមានមេដឹកនាំល្អ លោកមិនចាំបាច់មកធ្វើការងារនៅប្រទេសថៃទៀតទេ ដោយលោកសុខចិត្តធ្វើការងារនៅប្រទេសកំណើតវិញ៖ «ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋយើងរស់យ៉ាងលំបាកវេទនាអញ្ចឹងទៅខ្ញុំសុខចិត្តទោះបីថវិកាខ្ញុំតិចឬច្រើនយ៉ាងណាក្តីខ្ញុំនឹងប្ដេជ្ញាចិត្ត និងបងប្អូនពលករយើងរាប់ពាន់រាប់ម៉ឺននាក់ផ្សេងទៀតគាត់ត្រៀមកម្លាំងអមដំណើរលោកប្រធាន សម រង្ស៊ី វិលចូលស្រុកខ្មែរដើម្បីចង់ឃើញការផ្លាស់ប្ដូរ»។
ទាក់ទងចំនួនពលករនៅប្រទេសថៃនេះដែរ គណបក្សប្រឆាំង អះអាងថា មានពលករធ្វើទាំងស្របច្បាប់ និងគ្មានច្បាប់ប្រមាណ ២លាននាក់ ប៉ុន្តែ របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរនៅក្រៅប្រទេសមានជាង ១លាន ២ សែននាក់ ក្នុងនោះជាង១ លាន ១ សែននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ។
ថ្លែងពីប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៩ ខែសីហា លោក សម រង្ស៊ី បានស្នើទៅអ្នកគាំទ្រលោក ជាពិសេសពលករខ្មែរនៅប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន និងប្រទេស ម៉ាឡេស៊ី ជាដើមត្រៀមខ្លួនទៅផ្ទះវិញជាមួយលោក។ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ក៏អំពាវនាវ ដល់ពលរដ្ឋខ្មែរក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ៖ «ខ្ញុំនឹងនាំពលករខ្មែរនៅថៃពីរលាននាក់បងប្អូន នៅម៉ាឡេស៊ី នៅកូរ៉េ នៅជប៉ុនដែលពួកគាត់បង្ខំចិត្តទៅស៊ីឈ្នួលធ្វើការងារស្រុកគេ ទៅផ្ទះយើងវិញទាំងអស់គ្នា ទៅយកផ្ទះយើង ទៅយកដីធ្លីយើងវិញ ទៅយកប្រទេសយើងវិញកុំឱ្យ ហ៊ុន សែន ប្លន់»។
ក្រុមយុវជន និងក្រុមពលករដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសបានប្ដេជ្ញាថា នឹងរួមដំណើរជាមួយ លោក សម រង្ស៊ី និងក្រុមអ្នកប្រជាធិបតេយ្យ ចូលប្រទេសកម្ពុជាវិញថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។ ជាការឆ្លើយតប របបក្រុងភ្នំពេញ បានព្រមានថានឹងចាប់ខ្លួន លោក សម រង្ស៊ី និងអ្នកហែហមលោក សម រង្ស៊ី ក្នុងពេលវិលចូលស្រុកវិញ។ អនុប្រធានបក្សប្រឆាំង លោក អេង ឆៃអ៊ាង បញ្ជាក់ថា បីថ្ងៃមុនលោក សម រង្ស៊ី ទៅប្រទេសកម្ពុជាវិញ គណបក្សសង្គ្រោះជាតិនឹងបង្ហាញតម្រាយផ្លូវដែលលោក សម រង្ស៊ី ត្រូវធ្វើដំណើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។