ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​៧0​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា នៅ​រោងចក្រ​អនាគត (Future Factory) ដោយមាន​ការ​ប្រគំ​តន្ត្រី​សម័យ និង​បុរាណ និង​បើក​អោយ​សាធារណជន​ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​។

សេចក្ដី​ថ្លែងការណ៍​ស្ថាន​ទូត​ឱ្យ​ដឹង​ថា ស្ថានទូត​នឹង​រៀបចំ​ប្រារព្ធ​ខួប​ទី​៧0​នេះ ក្នុង​រយៈពេល​ពេញ ១​ឆ្នាំ ដោយ​ផ្ដោត​លើ​កម្មវិធី​ជាច្រើន ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​ការ​កសាង​នូវ​ភាពជា​ដៃគូ​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ​។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា សហរដ្ឋអាមេរិក ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​។ កម្មវិធី​ទាំងនោះ​ផ្តោត​ទៅ​លើ​វិស័យ​កសិកម្ម យុវជន អប់រំ ស្ត្រី បរិស្ថាន ជំនួយ​មនុស្សធម៌ ពាណិជ្ជកម្ម ការ​វិនិយោគ ការអនុវត្ត​ច្បាប់ លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​កម្មវិធី​សុខភាព​ជាដើម។

ទំនាក់ទំនង​អាមេរិក កម្ពុជា បាន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​១៩៥០ នៅ​ពេល​អ្នក​ការទូត​ជាន់ខ្ពស់​អាមេរិក លោក ដូណាល ហីហ្វ (Donald Heath) បាន​ថ្វាយ​សារតាំង​ដល់​ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៥០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។