សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ធ្វើ​ឱ្យ​អាស៊ាន​មាន​សារៈសំខាន់​ស្នូល​នៅ​ក្នុង​តំបន់

ដោយ ម៉ៅ សុធានី
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
US-ASEAN logo
US-ASEAN logo
ASEAN Information Center

សហរដ្ឋ​អាមេរិក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​អាស៊ាន​មាន​សារៈសំខាន់​ស្នូល​នៅ​ក្នុង​តំបន់​ បន្ទាប់​ពី​អាស៊ាន​បាន​ជួយ​ឱ្យ​មាន​សន្តិភាព វិបុល​ភាព និង​ស្ថិរភាព​តំបន់។ ការ​បញ្ជាក់​ជំហរ​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​​ឡើង​ក្នុង​ឱកាស​ខួប ៥២ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន កាល​ពី​ពេល​ថ្មីៗ នេះ។

រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ថ្លែង​ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន​ រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ចក្ខុវិស័យ​រួម​របស់​ភាគី​ទាំងពីរ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific) ដែល​បើក​ទូលាយ និង​មាន​របៀប​រៀប​រយ។ លោក​បញ្ជាក់​ទៀត​ថា ភាគី​ទាំងពីរ​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​លើក​កម្ពស់​គោលការណ៍ ផល​ប្រយោជន៍ និង​គុណ​តម្លៃ ដែល​ជួយ​ឱ្យ​តំបន់​ទាំងមូល​រីក​ចម្រើន និង​ទទួល​ជោគជ័យ ព្រម​ទាំង​ពង្រឹង​ចំណង​ទាក់ទង​រវាង​ពលរដ្ឋ​អាមេរិកាំង និង​ពលរដ្ឋ​អាស៊ាន។ ប្រមុខ​ការ​ទូត​អាមេរិក​រូប​នេះ​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​ចង់​រក្សា​ភាព​​ជា​ដៃគូ​ជាមួយ​សមាគម​អាស៊ាន​ឱ្យ​បាន​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត។

អាស៊ាន​បាន​ក្លាយ​ជា​តំបន់​ប្រជែង​ឥទ្ធិ​ពល​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​មហា​អំណាច​កុម្មុយនិស្ត​ចិន និង​សហរដ្ឋ​អាមេរិក។ ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​លើ​តំបន់​មួយ​នេះ​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ “ខ្សែ​ក្រវាត់ និង​ផ្លូវ” ស្រប​ពេល​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន ដោយ​អនុវត្ត​យុទ្ធសាស្ត្រ “ឥណ្ឌូ​ប៉ាស៊ីហ្វិក”។ ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា និង​ឡាវ ជាដើម តែង​ចេញ​មុខ​គាំទ្រ និង​ការពារ​ផល​ប្រយោជន៍​ចិន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល ដែល​ដៃគូ​ទំនាស់​របស់​ចិន ដូច​ជា វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន ជា​ដើម បាន​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែក​ទប់​ទល់​ជាមួយ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល