ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅមិនទាន់ឆ្លើយនឹងសំណួររបស់អាស៊ីសេរី ជុំវិញគម្រោងដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅឡើយទេ កាលពីថ្ងៃទី៥ វិច្ឆិកា។ អាស៊ីសេរីកាលពីសប្ដាហ៍មុន បានសួរទៅស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ចំពោះគោលជំហរផ្លូវការរបស់ស្ថានទូតអាមេរិក ជុំវិញដំណើរវិលចូលស្រុករបស់លោក សម រង្សី ហើយថា តើការវិលត្រលប់របស់លោក សម រង្សី នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិកឬអត់។ អាស៊ីសេរីក៏សួរថា តើសហរដ្ឋអាមេរិក នឹងចាត់វិធានការណ៍បែបណាខ្លះ ប្រសិនបើអាជ្ញាធរកម្ពុជាវាយបង្ក្រាបដោយការបង្ហូរឈាមដល់ក្រុមអ្នកហែហមលោក សម រង្ស៊ី ពេលលោកវិលចូលស្រុកខ្មែរវិញ?
អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅមន្ត្រីនាំពាក្យនៃការិយាល័យកិច្ចការអាស៊ីបូព៌ានៃក្រសួងការបរទេស ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីសួរបញ្ជាក់ពីរឿងនេះដែរ តែរហូតមកដល់ម៉ោងផ្សាយនេះ ក៏ពុំមានការឆ្លើយតបណាមួយនោះទេ។ ប៉ុន្តែ កន្លងមកស្ថានទូតអាមេរិកប្រចាំក្នុងពេលកន្លងមក បានអំពាវនាវឱ្យមានការដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពនៃគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ចំណែក សមាជិកសភាអាមេរិកមួយចំនួន ក្នុងពេលកន្លងមក ក៏បានប្រកាសគាំទ្រនូវដំណើរការវិលត្រលប់ចូលស្រុកវិញរបស់លោក សម រង្សី ផងដែរ។
អ្នកវិភាគនយោបាយបានលើកឡើងថា ពួកគេចង់ឃើញនូវតួនាទីអាមេរិកសម្របសម្រួលជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជា។
ក្រោយថ្វាយសារតាំងដល់ព្រះមហាក្សត្រខ្មែរ និងជួបមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ក្នុងពេលកន្លងទៅថ្មីនេះ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅមិនទាន់ចេញសារណាមួយទាក់ទងដល់ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។