ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2020-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​​ទាហាន​វៀតណាម​ឱ្យ​រុះ​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​​ទាហាន​វៀតណាម​ឱ្យ​រុះ​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
រូប៖ នគរបាល​ជាតិ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន តាមរយៈ​សកម្មភាព​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន និង​ការ​សរសេរ​ញត្តិ​ជាដើម ដើម្បី​ឱ្យ​រដ្ឋាភិបាល​ធានា​ថា ទឹកដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន គ្មាន​ការបាត់បង់​ទៅ​ប្រទេស​ជិត​ខាង។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល ស្នើ​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​រឿង​នេះ តាម​គោលការណ៍​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លើក​ឡើង​ថា ពលរដ្ឋ និង​ក្រុម​យុវជន មាន​តួនាទី​សំខាន់ ចូលរួម​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​គ្រប់​តំបន់​ទាំងអស់ និង​ត្រូវ​តាមដាន​ពី​ប្រសិទ្ធភាព​កិច្ចការពារ របស់​រដ្ឋាភិបាល ក្នុង​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ មេសា ថា ពលរដ្ឋ​មាន​កាតព្វកិច្ច​ចំបាច់​ការពារ​ព្រំដែន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដើម្បី​ទាមទារ ឱ្យ​រដ្ឋាភិបាល មាន​ជំហរ​ច្បាស់លាស់ ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ លោក​បារម្ភ​ថា បើ​ពលរដ្ឋ​នៅតែ​ខ្លាច មិន​ហ៊ាន​ចូលរួម​ការពារ​ព្រំដែន​ទេ កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ របូត​ទឹកដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ជា​បន្ត​ទៀត​៖ «រឿង​បញ្ហា​សិទ្ធិ​បើសិនជា​យើង មិន​មាត់ គេ​មិនដែល​ដាក់​ជើងពាន​សិទ្ធិ​ឱ្យ​យើង​នោះ​ទេ​។ យើង​ឃើញ​ពលរដ្ឋ មាន​ការ​ចូលរួម​កម្រិត​ទាប​នៅ​ឡើយ។ យើង​ចង់​ឃើញ​យុវជន និង​បញ្ញវន្ត​ចូលរួម​ឈឺឆ្អាល​រឿង​សង្គម​ហ្នឹង ឱ្យ​បាន​ច្រើន ជំរុញ​ឱ្យ​រដ្ឋាភិបាល អនុវត្ត​បាន​ហើយ​។ យើង​ដឹង​ថា ថ្នាក់ដឹកនាំ​រដ្ឋ គឺជា​អ្នកបម្រើ​ពលរដ្ឋ»

លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។ រូបថត​ពី​បណ្តាញ​សង្គម
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។ រូបថត​ពី​បណ្តាញ​សង្គម

ទោះ​យ៉ាង​ណា ក្រុម​យុវជន និង​ពលរដ្ឋ សង្កេត​ឃើញ​ថា ការ​ចូលរួម​ឃ្លាំមើល និង​ការ​ការពារ​ព្រំដែន គឺជា​ចំណុច​រសើប​មួយ បង្ក​ឱ្យ​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​រដ្ឋាភិបាល រឹតត្បិត​សិទ្ធិ​សេរីភាព និង​គំរាមកំហែង​ពលរដ្ឋ ជាពិសេស​សិទ្ធិ​បញ្ចេញមតិ​រឿង​ព្រំដែន​តែម្ដង។

យុវជន​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ ធ្លាប់​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន លោក ម៉ា ចិត្រា យល់​ថា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ បាន​ធានា​សិទ្ធិ​សេរីភាព ពលរដ្ឋ និង​ក្រុម​យុវជន ឱ្យ​ចូល​រួមការ​ពារ​ព្រំដែន​ក្តី ក៏ប៉ុន្តែ​ជាក់ស្ដែង ពួកគេ​នៅតែ​ប្រឈម ការ​លំបាក​ក្នុង​ការ​តាមដាន​រឿង​នេះ ព្រោះ​កន្លងទៅ​ពួកគេ​ធ្លាប់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ហាមឃាត់ ពេល​ចុះ​ទៅ​ពិនិត្យ​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង​៖ «សម្ដែង​មតិ ឬ​ប្រើប្រាស់​សិទ្ធិ​របស់​យើង​ហ្នឹង ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គាត់​ថា​យើង​ខុសច្បាប់​ទៅ​វិញ មែនទែន​ទៅ ស្រេច​តែ​គាត់​បកស្រាយ យើង​ក្នុង​នាម​ជា​ពលរដ្ឋ យើង​ចាំតែ​ទទួល​កំហុស​។ កិច្ចការពារ និង​ឃ្លាំមើល​បញ្ហា​ព្រំដែន យើង​ពិបាក​ចូលរួម​ណាស់ ព្រោះ​សិទ្ធិ​សេរីភាព​យើង​ឥឡូវ ត្រូវ​បាន​រឹតត្បិត​ខ្លាំង​ជាង​មុន»

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើ​សូម​ឱ្យ​ពលរដ្ឋ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ចំពោះ​បញ្ហា​នេះ ព្រោះ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​តាម​គោលការណ៍ ដែល​ភាគី​ប្រទេស ទាំងពីរ បាន​ចុះហត្ថលេខា​រួច ក្នុង​ការ​អនុវត្ត ខ្សែ​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។ លោក​បញ្ជាក់​ថា ភាគី​ប្រទេស​ទាំងពីរ កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រយ័ត្ន​ប្រយែង យ៉ាង​ប្រយ័ត្នប្រយែង ចៀសវាង​បង្កើត​បាន​ជា​អំពើ​ហិង្សា៖ «ការងារ​ហ្នឹង មិនមែន​ជា​ការងារ​របស់ ប្រជាពលរដ្ឋ និង​យុវជន​ទេ ជា​ការងា​របស់​គណៈកម្មការ ព្រោះ​យើង​រឿង​ហ្នឹង យើង​ដោះស្រាយ​តាម​គោលការណ៍ ដែល​យើង​បាន​ចុះហត្ថលេខា​រវាង​កម្ពុជា និង​វៀតណាម តាមរយៈ​គណៈកម្មការ​ចម្រុះ​ព្រំដែន​។ យើង​អត់​មាន​ដោះស្រាយ តាម​អារម្មណ៍ ឬ​ដោះស្រាយ​តាម​នយោបាយ​ណាមួយ​ទេ គឺជា​បច្ចេកទេស​សុទ្ធសាធ។ អង្វរ​ពលរដ្ឋ​សូម​រក្សា​ភាព​ស្ងប់ស្ងៀម»

ប្រជា​ពលរដ្ឋ​ពិនិត្យ​ឃើញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា មាន​ជំហរ​ដោះស្រាយ​ទន់ខ្សោយ ខុស​ពី​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​កន្លងមក ដែល​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ប្រកាស​តវ៉ា​ខ្លាំង​ៗ និង​រហូត​បញ្ជូន​កង​ទ័ព ទៅ​ការពារ​តំបន់​ជម្លោះ​ទាំងនោះ​ទៀត​ផង។ ជាក់ស្ដែង​ករណី​ទាហាន​វៀតណាម ចូល​មក​បោះតង់ ចំនួន​៩​កន្លែង ក្នុង​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល គឺ​កងទ័ព​វៀតណាម មិនទាន់​រើចេញ​ទៅវិញ​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ ហើយ​កម្ពុជា ក៏​មិនទាន់ បង្ហាញ​ជំហរ​ច្បាស់លាស់​បែប​ណា​នៅឡើយ​ដែរ។

របាយការណ៍​របស់​ក្រុម​ការងារ ១០០​រាត្រី ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូចជា ខេត្ត​កំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូងឃ្មុំ និង​ខេត្ត​មណ្ឌលគិរី ជាដើម នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន បោះ​បង្គោល​ព្រំដែន​គ្មាន​តម្លាភាព គ្មាន​យន្តការ​ការពារ​ព្រំដែន​ឱ្យ​ច្បាស់លាស់ និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិនសូវ​ខ្វល់ខ្វាយ​រឿង​បូរណភាព​ទឹកដី​របស់​ខ្លួន។

លើស​ពី​នេះ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ត្អូញត្អែរ​ពី​ការបាត់បង់​ទឹកដី​ស្រែ​ចម្ការ​របស់​ពួកគេ​ទៅ​វៀតណាម​គ្រប់គ្រង​ជាច្រើន​ហិកតារ ហើយ​ដី​ខ្មែរ​ដែល​វៀតណាម បាន​បំពាន​យក​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​វៀតណាម​បាន​ក្ដាប់​យ៉ាង​ណែន និង​បញ្ជូន​ពលរដ្ឋ​គេ​ឱ្យ​រស់នៅ ថែមទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​ស្អេកស្កះ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល