អ្នកឃ្លាំមើលព្រំដែន និងក្រុមយុវជន ស្នើរដ្ឋាភិបាល យកចិត្តទុកដាក់ ដោះស្រាយបញ្ឈប់ការសាងសង់សំណង់រឹង នៅតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា។ ពួកគេរកឃើញថា យោធាវៀតណាម កំពុងសាងសំណងរឹងមាំ តាមបណ្ដោយព្រំដែនកម្ពុជា និងវៀតណាម ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ចំនួន ២ទីតាំងផ្សេងគ្នា។
ក្រុមអ្នកឃ្លាំមើលព្រំដែន មើលឃើញថា ទង្វើរបស់វៀតណាម ដែលបានបោះតង់ចំនួន ២៨៧កន្លែងនៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែន ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី គឺជាចេតនាគំរាមកំហែង អធិបតេយ្យភាពកម្ពុជា និងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលប្រទេសវៀតណាម ជាម្ចាស់ហត្ថលេខី និងបំពានលើសេចក្ដីប្រកាសព័ត៌មានរួម ឆ្នាំ១៩៩៥។
ពួកគេអះអាងថា មកទល់ពេលនេះ មានតង់ចំនួន ២កន្លែង ឋិតក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល និង តំបន់ថ្ម ៣ដុំ ក្នុងខេត្តតាកែវ គឺយោធាវៀតណាមកំពុងសង់ជម្រករឹងមាំ ឈ្លានពានទឹកដីកម្ពុជាជាថ្មីទៀត។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការខេត្តកណ្ដាល លោក ឈឿន សុចិត្ត និងអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី២៧ សីហា។
ក៏ប៉ុន្តែអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា អាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធាការពារព្រំដែនបានចុះទៅពិនិត្យមើលការសាងសង់នោះ និងបានស្នើសុំឱ្យទាហានវៀតណាមបញ្ឈប់ ក៏ប៉ុន្តែពួកគេបានបដិសេធ។ ទោះជាយ៉ាងណាលោកថា អាជ្ញាធរកម្ពុជាមិនមានជម្រើសអ្វីក្រៅពីស្នើសុំម្ដងហើយម្ដងទៀត ដើម្បីឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់សំណង់រឹងមាំនេះ។
ចំណែកទេសចររដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង និងអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ក៏មិនអាចទាក់ទងបានដែរ ដោយសារលោកទាំងពីរ មិនលើកទូរស័ព្ទ នៅថ្ងៃដដែលនេះ។ ប៉ុន្តែ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានរបាយការណ៍ ពីស្នងការខេត្តកណ្ដាលនៅឡើយទេ ទាក់ទិនករណីនេះ។ លោកមិនជឿថា វៀតណាមបានសង់សំណង់រឹង នៅតំបន់មិនទាន់ឯកភាពគ្នាទេនោះទេ ព្រោះភាគីប្រទេសទាំងពី បន្តសហការបោះបង្គោលព្រំដែន ដែលនៅសល់ចំនួន ១៦ភាគរយទៀត។ លោកបន្ថែមថា កន្លងទៅប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានជជែកពិភាក្សាដោះស្រាយរឿងនេះ ដោយសន្តិវិធី និងកិច្ចសហការប្រតិបត្តិល្អ៖ «សម្ដេច ហ៊ុន សែន លោកបាននិយាយជាមួយថ្នាក់ដឹកនាំកំពូល របស់វៀតណាម រួចស្រេច ដោះស្រាយរួចស្រេចទៅហើយ ដើម្បីកុំឱ្យមាន បញ្ហាដែលកើតមានឡើង ក្នុងការសង់ប៉ុស្តិ៍លើ ដីដែលមិនទាន់ឯកភាព។ អ្វីដែលជាគោលការណ៍មូលដ្ឋាននោះ គឺយើងបានឯកភាពគ្នាក្នុងការដោះស្រាយ មិនមែនបង្កើតសកម្មជន ដើម្បីញុះញង់ ឬបង្កើតសកម្មភាព ដើម្បីរំលាយគោលការណ៍ ក្នុងការដោះស្រាយគ្នា បញ្ហាព្រំដែននោះទេ » ។
ពាក់ព័ន្ធបញ្ហាព្រំដែននេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ របាយការណ៍របស់ស្នងការខេត្តកណ្តាល និងពិនិត្យសើរើតង់ ដែលវៀតណាម បានបោះនៅតំបន់ព្រំដែនមិនទាន់ឯកភាពទាំងអស់។ លោកថា ល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជា ប្តឹងប្រទេសវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងអង្គការសហការប្រជាជាតិ (UN) ក្នុងករណីដែលវៀតណាមបន្តឈ្លានពានទឹកដីកម្ពុជា៖ «ច្បាប់អន្តរជាតិ មានលក្ខន្តិកៈ អង្គការសហប្រជាជាតិ អាស៊ាន និងកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង កាលណាបោះតង់ នៅតំបន់ព្រំដែន ទោះបីក្នុងប្រទេសវៀតណាមក៏ដោយ នៅតំបន់ព្រំដែន មានយោធាទៀតហ្នឹង គឺបង្ហាញពីការគំរាមកំហែង ក្នុងចេតនាឈ្លានពានទៅហើយ។ វៀតណាម រំលោភច្បាប់អន្តរជាតិ ឈ្លានពានប្រទេសកម្ពុជា អាហ្នឹងសេចក្ដីព្រួយបារម្ភរបស់យើង ប្រាប់ទៅ ហ៊ុន សែន ប្រាប់វៀតណាមហ្នឹង ថា កុំរំលោភច្បាប់អន្តរជាតិ » ។
ចំណែក អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ចាត់ទុក ទង្វើរបស់វៀតណាម បានរំលោភទាំងស្រុងលើគោលការណ៍អាស៊ាន (ASEAN) មានចែងក្នុងធម្មនុញ្ញអាស៊ានមាត្រា២ បង្ហាញថា សមាជិកអាស៊ានទាំងអស់ ត្រូវគោរពឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់រដ្ឋនីមួយៗ។ លោកថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហានេះ តាមយន្តការអន្តរជាតិ និងគោលការណ៍អាស៊ាន៖ «ច្បាស់ណាស់ថាវៀតណាម គំរាមកំហែងអធិបតេយ្យភាពកម្ពុជា និងរំលោភដីកម្ពុជា អាហ្នឹងហើយដែរ យើងទាំងអស់គ្នា ជំរុញឱ្យរដ្ឋាភិបាល ត្រូវតែប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ។ អាហ្នឹងយើងត្រូវតែប្ដឹង។ យើងជាម្ចាស់ប្រទេស យើងត្រូវតែការពារ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសកម្ពុជា » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីសុំការបំភ្លឺករណីនេះ បាននៅឡើយទេ នៅថ្ងៃដដែលនេះ។
កាលពីខែមីនា កន្លងទៅ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូត ទៅវៀតណាមតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែន នៅស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទាមទារឱ្យរុះរើតង់យោធាទាំងអស់ចេញ។ ក៏ប៉ុន្តែ ក្រសួងការបរទេសវៀតណាមឆ្លើយថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរនោះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ និងជាមន្ត្រីបក្សទទួលបន្ទុកកិច្ចការងារព្រំដែន លោក អ៊ុំ សំអាន ថ្លែងថា ទង្វើរបស់វៀតណាម កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់បូរណភាពទឹកដីកម្ពុជាជាថ្មីទៀត។ លោកថា ផ្អែកតាមគោរពគោលការណ៍ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ត្រូវហ៊ានប្ដឹងប្រទេសវៀតណាម ដែលបន្តឈ្លានពានកម្ពុជា ដូចដែលខ្លួន បានប្តឹងប្រទេសថៃ រឿងប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។