ពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់បានយកស្បែកជើងគប់តម្រង់ទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលដែលលោកកំពុងសំណេះសំណាល និងថតរូបជាមួយអ្នកគាំទ្រនៅមុនពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងពេលថ្ងៃម៉ោងនៅសហរដ្ឋអាមេរិក។ ពលរដ្ឋរូបនេះអះអាងថា មូលហេតុដែលធ្វើបែបនេះដោយសារលោកខឹងនឹងលោក ហ៊ុន សែន ដែលបានសម្លាប់សាច់ញាតិរបស់គាត់ និងពលរដ្ឋខ្មែរជាច្រើននាក់ទៀតអំឡុងពេលលោកដឹកនាំប្រទេស។
ខ្មែរអាមេរិកកាំងយកស្បែកជើងគប់លោកហ៊ុន សែនពលរដ្ឋ#ខ្មែរអាមេរិកកាំងម្នាក់យកស្បែកជើងគប់ទៅលើលោក #ហ៊ុនសែន ក្នុងពេលជួបអ្នកគាំទ្រនៅសហរដ្ឋ#អាមេរិក។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម
Posted by RFA Khmer on Thursday, May 12, 2022
បុរសខ្មែរអាមេរិកកាំងវ័យចំណាស់ម្នាក់ ដែលបានគប់ស្បែកជើងសំដៅទៅលើលោក ហ៊ុន សែន នោះ ត្រូវបានប៉ូលិសអាមេរិកជម្លៀសចេញពីក្រុមលោក ហ៊ុន សែន ភ្លាមៗ ដើម្បីសុវត្ថិភាពក្រោយពេលដែលគប់ស្បែកជើងនៅកណ្ដាលហ្វូងមនុស្ស។
ឃ្លិបវីដេអូដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថា ស្បែកជើងដែលបុរសម្នាក់បានគប់នោះធ្លាក់នៅខាងមុខ លោក ហ៊ុន សែន តែម្ដង ខណៈលោកកំពុងថតរូបជាមួយអ្នកគាំទ្រនៅសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក អ៊ុក ទូច វ័យ ៧១ឆ្នាំប្លាយ ជាអ្នកដែលគប់ស្បែកជើងទៅលើលោក ហ៊ុន សែន នោះអះអាងថា លោកគឺជាចៅទួតរបស់អ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញម្នាក់ គឺលោក ក្រម ង៉ុយ។ លោកបានធ្វើដំណើរមកពីរដ្ឋកាលីហ្វូញ៉ា (California) សហរដ្ឋអាមេរិក។ លោក អ៊ុក ទូច រៀបរាប់ថា ការដែលលោកយកស្បែកជើងរបស់ខ្លួនមួយចំហៀងគប់សំដៅទៅលើនាយករដ្ឋមន្ត្រីបែបនេះ ដោយសារលោកខឹងនឹងលោក ហ៊ុន សែន ដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុងពេលដែលដឹកនាំប្រទេសរយៈពេលជិត ៤០មកនេះ៖ «ហើយ ហ៊ុន សែន ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ។ តើខ្ញុំមានកំហុសតែឬអត់បើខ្ញុំធ្វើអីចឹង ព្រោះ ហ៊ុន សែន សម្លាប់មនុស្សច្រើនណាស់ សម្លាប់ប្រជាធិបតេយ្យបានជាខ្ញុំខឹងខ្ញុំទប់អត់បាន ហើយគាត់សម្លាប់ឪពុកម្ដាយខ្ញុំទៀត។ដូច្នេះខ្ញុំត្រូវតែធ្វើខ្ញុំត្រូវតែសងសឹកជាមួយគាត់ » ។

លោកបន្តថា ភ្លាមៗ ក្រោយពីបានគប់ស្បែកជើង មានអង្គរក្សរបស់លោក ហ៊ុន សែន ជាច្រើននាក់បានស្ទុះទៅរកក្របួចកអាវប្រុងវាយលោក ប៉ុន្តែត្រូវបានប៉ូលិសអាមេរិកដែលប្រចាំការនៅទីនោះជួយលោកទាន់ពេល ហើយក៏ជម្លៀសចេញពីក្រុមលោក ហ៊ុន សែន ដើម្បីសុវត្ថិភាព។

មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ដួង ចន្ត្រា យល់ថា ការគប់ស្បែកជើងនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រភាគច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន នោះទេ ព្រោះលោកបានចាប់ចងពលរដ្ឋស្លូតត្រង់ ដែលមានមតិផ្ទុយពីរដ្ឋាភិបាលដាក់ពន្ធនាគារដោយអយុត្តិធម៌ និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៖ «យ៉ាងណាមិញថ្មីៗយើងឃើញមានបុគ្គលិកណាហ្គាវើលដ៍ ដែលទាមទារលក្ខខ័ណ្ឌការងារឱ្យថៅកែគោរពច្បាប់ការងារ បែរជាប្រើអំពើហិង្សា ចាប់រុញគាត់យ៉ាងឈឺចាប់បំផុត។ខ្ញុំបើកមើលហ្វេសប៊ុក ព្រឹត្តិការណ៍ហ្នឹងសុទ្ធតែមានឯកសណ្ឋានត្រឹមត្រូវស្អាតបាត ប៉ុន្តែប្រៀបធៀបសត្វឆ្កែលើសឆ្កែស្រុកទៀត ដូចឆ្កែព្រៃដែលព័ទ្ធខាំនារីម្នាក់រុញទៅរុញមកហាក់បីដូចជាអាក្រក់មើលបំផុត។ អីចឹងទង្វើបែបហ្នឹងហើយដែលធ្វើឱ្យលោកហ៊ុន សែន ទៅដល់ទីណាអាម៉ាស់ចំពោះភ្នែកជាតិនិងអន្តរជាតិនៅទីនោះ » ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ឧសភា ថា ការគប់ស្បែកជើងនេះ ជារឿងធម្មតាទេនៅប្រទេសប្រជាធិបតេយ្យ ដែលមានទាំងអ្នកគាំទ្ររដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន និងអ្នកមិនគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែលោកជឿជាក់ថា នៅក្នុងពិធីសំណេះសំណាលនៅអាមេរិក មានប្រជាពលរដ្ឋច្រើនលើសលុបបានទៅស្វាគមន៍លោក ហ៊ុន សែន ហើយអ្នកមិនគាំទ្រមានចំនួនតិចតួចប៉ុណ្ណោះ៖ «អីចឹងវាអត់មានអ្នកគាំទ្រទាំង ១០០ភាគរយ ហើយវាអត់មានអ្នកដែលប្រឆាំងមួយភាគរយដែរ ។ពីព្រឹកមិញដែលខ្ញុំតាមដានមើលតាំងពីម៉ោង ៤នៅស្រុកខ្មែរ ដូចថាអ្នកគាំទ្ររាប់ពាន់នាក់ ក៏ប៉ុន្តែអ្នកដែលគប់ហ្នឹងវាមានតែមួយ អីចឹងទេវាជារឿងធម្មតាទេអត់មានបញ្ហាអីគួរឱ្យគត់សំគាល់ទេ » ។
ប៉ុន្តែកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី មិនមានចិត្តទូលាយដូចលោក សុខ ឥសាន នោះទេ។ លោក ហ៊ុន ម៉ានី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ឧសភានេះថា ទង្វើគប់ស្បែកជើងទៅលើឪពុករបស់លោក គឺជាទង្វើជ្រុលនិយម ដែលមិនអាចទទួលយកបានជាដាច់ខាត។
ទោះជាយ៉ាងណាអ្នកជំនាញច្បាប់អន្តរជាតិ និងកិច្ចការនយោបាយកញ្ញា សេង ធារី យល់ថា ការគប់ស្បែកជើងនេះ ប្រសិនបើមិនប៉ះពាល់ទៅលើលោកហ៊ុន សែន នោះទេ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោកហ៊ុន សែន។ កញ្ញាយល់ថា ចំពោះមនុស្សដែលទៅគាំទ្រលោក ហ៊ុន សែន វិញ គឺជាការសម្ដែងឱ្យតែល្អមើល ដោយទទួលបានការសន្យាថា នឹងផ្តល់ប្រាក់កាស ឬជាតំណែងអ្វីមួយដល់ពួកគេដែលទៅចូលរួមស្វាគមន៍លោក ហ៊ុន សែន ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួននៅលើឆាកអន្តរជាតិ៖ «លោក ហ៊ុន សែន ដឹងថា ប្រសិនបើគាត់ទៅជាន់ដីសហរដ្ឋអាមេរិកគាត់នឹងជួបប្រទះអ្នកតវ៉ាប្រឆាំងគាត់។ បើអីចឹងគាត់បានត្រៀមមុនតាមមនុស្សដែលគាត់អាចទិញបានគាត់ អាចលោមបានតាមលុយក្ដីតាមឋានៈក្ដី។ ខ្ញុំបានឃើញរូបភាពតាមហ្វេសប៊ុករបស់គាត់ហើយខ្ញុំបានចាប់អារម្មណ៍ថា មានអ្នកចូលរួមច្រើន តែរបបផ្ដាច់ការនេះក៏មានលុយនៅក្នុងការជួលមនុស្សដែរ។ គេជួលឱ្យម្នាក់ ១០០ដុល្លារម្នាក់ ៥០០ដុល្លារ ចំពោះរបរផ្ដាច់ការនេះអត់មានបញ្ហាទេ ព្រោះជារបបផ្ដាច់ការផងហើយជារបបពុករលួយផង » ។
បុរសដែលគប់ស្បែកជើងលើលោក ហ៊ុន សែន នេះ អាចរួចផុតពីការចាប់ខ្លួន និងការវាយដំសងសឹកនេះ ដោយសារតែលោករស់នៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែប្រសិនបើលោក រស់នៅកម្ពុជាវិញ លោក ហ៊ុន សែន ទំនងជានឹងមិនបណ្ដោយឱ្យរួចខ្លួន ឬបានរស់នៅសុខស្រួលនោះទេ។ កន្លងមកស្ត្រីមេម៉ាយជាកម្មកររោងចក្រម្នាក់ ឈ្មោះ សំ សុខា ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន តាមចាប់ខ្លួនពីប្រទេសថៃមកដាក់ទោសក្នុងពន្ធនាគារនៅកម្ពុជារហូតដល់៤ឆ្នាំដោយសារតែយកស្បែកជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោក ហ៊ុន សែន និងលោក ហេង សំរិន។
ក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ ដែលមកប្រជុំនៅសហរដ្ឋអាមេរិកនេះ មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលខុសប្លែកពីគេ។ ខុសប្លែកពីគេ គឺត្រង់ថា មានតែលោកទេដែលកែនអ្នកគាំទ្រលោករាប់រយនាក់មកទទួលស្វាគមន៍លោក ដែលធ្វើឱ្យគេឯងភ្ញាក់ផ្អើល ចំណែកមេដឹកនាំអាស៊ានដទៃទៀតមកដល់ស្ងាត់ៗ ធម្មតាមិនបានធ្វើរបៀបនោះទេ។
លោកហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានបានដឹកមន្ត្រីរដ្ឋាភិបាលមួយចំនួនទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងរំឭកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា។ ជាមួយគ្នានេះ មានពលរដ្ឋខ្មែរ និងថៃ ភូមា ឡាវ និងវៀតណាម បានរួមគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី១២ ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនដែរ ក្រោមប្រធានបទប្រទេសប្រជាធិបតេយ្យមិនត្រូវការជនផ្ដាច់ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។