មន្ត្រី​បក្ស​ប្រឆាំង​ ១​រូប​​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​វាយ​​ប្លន់​​ទូរស័ព្ទ​ និង​​គំរាម​​ឱ្យ​​បញ្ឈប់​​សកម្មភាព​​នយោបាយ

ដោយ សន ចាន់រដ្ឋា
2019-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ុន ធន់ គ្រូបង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ ​៤​នាក់ ជិះ​ឡាន​ទំនើប មក​ព្រួត​វាយ​ប្លន់​យក​ទូរស័ព្ទ​មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ២០១៩។
លោក ស៊ុន ធន់ គ្រូបង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ ​៤​នាក់ ជិះ​ឡាន​ទំនើប មក​ព្រួត​វាយ​ប្លន់​យក​ទូរស័ព្ទ​មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ គេ​ផ្ដល់ឱ្យ

គ្រូបង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​៤​នាក់ ជិះ​ឡាន​ទំនើប មក​ព្រួត​វាយ​ប្លន់​យក​ទូរស័ព្ទ​មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​។ លោក ស៊ុន ធន់ អះអាង​ថា ជន​មិន​ស្គាល់​ទាំង​៤​នាក់ មានបំណង​វាយ​លោក​សម្លាប់ តែ​មាន​ក្មេង​ក្នុង​ភូមិ​ម្នាក់​ឃើញ បាន​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ ទើប​លោក​អាច​មាន​ជីវិត​បាន។ សមាគម​គ្រូបង្រៀន ទាមទារ​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​ជន​ដៃដល់ និង​អ្នកបញ្ជា​ពី​ក្រោយមក​ផ្ដន្ទាទោស។

លោក ស៊ុន ធន់ ប្រាប់​អាស៊ីសេរី​ថា អ្នក​វាយ​ប្លន់​លោក មាន​គ្នា​៤​នាក់ មាឌ​ធំៗ អាយុ​ចន្លោះ ៤០​ឆ្នាំ ទៅ​៥០​ឆ្នាំ ហើយ​ជិះ​ឡាន​ទំនើប​ម៉ាក ហាយ ឡេនឌ័រ (Hi lander) ពណ៌​ស តែ​លោក​មិន​ចាំ​ស្លាក​លេខ​។ លោក ស៊ុន ធន់ រៀបរាប់​ថា នៅ​ម៉ោងជាង​៩​ព្រឹក លោក​កំពុង​រៀបចំ​តូប​លក់​ឥវ៉ាន់​ក្នុង​សាលារៀន តែម្នាក់​ឯង ហើយ​មាន​ជន​ចម្លែក​៤​នាក់ ចុះ​ពីលើ​ឡាន មក​សួរ​ថា តើ​ម្ដុំ​ជាប់​សាលារៀន ជា​ដី​របស់​អ្នកណា គេ​ចង់​ទិញ​។ មនុស្ស​ទាំង​៤​នាក់​នោះ បាន​ស្នើ​សុំ​ឲ្យ លោក ស៊ុន ធន់ នាំទៅ​ពិនិត្យ​មើល​ដី និង​រក​ម្ចាស់​ដី​នោះ​។ តែ​ទៅដល់​កន្លែង​ស្ងាត់ ស្ថិតនៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ក្រុម​មនុស្ស​ទាំង​៤​នាក់ បាន​ព្រួត​វាយ​លោក ដោយ​ដៃ​ធ្វើ​ឲ្យ​លោក​ដេក​ដួល​លើ​ដី។

លោក​ថា ពេល​នោះ មាន​កូន​ក្មេង​អ្នកភូមិ​បាន​ឃើញ និង​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​ជន​ទាំង​៤​នាក់ ឈប់​វាយ​លោក ហើយ​កញ្ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​លោក ឡើង​ឡាន​ទៅ​បាត់។ លោក ស៊ុន ធន់ ប្រាប់​ថា លោក​គ្មាន​លុយ​ជាប់​ខ្លួន​ទេ ហើយ​ក្រុម​អ្នក​ព្រួត​វាយ​ពួកគាត់ ក៏​មិនបាន​ឆែកឆេរ​ខ្លួន​លោក រកលុយ​ដែរ គឺ​បំណង​វាយ​សម្លាប់​លោក​តែម្ដង។

ក្រោយ​ជន​មិន​ស្គាល់​មុខ វាយ​ប្លន់​យក​ទូរស័ព្ទ​លោក​បាន​ជាង​២​ម៉ោង គឺ​នៅ​ម៉ោង​ជិត​១​រសៀល ក្រុម​ជន​មិន​ស្គាល់​មុខ បាន​ផ្លាស់ប្ដូរ​រូប​ក្នុង​គណនី​ហ្វេសប៊ុក (facebook) លោក ពី​រូបលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដាក់​រូបលោក ស៊ុន ធន់ វិញ​។ លោក ស៊ុន ធន់ អះអាង​ថា មនុស្ស​ទាំង​៤​នាក់ មានបំណង​វាយ​សម្លាប់​លោក តែ​ឈប់​វិញ ដោយសារ​មាន​ក្មេង​អ្នកភូមិ​ឃើញ និង​ស្រែក​ឲ្យ​គេ​ជួយ​៖ «ទោះជា​យើង​ត្រៀម​ដាក់​លិខិត​លា មិន​ធ្វើ​នយោបាយ ឈប់សម្រាក​ធ្វើ​នយោបាយ ក៏​ជន​អន្ធពាល វា​នៅតែ​ប៉ុនប៉ង​អាយុជីវិត យើង​អ៊ីចឹង​។ ជា​ឃាតកម្ម​ហើយ ព្រោះ​សញ្ញា​នេះ ជា​សញ្ញា​មិនល្អ ព្រោះ​ទិដ្ឋភាព​ដែល​ខ្ញុំ​វិភាគ​ទៅ ខ្ញុំ​ថា ជា​ឃាតកម្ម​ចង់​សម្លាប់​តែម្ដង​។ ប៉ុន្តែ​ដោយសារ​បាន​កូន​ប្រជាពលរដ្ឋ​បាន​ឃើញ​ស្រែក​ទៅ បាន​វា​អត់​ហ៊ាន​ធ្វើ​ឃាតកម្ម​សម្លាប់​ខ្ញុំ ទាន់​ពេល​វេលា វា​យក​តែ​ទូរស័ព្ទ​ខ្ញុំ វា​ឡើង​ឡាន​ទៅ​អស់​ទៅ ដោយសារ​មាន​អ្នកស្រុក គេ​ឃើញ​។ ច្បាស់​ជាហេតុ​ផល​នយោបាយ​១០០% ព្រោះ​រូបភាព​នេះ ជា​ឃាតកម្ម​នយោបាយ​ហើយ មិនអាច​ចាត់ទុកជា​រឿង​ធម្មតា​ទេ ព្រោះ​បញ្ហា​ខ្ញុំ គឺជា​បញ្ហា​ដែល​ត្រូវ​ប្រឈម​នឹង​ទិដ្ឋភាព​នយោបាយ​១០០​ភាគរយ មិន​អាច​ប្រកែក​បានទេ»

មុន​រង​ការ​ព្រួត​វាយ​ប្លន់​យក​ទូរស័ព្ទ ប៉ុន្មាន​ថ្ងៃ លោក ស៊ុន ធន់ និង​គ្រូបង្រៀន​ម្នាក់ទៀត គឺ លោក ថៃ ធី​ម រង​ការ​គំរាម​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ បើ​ពួក​លោក ទាំងពីរ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ លួច​បង្ហើប​ប្រាប់​អ្នក​ទាំងពីរ​ថា អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ទទួល​បញ្ជា​ពី​ថ្នាក់លើ​មក​ប្រាប់​ថា ត្រូវតែ​បណ្ដេញ​ពួក​លោក​ទាំងពីរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ដោយសារ​ពួក​លោក បាន​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បារាយណ៍​ម្នាក់ ប្រាប់​អាស៊ីសេរី នៅ​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ មិថុនា ថា លោក​បាន​ទទួល​ការ​ប្ដឹង​តាម​ទូរស័ព្ទ​ពី​លោក ស៊ុន ធន់ រួចហើយ និង​កំពុង​អង្គុយ​រង់ចាំ លោក ស៊ុន ធន់ មក​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ទៀត អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាយណ៍​ដដែល ច្រើន​លើក​ច្រើន​សារ តែ​មិន​ទទួល​ទូរស័ព្ទ​។

អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល និង​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បានទេ នៅ​ថ្ងៃទី​២៨ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ​។​

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ទាមទារ​ឲ្យ​តាម​រកមុខ​ជន​ដៃដល់​ទាំង​៤​នាក់ និង​អ្នកបញ្ជា​នៅ​ពីក្រោយ ការ​ព្រួត​វាយ​ប៉ុនប៉ង​ធ្វើឃាត​កម្ម លើ​រូបលោក ស៊ុន ធន់ ឲ្យ​បាន ព្រោះ​នេះ​ជា ការប៉ុនប៉ង​ឃាតកម្ម​នយោបាយ​។ អ្នកស្រី អ៊ុក ឆាយាវី ថា ការ​គំរាម​បណ្ដេញ​គ្រូបង្រៀន​ចេញពី​ក្របខ័ណ្ឌ និង​ការប៉ុនប៉ង​វាយ​សម្លាប់ លោកគ្រូ ស៊ុន ធន់ ជា​រូបភាព​គំរាម គ្រូបង្រៀន​ទាំងអស់ ឲ្យ​ភ័យ​ព្រួយ មិន​ហ៊ាន​ចូល​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង​ក្រៅពី​បក្ស​កាន់អំណាច៖ «នេះ​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អ្នក​ដែល​ហ៊ាន​ចេញមុខ​តវ៉ា ត្រូ​វបាន​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​។ ដូច្នេះ​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​កាន់តែ​អស់​ជំនឿ​។ រដ្ឋាភិបាល​គួរតែ​ទប់ស្កាត់​នូវ​រាល់​ទង្វើ​អ​សន្ដិសុខ ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​ចំពោះ​អ្នក​ដែល​កំពុងតែ​ទាមទារ​តវ៉ា ឬក៏​ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​ប្រទេសជាតិ ក៏​ដូច​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»

លោក ស៊ុន ធន់ ប្រាប់​ថា របួស​របស់​លោក​ធ្ងន់ធ្ងរ ហើយ​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។ លោក ស៊ុន ធន់ និង លោក ថៃ ធីម ឲ្យ​ដឹង​ថា ក្រោយពី​រង​ការ​គំរាម​ថា​អាជ្ញាធរ​នឹង​ធ្វើ​ទុក្ខបុកម្នេញ បណ្ដេញ​អ្នក​ទាំងពីរ ចេញពី​ក្របខ័ណ្ឌ លោក​ទាំងពីរ​បានសម្រេច​ចិត្ត ធ្វើ​លិខិត និង​វីដេអូ​ឃ្លិប ដើម្បី​បញ្ជាក់​ថា លោក​នឹង​ផ្អាក​ចេញពី​សកម្មភាព​នយោបាយ គ្រប់​បក្ស​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​តទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល