គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ស៊ុន ធន់ ត្រូវជនមិនស្គាល់មុខ៤នាក់ ជិះឡានទំនើប មកព្រួតវាយប្លន់យកទូរស័ព្ទមួយគ្រឿង នៅព្រឹកថ្ងៃទី២៨ មិថុនា។ លោក ស៊ុន ធន់ អះអាងថា ជនមិនស្គាល់ទាំង៤នាក់ មានបំណងវាយលោកសម្លាប់ តែមានក្មេងក្នុងភូមិម្នាក់ឃើញ បានស្រែកឲ្យអ្នកភូមិជួយ ទើបលោកអាចមានជីវិតបាន។ សមាគមគ្រូបង្រៀន ទាមទារឲ្យសមត្ថកិច្ច ចាប់ខ្លួនជនដៃដល់ និងអ្នកបញ្ជាពីក្រោយមកផ្ដន្ទាទោស។
លោក ស៊ុន ធន់ ប្រាប់អាស៊ីសេរីថា អ្នកវាយប្លន់លោក មានគ្នា៤នាក់ មាឌធំៗ អាយុចន្លោះ ៤០ឆ្នាំ ទៅ៥០ឆ្នាំ ហើយជិះឡានទំនើបម៉ាក ហាយ ឡេនឌ័រ (Hi lander) ពណ៌ស តែលោកមិនចាំស្លាកលេខ។ លោក ស៊ុន ធន់ រៀបរាប់ថា នៅម៉ោងជាង៩ព្រឹក លោកកំពុងរៀបចំតូបលក់ឥវ៉ាន់ក្នុងសាលារៀន តែម្នាក់ឯង ហើយមានជនចម្លែក៤នាក់ ចុះពីលើឡាន មកសួរថា តើម្ដុំជាប់សាលារៀន ជាដីរបស់អ្នកណា គេចង់ទិញ។ មនុស្សទាំង៤នាក់នោះ បានស្នើសុំឲ្យ លោក ស៊ុន ធន់ នាំទៅពិនិត្យមើលដី និងរកម្ចាស់ដីនោះ។ តែទៅដល់កន្លែងស្ងាត់ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ក្រុមមនុស្សទាំង៤នាក់ បានព្រួតវាយលោក ដោយដៃធ្វើឲ្យលោកដេកដួលលើដី។
លោកថា ពេលនោះ មានកូនក្មេងអ្នកភូមិបានឃើញ និងបានស្រែកហៅឲ្យគេជួយ ទើបជនទាំង៤នាក់ ឈប់វាយលោក ហើយកញ្ឆក់យកទូរស័ព្ទពីដៃលោក ឡើងឡានទៅបាត់។ លោក ស៊ុន ធន់ ប្រាប់ថា លោកគ្មានលុយជាប់ខ្លួនទេ ហើយក្រុមអ្នកព្រួតវាយពួកគាត់ ក៏មិនបានឆែកឆេរខ្លួនលោក រកលុយដែរ គឺបំណងវាយសម្លាប់លោកតែម្ដង។
ក្រោយជនមិនស្គាល់មុខ វាយប្លន់យកទូរស័ព្ទលោកបានជាង២ម៉ោង គឺនៅម៉ោងជិត១រសៀល ក្រុមជនមិនស្គាល់មុខ បានផ្លាស់ប្ដូររូបក្នុងគណនីហ្វេសប៊ុក (facebook) លោក ពីរូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មកដាក់រូបលោក ស៊ុន ធន់ វិញ។ លោក ស៊ុន ធន់ អះអាងថា មនុស្សទាំង៤នាក់ មានបំណងវាយសម្លាប់លោក តែឈប់វិញ ដោយសារមានក្មេងអ្នកភូមិឃើញ និងស្រែកឲ្យគេជួយ៖ «ទោះជាយើងត្រៀមដាក់លិខិតលា មិនធ្វើនយោបាយ ឈប់សម្រាកធ្វើនយោបាយ ក៏ជនអន្ធពាល វានៅតែប៉ុនប៉ងអាយុជីវិត យើងអ៊ីចឹង។ ជាឃាតកម្មហើយ ព្រោះសញ្ញានេះ ជាសញ្ញាមិនល្អ ព្រោះទិដ្ឋភាពដែលខ្ញុំវិភាគទៅ ខ្ញុំថា ជាឃាតកម្មចង់សម្លាប់តែម្ដង។ ប៉ុន្តែដោយសារបានកូនប្រជាពលរដ្ឋបានឃើញស្រែកទៅ បានវាអត់ហ៊ានធ្វើឃាតកម្មសម្លាប់ខ្ញុំ ទាន់ពេលវេលា វាយកតែទូរស័ព្ទខ្ញុំ វាឡើងឡានទៅអស់ទៅ ដោយសារមានអ្នកស្រុក គេឃើញ។ ច្បាស់ជាហេតុផលនយោបាយ១០០ % ព្រោះរូបភាពនេះ ជាឃាតកម្មនយោបាយហើយ មិនអាចចាត់ទុកជារឿងធម្មតាទេ ព្រោះបញ្ហាខ្ញុំ គឺជាបញ្ហាដែលត្រូវប្រឈមនឹងទិដ្ឋភាពនយោបាយ១០០ភាគរយ មិនអាចប្រកែកបានទេ»។
មុនរងការព្រួតវាយប្លន់យកទូរស័ព្ទ ប៉ុន្មានថ្ងៃ លោក ស៊ុន ធន់ និងគ្រូបង្រៀនម្នាក់ទៀត គឺ លោក ថៃ ធីម រងការគំរាមបណ្ដេញចេញពីក្របខ័ណ្ឌក្រសួងអប់រំ បើពួកលោក ទាំងពីរមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លួចបង្ហើបប្រាប់អ្នកទាំងពីរថា អភិបាលខេត្តកំពង់ធំ លោក សុខ លូ ទទួលបញ្ជាពីថ្នាក់លើមកប្រាប់ថា ត្រូវតែបណ្ដេញពួកលោកទាំងពីរចេញពីក្របខ័ណ្ឌក្រសួងអប់រំ ដោយសារពួកលោក បានធ្វើសកម្មភាពនយោបាយជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ម្នាក់ ប្រាប់អាស៊ីសេរី នៅម៉ោង១រសៀល ថ្ងៃទី២៨ មិថុនា ថា លោកបានទទួលការប្ដឹងតាមទូរស័ព្ទពីលោក ស៊ុន ធន់ រួចហើយ និងកំពុងអង្គុយរង់ចាំ លោក ស៊ុន ធន់ មកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាល។ ប៉ុន្មានម៉ោងក្រោយទៀត អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅមេប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ដដែល ច្រើនលើកច្រើនសារ តែមិនទទួលទូរស័ព្ទ។
អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ បានទេ នៅថ្ងៃទី២៨ មិថុនា ដោយសារមិនទទួលទូរស័ព្ទ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ទាមទារឲ្យតាមរកមុខជនដៃដល់ទាំង៤នាក់ និងអ្នកបញ្ជានៅពីក្រោយ ការព្រួតវាយប៉ុនប៉ងធ្វើឃាតកម្ម លើរូបលោក ស៊ុន ធន់ ឲ្យបាន ព្រោះនេះជា ការប៉ុនប៉ងឃាតកម្មនយោបាយ។ អ្នកស្រី អ៊ុក ឆាយាវី ថា ការគំរាមបណ្ដេញគ្រូបង្រៀនចេញពីក្របខ័ណ្ឌ និងការប៉ុនប៉ងវាយសម្លាប់ លោកគ្រូ ស៊ុន ធន់ ជារូបភាពគំរាម គ្រូបង្រៀនទាំងអស់ ឲ្យភ័យព្រួយ មិនហ៊ានចូលប្រឡូកនយោបាយជាមួយគណបក្សផ្សេងក្រៅពីបក្សកាន់អំណាច៖ «នេះជារឿងមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ អ្នកដែលហ៊ានចេញមុខតវ៉ា ត្រូវបានភ័យខ្លាចកាន់តែខ្លាំងឡើង។ ដូច្នេះធ្វើឲ្យប្រទេសជាតិយើងកាន់តែអស់ជំនឿ។ រដ្ឋាភិបាលគួរតែទប់ស្កាត់នូវរាល់ទង្វើអសន្ដិសុខ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាចំពោះអ្នកដែលកំពុងតែទាមទារតវ៉ា ឬក៏ទាមទារសិទ្ធិសេរីភាពសម្រាប់ប្រទេសជាតិ ក៏ដូចសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»។
លោក ស៊ុន ធន់ ប្រាប់ថា របួសរបស់លោកធ្ងន់ធ្ងរ ហើយលោកកំពុងសម្រាកនៅមន្ទីរពេទ្យ។ លោក ស៊ុន ធន់ និង លោក ថៃ ធីម ឲ្យដឹងថា ក្រោយពីរងការគំរាមថាអាជ្ញាធរនឹងធ្វើទុក្ខបុកម្នេញ បណ្ដេញអ្នកទាំងពីរ ចេញពីក្របខ័ណ្ឌ លោកទាំងពីរបានសម្រេចចិត្ត ធ្វើលិខិត និងវីដេអូឃ្លិប ដើម្បីបញ្ជាក់ថា លោកនឹងផ្អាកចេញពីសកម្មភាពនយោបាយ គ្រប់បក្សទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។