ពលរដ្ឋថៃប្រមាណ១០០នាក់ នៅថ្ងៃទី០៨ មិថុនា បានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃទាមទារឱ្យមានការស៊ើបអង្កេតករណីចាប់ពង្រត់សកម្មជននយោបាយថៃម្នាក់ គឺ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit)នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
ក្រុមបាតុករជនជាតិថៃ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលមិនយកចិត្តទុកដាក់ករណីចាប់ពង្រត់ពលរដ្ឋថៃ ហើយថែមទាំងបដិសេធ មិនស៊ើបអង្កេតករណី បាត់ខ្លួនលោក វ៉ានឆាឡឺម សាតស័ក្តិសិទ្ធដែលជាសកម្មជននយោបាយក្រុមអាវក្រហមគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ទៀតផង។
ក្រុមបាតុករបានអះអាងថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាមិនអាចប្រកែកបាន។ ពួកគេស្នើសុំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន តាមចាប់ខ្លួនជនល្មើស និងស្នើសុំឲ្យធានាសុវត្ថិភាពដល់ជនរងគ្រោះ។ ពួកគេថា ប្រសិនបើយុវជនរូបនោះ បានបាត់បង់ជីវិតសូមប្រគល់សាកសពរបស់គាត់ ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
អ្នកនាំពាក្យក្រសួងការបរទសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា លោកមិនទាន់ដឹងថា ករណីបាត់ខ្លួនសកម្មជននយោបាយថៃនៅកម្ពុជា គឺជារឿងពិត ឬមិនពិតយ៉ាងណានោះទេ ហើយថ្មីៗនេះ ស្ថានទូតថៃប្រចាំកម្ពុជា ក៏ផ្ញើកំណត់ទូតឱ្យកម្ពុជា ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ព័ត៌មាននេះដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការស៊ើបអង្កេត ឬមិនស៊ើបអង្កេតនោះគឺក្រសួងមិនទាន់ដឹងយ៉ាងណានៅឡើយ ព្រោះជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៖ « រឿងនេះ អាស្រ័យទៅនឹងសមត្ថកិច្ចពាក់ព័ន្ធ តើគាត់យល់យ៉ាងម៉េច បាទ ! ព្រោះរឿងនេះ គ្រាន់តែជាការស្នើសុំឲ្យធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន អ៊ីចឹងអាជ្ញាធរខាងអាជ្ញាធរពាក់ព័ន្ធយើងមានដូចជា ជាពិសេសខាងក្រសួងមហាផ្ទៃ ខាងនគរបាលជាតិយើងហ្នឹង ដែលថា អាចនឹងផ្ទៀងផ្ទាត់មើល តើព័ត៌មានហ្នឹង វាពិតឬមួយយ៉ាងណានោះបាទ !»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេជុំវិញករណីនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណា លោក ឆាយ គឹមខឿន ធ្លាប់បដិសេធក្នុងការស៊ើបអង្កេតដោយអះអាងថា សមត្ថកិច្ចកម្ពុជា មិនបានដឹងរឿងនេះ។កាលពីថ្ងៃទី៤ ខែមិថុនា សកម្មជនយោបាយថៃម្នាក់ គឺ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលរស់នៅភៀសខ្លួននៅកម្ពុជា ត្រូវបានបាត់ខ្លួនដោយក្រុមប្រដាប់អាវុធ មួយក្រុមសម្រុកចាប់បញ្ចូលក្នុងរថយន្តពណ៌ខ្មៅមួយ នៅពីមុខខុនដូស្នាក់នៅរបស់គាត់ម្តុំជ្រោយចង្វា ក្នុងក្រុងភ្នំពេញ។ អាជ្ញាធរកម្ពុជា បានបដិសេធស៊ើបអង្កេត ករណីបាត់ខ្លួនដោយបង្ខំនេះ។ យុវនិស្សិត វ៉ាន់ឆាឡឺម ជាអ្នករិះគន់ឥតសំចៃមាត់ទៅលើនយោបាយដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងធ្លាប់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤៕