ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា SMD ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគ្រោងដាក់ញត្តិទៅស្ថានទូតវៀតណាមនៅក្រៅប្រទេស និងដាក់ទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឱ្យវៀតណាមដកតង់ចេញពីទឹកដីកម្ពុជា។ មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែន សុំមិនធ្វើអត្ថាធិប្បាយណាមួយទាក់ទងនឹងសកម្មភាពរបស់ចលនានេះទេ និងអះអាងថា រដ្ឋាភិបាលកំពុងធ្វើការងារនេះ។
ប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ឱ្យដឹងថា គោលបំណងនៃការដាក់ទៅស្ថានទូតវៀតណាមនៅក្រៅប្រទេស និងដាក់ទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺដើម្បីទប់ស្កាត់ចេតនាអាក្រក់របស់ប្រទេសវៀតណាម ដែលចង់លេបយកដីខ្មែរ នៅកន្លែងដែលពួកគេបោះតង់នោះ។ លោក អ៊ុំ សំអាន ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផងនោះបន្តថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យក៏ជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវហ៊ានប្ដឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ និងប្ដឹងទៅប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើវៀតណាមនៅតែមិនព្រមដកតង់ចេញពីទឹកដីកម្ពុជា៖ «ដាក់ញត្តិហ្នឹងដើម្បីឱ្យវៀតណាមបញ្ឈប់ការឈ្លានពានបោះតង់នៅតាមព្រំដែនហើយរើតង់ទាំងអស់ហ្នឹងទៅស្រុកយួនវិញ រឿងនេះត្រូវដោះស្រាយជាយន្តការអន្តរជាតិគឺត្រូវទៅតុលាការអន្តរជាតិ និងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកន្លងមកដោះស្រាយទ្វេភាគីចាញ់ប្រៀបយួនច្រើនណាស់»។
ទាក់ទងការលើកឡើងនេះ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ថា លោកមិនឆ្លើយតបនឹងសកម្មភាពរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យទេ។ លោកថា ការធ្វើសកម្ម ភាពអ្វីមួយរបស់ចលនានេះគឺសិទ្ធិរបស់ពួកគេ។ មន្ត្រីជំនាញ កិច្ចការព្រំដែនរបស់រដ្ឋាភិបាលរូបនេះប្រាប់អាស៊ីសេរី ថា លោកកំពុងរង់ចាំការផ្ដល់ឯកសារបន្ថែមពីក្រសួងមហាផ្ទៃសិន ដើម្បីក្រុមលោកអាចចុះទៅពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបោះតង់នោះ៖ «ទៅខ្ញុំគ្មានមតិទេ ជាសិទ្ធិចលនាប្រជាធិបតេយ្យនោះទេ គឺចង់ដាក់ដាក់ទៅគេទំនេរអត់ការងារអីធ្វើគេដាក់ទៅ»។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃទី១០មិថុនា ឱ្យដឹងថា ចាប់តាំងពីមានករណីជំងឺកូវីដ-១៩ (Covid-19) មកអាជ្ញាធរវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមប្រទល់វៀតណាម។ ប៉ុន្តែក្រោយមានការតវ៉ាពីអាជ្ញាធរមូលដ្ឋានកម្ពុជាអាជ្ញាធរវៀតណាមបានរើតង់ចេញនិងដកថយច្រើនកន្លែង។
រីឯក្រសួងការបរទេសកម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនដែលរួមមាន៖ នៅស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញនិងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមករណីនេះពី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
កងទ័ពវៀតណាម ធ្លាប់បានលើកហេតុផលថា ការបោះតង់តាមព្រំដែនជាបន្តបន្ទាប់លើតំបន់មិនទាន់ឯកភាពគ្នានោះ គឺជាវិធានចាំបាច់ដើម្បីទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនអំឡុងនៃការរីករាលដាលជំងឺនេះ។
ក្រសួងការបរទេសវៀតណាមថែមទាំងបានបានឆ្លើយតាមរយៈកំណត់ទួតរបស់ខ្លួនកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ។
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន ចោទប្រកាន់ថា វៀតណាមយកការបង្ការជំងឺកូវីដ១៩ដើម្បីជាលេស លេបទឹកដីខ្មែរ។ លោកបន្តថា ជាបទពិសោធន៍កន្លងមកពេលវៀតណាមចង់យកទឹកដីខ្មែរមុនដំបូងគេដាក់កងទ័ពនៅតំបន់ដែលមិនទាន់មានឯកភាពគ្នាជាមុនសិនរួចហើយទើបមានការចរចាតាមក្រោយ ហើយជាទម្លាប់បើកងទ័ពវៀតណាមឈរជើងត្រឹមណាគឺវៀតណាមទាមទារកំណត់ថា ទីនោះជាដែនដីរបស់ខ្លួន៖ «ទៅ គេ ( វៀតណាម ) ដណ្ដើមកាន់កាប់ទឹកដីខ្មែរហើយបានគេចរចាជាក្រោយ គេចរចាជាក្រោមហ្នឹងដីដែលយកបានប៉ុន្មានគេកំណត់ព្រំដែនត្រឹមហ្នឹងឯង យើងឃើញជាក់ស្ដែងកន្លងមកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ហ្នឹង គេបោះបង្គោលតាមការកាន់ជាក់ស្ដែងអ៊ីចឹងយួននៅត្រឹមណា គេយកត្រឹមហ្នឹងឯង»។
លោក អ៊ុំ សំអាន ក៏ជំរុញទៅរដ្ឋាភិបាលឱ្យមានចិត្តក្លាហានតតាំងជាមួយវៀតណាមឱ្យបានខ្លាំងក្លាដូចដែលធ្លាប់បានឆ្លើយតបទៅនឹងការរំលោភបំពានរបស់កងទ័ពប្រទេសថៃនិងប្រទេសឡាវនាពេលកន្លង ដែលកាលនោះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ចេញកងទ័ពនិងអាវុធធ្វើការឆ្លើយតបភ្លាមៗ។ យុវជននិងអ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញឱ្យរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយជាមួយយោធាវៀតណាមនិងបើកទូលាយឱ្យពួកគេអាចទៅសង្កេតដល់កន្លែងបោះតង់នោះដោយគ្មានការរារាំងពីអាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។