បក្ស​ទាំង​ពីរ​ឯកភាព​វិសោធនកម្ម​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​

0:00 / 0:00

ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ទី​១ គឺ​ការ​ស្នើ​និង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ទី​២ សេ​ក្ដី​ព្រាង​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។

អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ដោយ​គេ​បាន​លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​ត្រូវ​កែប្រែ​ចំណុច​ជា​ច្រើន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​សុក្រឹតភាព​និង​យុត្តិធម៌។

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ជំនាញ​សរសេរ​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌ និង​មេធាវី​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​តំណាងរាស្ត្រ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ពិភាក្សា​បន្ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ នៅ​ក្រោយ​ពេល​អ្នក​ជំនាញ​ច្បាប់​បាន​ធ្វើ​រួចរាល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា នា​ដើម​សប្ដាហ៍​ក្រោយ។

លោក អេង ឆៃអ៊ាង សង្កត់​ធ្ងន់​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ផ្អែក​លើ​គោលការណ៍​បី​សំខាន់ គឺ​ទី​១ ផ្អែក​លើ​ស្មារតី​នៃ​ការ​ព្រមព្រៀង​គ្នា​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ទី​២ ផ្អែក​លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ ដែល​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​បាន​ផ្ញើ​ជូន​ទៅ​សភា និង​ទួល​ថ្វាយ​ព្រះមហាក្សត្រ និង​ទី​៣ ផ្អែក​លើ​ច្បាប់​បោះ​ឆ្នោត​ចាស់៖ «អ្នក​ច្បាប់​មាន​លោក កើត រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ហ៊ី សោភា និង​តំណាង​ខាង​យើងគឺ​លោក​មេធាវី កើត ធី ជំនួយការ​របស់​យើង​ធ្វើការ​ជាមួយ​គ្នា​រឿង​នេះ។តែ​អា​នេះ​គ្រាន់​តែ​ជា​ការ​សេចក្ដី​ព្រាង​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​ចាស់​នេះ ត្រូវ​ធ្វើ​ការ​កែប្រែ​ជា​ច្រើន​ចំណុច ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​បោះ​ឆ្នោត​ធានា​ថា ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ស្មើៗ​គ្នា​ទាំង​អស់​ដោយ​គ្មាន​ការ​លំបាក។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ស្រាប់​នោះ ត្រូវ​កែប្រែ​ជា​ច្រើន ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​ត្រូវ​ប្រគល់​សិទ្ធិ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​ចុះឈ្មោះ​ទេ ស្ថាប័ន​បោះឆ្នោត​ត្រូវ​រៀបចំ​ធ្វើ​ដោយ​ខ្លួនឯង ប័ណ្ណ​បោះ​ឆ្នោត​ត្រូវ​មាន​រួប​ថត ខ្មែរ​រស់​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត លុបចោល​ប័ណ្ណ​ខៀវ ត្រូវ​មាន​កន្លែង​ចុះ​បោះឆ្នោត​ជា​អចិន្ត្រៃយ៍​នៅ​កន្លែង​ណា​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​គ្រប់​គ្នា។

ត្រូវ​កំណត់​ទីតាំង​សាធារណៈ​ឲ្យ​គ្រប់​គណបក្ស​មាន​សិទ្ធិ​ឃោសនា​ទាំង​អស់ មិន​ឲ្យ​មាន​ការ​រៀបចំ​ជា​រចនាសម្ព័ន្ធ​បក្ស​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ថ្ងៃ​បោះ​ឆ្នោត​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចល័ត​ចេញ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត​បាន​គ្រប់​ការិយាល័យ​និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត៖ «ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក យើង​អាច​ធ្វើ​ខែ​១០ ១១ និង ១២ ឬ​ឆ្នាំ​បោះឆ្នោត​អាច​ថែម​ខែ​៩ មួយ​ខែ​ទៀតអ៊ីចឹង​សម្រាប់​ខ្ញុំខ្ញុំ​ចង់​ឲ្យ​ជា​អចិន្ត្រៃយ៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ គាត់​មាន​ឱកាស​ចុះ​ឈ្មោះ​បាន»

លោក អេង ឆៃអ៊ាង អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ បើសិនជា​គណៈកម្មការ​ជំនាញ​គណបក្ស​ទាំង​ពីរ​មិន​ឯកភាព​គ្នា​ក្នុង​ការ​ពិភាក្សា​នោះ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ពិភាក្សា​បន្ត​ទៀត។ យ៉ាង​ណា​ក៏ដោយ​លោក​បញ្ជាក់​ថា គណបក្ស​ទាំងពីរ​ចង់​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ។ លើស​ពី​នេះ​ទៀត លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ចំពោះ​សមាសភាព​គ.ជ.ប វិញ ខាង​គណបក្ស​មិន​ទាន់​កំណត់​បេក្ខជន​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ ករណី​នេះ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នក​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។