កូន​ស្រី​លោក ចៅ វាសនា ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ ប៉ោយប៉ែត​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ធ្វើ​ការ​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2022.06.09
Share on WhatsApp
Share on WhatsApp
កូន​ស្រី​លោក ចៅ វាសនា ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ ប៉ោយប៉ែត​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ធ្វើ​ការ​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ពលរដ្ឋ អ្នក​ស្រី ចៅ រតនៈ​ ដែល​ទើប​តែ​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី​ការ​បោះឆ្នោតឃុំសង្កាត់ ពី​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក ចៅ រតនៈ

កូន​ស្រី​របស់​លោក​ ចៅ វាសនា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ គឺ​អ្នក​ស្រី ចៅ រតនៈ​ ដែល​ទើប​តែ​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត ប្ដេជ្ញា​ថា​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ឱ្យ​បាន​ល្អ​ ដើម្បី​បំពេញ​បំណង​របស់​ម្ចាស់​ឆ្នោត​មិន​ឱ្យ​ខក​ចិត្ត​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា គណបក្ស​ភ្លើង​ទៀន​ធ្វើ​ការ​ងារ​រួម​ជា​មួយ​គណបក្ស​កាន់​អំណាច​ជា​រឿង​ល្អ ដើម្បី​ពង្រឹង​ការ​ដឹក​នាំ​ក្នុង​មូលដ្ឋាន​​​ឱ្យ​បាន​ដល់​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ។

កូន​ស្រី​លោក ចៅ វាសនា ​អ្នក​ស្រី​ចៅ រតនៈ ថ្លែង​ថា អ្នក​ស្រី​នឹង​មិន​បណ្ដោយ​ឱ្យ​ចៅសង្កាត់​គណបក្ស​កាន់​អំណាច​ដឹក​នាំ​សង្កាត់​ដោយ​ជិះ​សេះ​លែងដៃ​ដូច​ពេល​មុន​ទៀត​ឡើយ។

ចៅ​សង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​​អ្នក​ស្រី ចៅ រតនៈ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៩​មិថុនា​ថា ​​អ្នក​ស្រី​នឹង​​​ដើរ​តាម​គន្លង​ឪពុក​របស់​ខ្លួន​​​ដែល​សុខចិត្ត​ជាប់​ពន្ធនាគារ​ដោយ​មិន​​ក្បត់​​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​នោះ​ទេ។​ អ្នក​ស្រី​​បន្ថែម​ថា​ អ្នក​ស្រី​​ព្រមទាំង​សហការី​គណបក្ស​ភ្លើងទៀន​ទាំង​អស់​ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ នឹង​​រួម​គ្នា​ធ្វើ​ការ​ងារ​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​។​​​ស្ត្រី​ចៅ​សង្កាត់​រង​ជាប់​ឆ្នោត​វ័យ​៣៥​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ​ប្រសិន​បើ​ចៅ​សង្កាត់​បក្ស​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ នោះ​ពួក​អ្នក​ស្រី​​នឹង​រក​គ្រប់​វិធី​រារាំង​ឱ្យ​​ទាល់​តែ​បាន​ ពោល​គឺ​ធ្វើ​យ៉ាង​ណា​​ដើម្បី​ឱ្យ​ថវិកា​ជាតិ​​ដែល​រដ្ឋាភិបាល​ទម្លាក់​ឱ្យ​​ឃុំ​សង្កាត់​​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ៖ «អ៊ីចឹង​គំរូ​របស់​នាង​ខ្ញុំ​គឺ​ ឪពុក​របស់​នាង​ខ្ញុំ​ផ្ទាល់​ មិន​លក់​ឧត្ដមគតិ​​សម្រាប់​បងប្អូន ​ដែល​បោះឆ្នោត​ជូន​រួច​ហើយ​ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី​ យើង​ធ្វើ​ការ​តាម​សន្លឹក​ឆ្នោត​របស់​យើង​គឺ​ មិន​ក្បត់​បងប្អូន​មិន​លក់​រាល់​សន្លឹក​ឆ្នោត​របស់​បងប្អូន​​សូម្បី​តែ​មួយ​សន្លឹក​។ អីចឹង​​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​ខ្ញុំ​នឹង​ធ្វើ​ជូន​បងប្អូន​ ទោះ​បី​តិច​ឬ​ច្រើន​ ព្រោះ​​អី​ពេល​ហ្នឹង​ យើង​អត់​មាន​អំណាច​អី​ ដែល​អាច​អារ​កាត់​​បាន​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​របស់​នាង​ខ្ញុំ​​បាន​គឺ​ នាង​ខ្ញុំ​ធ្វើ​ឱ្យ​អស់​លទ្ធភាព​ ហើយ​បើ​ច្បាប់​ថា​ធ្វើ​មិន​បាន​ក៏​យើង​បង្ហាញ​ជា​សាធារណៈ​​ឱ្យ​បងប្អូន​យល់​ថា បងប្អូន​ម្នាក់​នេះ​​គាត់​ជួប​ភាព​អយុត្តិធម៌​អីចេះ​ ប៉ុន្តែ​ដំណោះ​ស្រាយ​មិន​មាន​ជូន​គាត់​ទេ​​ខ្ញុំ​ជា​អាជ្ញាធរ​មែន​ ប៉ុន្តែ​ខ្ញុំ​អត់​មាន​សុទ្ធិ​ក្នុង​ការ​អា​កាត់​អ្វី​ម្យ៉ាង​ទេ​»

ទាក់​ទង​នឹង​បញ្ហា​នេះ​ចៅសង្កាត់​​គណបក្ស​ប្រជាជន​កម្ពុជា លោក ភោគ លន់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ស្វាគមន៍​រួម​ការងារ​ជា​មួយ​​​អ្នក​ស្រី ចៅ រតនៈ និង​សហការី​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដើម្បី​ដឹកនាំ​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍន៍​សង្កាត់​ប៉ោយប៉ែត​ឱ្យ​រីក​ចំរើន​ទាំង​អស់​គ្នា៖ «រឿង​សហការ​យើង​ត្រូវ​តែ​សហការ​ហើយ​មិន​មែន​សាសន៍​ដទៃ​ជាតិ​ដទៃ​ឯណា​។​អីចឹង​វា​ជា​ជនជាតិ​ខ្មែរ​តែ​មួយ​តើ​និយាយ​ភាសា​តែ​មួយ​កាន់​សាសនា​តែ​មួយ​​វា​មិន​មាន​អ្វី​ដែល​ត្រូវ​នេះ​ទេ​។​គេ​ប្រកួតប្រជែង​តែ​ពេល​បោះ​ឆ្នោត​ទេ តែ​ពេល​រួច​មក​​គេ​រាប់​អាន​គ្នា​ក្នុង​នាម​ជា​មិត្ត​ជា​បងប្អូន​ វា​មិន​មែន​ជា​សត្រូវ​ទេ​ ពេល​ដែល​ចប់​ហើយ​ក្នុង​នាម​មិត្ត​ ក្នុង​នាម​បងប្អូន​ក្នុង​គ្រួសារ​តែ​មួយ​ពូជពង្ស​ខ្មែរ​តែ​មួយ»

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​អាណត្តិ​ទី៤ លោក ចៅ វាសនា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​​ឆ្នោត​​ជា​សង្កាត់​ប៉ោយប៉ែត ប៉ុន្តែ​លោក​មិន​បាន​ដឹក​នាំ​សង្កាត់​មួយ​នេះ​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​នោះ​ទេ ពី​ព្រោះ​លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ​ពី​បទ​ញុះញង់​ ដោយ​សារ​តែ​លោក​ចុះ​ទៅ​ឃ្លាំមើល​ក្រុម​កម្មករ​អូស​រទេះ​តវ៉ា​នៅ​មុខ​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​។លោក ចៅ វាសនា ដែល​ទើប​ចេញ​ពី​ពន្ធនាគារ កាល​ពី​ខែ​មករា​កន្លង​ទៅ​លោក​តែង​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​កូន​ស្រី​របស់​លោក​ គឺ​អ្នក​ស្រី ចៅ រតនៈ​ជា​ប្រចាំ។

Chao_Veasna_2.jpg
លោក ចៅ វាសនា ជាប់​​ឆ្នោត​​ជា​ចៅសង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​អាណត្តិ​ទី៤។ រូប៖ RFA

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​​​ កាល​ពី​ថ្ងៃ​ទី៥ មិថុនា​កន្លង​ទៅ​នេះ នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត​មាន​គណបក្ស​នយោបាយ​ចំនួន​ ១១​ចូល​រួម​ប្រកួតប្រជែង។ លទ្ធផល​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន ​៨​អាសនៈ និង​គណបក្ស​ភ្លើងទៀន​ទទួល​បាន​៣​អាសនៈ​នៅ​ក្នុង​សង្កាត់​មួយ​នេះ។ ចំណែក​គណបក្ស​នយោបាយ ៩ផ្សេង​ទៀត​មិន​ទទួល​បាន​អាសនៈ​នោះ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទកា យល់​ថា ​នៅ​សង្កាត់​ប៉ោយប៉ែត​មាន​ប្រជាពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​រស់​នៅ​ច្រើន ដែល​ចៅ​សង្កាត់​គួរតែ​ខិតខំ​ដឹក​នាំ​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​។​លោក​មើលឃើញ​ថា ការ​ដែល​មាន​គណបក្ស​នយោបាយ ២ជាប់​ឆ្នោត​ឆ្នោត​ដឹក​នាំ​មូលដ្ឋាន​ជា​រឿង​ល្អ ដែល​អាច​​​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ជួយ​ទប់​ស្កាត់​មិន​ឱ្យ​ចៅសង្កាត់​គណបក្ស​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ឱ្យ​ដឹក​នាំ​តាម​គន្លង​ប្រជាធិបតេយ្យ​បាន៖ «ខ្ញុំ​សង្ឃឹម​ថា ជា​ការ​នាំ​គ្នា​ធ្វើ​ល្អ​ដោយសារ​តែ​មាន​ការ​ឆ្កឹះ មាន​ការ​លើក​ឡើង ដើម្បី​ឱ្យ​មាន​ការ​កែ​ប្រែ​ទាំង​អស់​ហ្នឹង​បាទ។ ល្អ​ជាង​ព្រោះ​ថា គណបក្ស​មួយ​ស្អី ក៏​គាត់​ធ្វើ​បាន​ក្រុម​គាត់​យល់​ព្រម​យ៉ាង​ម៉េច​គាត់​យល់​ព្រម​អីចឹង​មាន​អី​ខុស​មាន​អី​លំបាក»

លោក ស៊ុំ ច័ន្ទគា ជឿជាក់​ថា អំឡុង​ពេល​ជាប់​ឆ្នោត​នេះ​ជា​ឱកាស​មួយ ដែល​អ្នក​ស្រី ចៅ រតនៈ គួរ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឱ្យ​បាន​ល្អ​បំផុត​ជូន​ម្ចាស់​ឆ្នោត​។​ លោក​ថា ប្រសិន​បើ​អ្នក​ស្រី ចៅ រតនៈ ប្រឹង​ធ្វើ​ការងារ​បាន​ល្អ​នៅ​ក្នុង​អាណត្តិ​នេះ ពេល​នោះ​នឹង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ស្រលាញ់​ពេញ​ចិត្ត​អ្នក​ស្រី ហើយ​ពួកគាត់​នឹង​បោះ​ឆ្នោត​ឱ្យ​អ្នក​ស្រី​ធ្វើ​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត​នៅ​ថ្ងៃ​អនាគារ​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។