តើ ​ចិន​ អាច​មាន​មហិច្ឆតា​ គ្រប់គ្រង​ដែន​សមុទ្រ​កម្ពុជា ​ដែរ​ឬ​ទេ?

ខែ សុណង
2022.02.20
តើ ​ចិន​ អាច​មាន​មហិច្ឆតា​ គ្រប់គ្រង​ដែន​សមុទ្រ​កម្ពុជា ​ដែរ​ឬ​ទេ? លោក ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។
រូប៖ ហ្វេសប៊ុក SMP

ចិន​ត្រូវ​បាន​គេ​សង្ស័យ​ថាកំពុង​មាន​ចេតនា​បង្កើត​មូលដ្ឋាន​យោធា​កងទ័ព​ខ្លួន​នៅក្នុង​ខេត្ត​តាម​បណ្តាយ​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា តាមរយៈការ​សាងសង់​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ ព្រលាន​យន្តហោះ​អន្តរជាតិ ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ការ​អភិវឌ្ឍន៍តំបន់​ឆ្នេរ​ និង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​សាងសង់​មូលដ្ឋាន​យោធា​ជាដើមគេសង្កេត​ឃើញ​ថា នៅ​ពេល​បច្ចុប្បន្ន គម្រោង​វិនិយោគ​ធំៗ នៅតាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ភាគ​ច្រើនត្រូវបាន​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្រគល់​សិទ្ធិទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ។ តើចិន​អាច​មាន​មហិច្ឆតា​គ្រប់គ្រង​ដែន​សមុទ្រ​របស់​កម្ពុជា​ដែរ​ឬ​ទេ?

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា​មាន​ប្រវែង ៤៤០គីឡូម៉ែត្រ លាត​សន្ធឹងចាប់ពី​ខេត្តកោះកុង​រហូត​ ដល់​ខេត្ត​ព្រះសីហនុ កំពត និងខេត្ត​កែប។ ក្នុង​ចំណោម​ខេត្ត​ជាប់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ទាំង​បួន​នេះ គឺ​មាន​ខេត្ត​រហូត​ដល់​ទៅ​ពីរ​រួច​ទៅ​ហើយ ដែល​មាន​គម្រោង​វិនិយោគ​ធំៗ របស់ចិន​នោះ​គឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

Dara SaKor Koh kong 18_10_2021.jpeg
រូបភាព​ពី​លើ​អាកាស​បង្ហាញ​អំពី​វាល​យន្តហោះ​ឈ្មោះ "តារា​សាគរ" នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ២០២១។ ( រូប៖ PlanetLabsInc)

នៅក្នុង​ខេត្តកោះកុង រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​ទៅឱ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group ឬហៅកាត់​ថា (UDG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tianjin Union Investment Development Group តាំងពីឆ្នាំ២០០៨។ ក្រុមហ៊ុន​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​រក​ ឃើញ​ថា គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន។ ដី​សម្បទាន​ដែល​ក្រុមហ៊ុន UDG ទទួល​បាន​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន គឺមាន​រយៈពេល​រហូ​ត​ដល់​ទៅ ៩៩ ឆ្នាំ ដើម្បី​អភិវឌ្ឍ​គម្រោង តារា​សាគរ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បទុមសាគរ និង​គិរីសាគរ ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ក្រោមទឹក​ប្រាក់​វិនិយោគ​ចំនួន ៣.៨០០លានដុល្លារ។

គម្រោង​តារា​សាគរ​របស់​ក្រុមហ៊ុន UDG គឺជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំជាង​គេ​បង្អស់​ នៅ​កម្ពុជា ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ឆ្នេរ​សមុទ្រ​ចំនួន ៤ម៉ឺន ៥ពាន់ហិកតា។ គម្រោង​តារាសាគរ ចែកចេញ​ជា​បី​ផ្នែក រួមមាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​សមុទ្រ​ផ្កាយ​៧​ (7-Star Sea)​គម្រោង​សាងសង់​ព្រលាន​យន្តហោះ និង​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ Star Moon។ គម្រោង​តារា​សាគរ​មាន​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ចំនួន​ពីរ​ដែល​សុទ្ធ​តែ​ជា​កំពង់ផែ​ខ្នាត​អន្តរជាតិ។ ចំណែក​ព្រលាន​យន្តហោះ គឺ​មាន​លក្ខណៈអន្តរជាតិ​ដែល​អាច​ទទួល​ឱ្យ​យន្តហោះ​ខ្នាត​ធំ​ប្រភេទ ប៊ូអីង​ (Boeing 777) និង​អ៊ែរប៊ូស (Airbus A340) ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឆ្ងាយៗ ចុះ​ចត​បាន។

ព្រលាន​យន្តហោះ​ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៣៥០​លាន​ដុល្លារ​អាមេរិក​ លើ​ផ្ទៃដី​ ២១៨ហិកតា ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ប្រកាស​ថា បាន​សាងសង់​រួចរាល់​នៅ​ក្នុង​ខែតុលា ឆ្នាំ២០២១។ នៅពេល​បើក​ឱ្យ​ដំណើរ​ការ​នៅក្នុង​ឆ្នាំ​ដំបូង ព្រលាន​យន្តហោះ នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ចិន​រំពឹង​ថា អាច​ទទួល​បាន​អ្នក​ដំណើរ​ចំនួន ១សែន ២ម៉ឺននាក់ក្នុង​មួយឆ្នាំ និងកើន ឡើង​រហូត​ដល់ ៤លាន​នាក់​នៅក្នុងឆ្នាំ២០៣០។

គម្រោង​តារាសាគរ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ចិន ចាត់ទុក​ជា​គម្រោង​ មួយ​កំពុង​ជួយ​បង្កើត​របៀង សេដ្ឋកិច្ចថ្មី​បន្ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ដែល​នឹង​នាំ​ម​ក​ នូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការរីកចំរើន​ដល់​ប្រទេស​កម្ពុជា ព្រោះថា គម្រោង​យក្ស​មួយ​នេះ បាន​បង្កើត​របៀង​សេដ្ឋកិច្ច ទាំង​តាម​ផ្លូវ​អាកាស ផ្លូវទឹក និង​ផ្លូវគោក។

ផែនទី​ដែលមាន​សរសេរ​ជា​ភាសាអង់គ្លេស​ផង និង​ភាសាចិន​ផង ហើយ​ដែល​ត្រូវ​បាន​បង្ហោះ នៅ​លើ​គេហទំព័រ​ក្រុមហ៊ុន អចលន​ទ្រព្យ ប៊ីយ៉ញ រៀលធី​ (Beyond​ Realty)​​ បង្ហាញ​ថា ព្រលាន​យន្តហោះ​នៃ គម្រោង​អភិវឌ្ឍន៍​តារាសាគរ គឺ​ឋិត​នៅ​ចន្លោះ​គម្រោង​កំពង់ផែ​សមុទ្រទឹកជ្រៅ​ចំនួន ២ ដែល ភ្ជាប់​ការ​ធ្វើ​ដំណើរតាមផ្លូវទឹក​ពី​កំពង់ផែ​ខេត្តព្រះសីហនុ ទៅកាន់​ខេត្តកោះកុង រួច​អាច​បន្ត ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ។

ជារួម​គម្រោង​តារាសាគរ​ខេត្តកោះកុងដែលមាន​ក្រុមហ៊ុន​រដ្ឋចិន ជាអ្នក​អភិវឌ្ឍន៍​និង​សាងសង់​ កំពុង​ភ្ជាប់​តំបន់​មួយ​នេះ​ទៅ​កាន់​ពិភពលោក​ខាងក្រៅ តាមរយៈ​ផ្លូវ​អាកាស គឺការ​សាងសង់​ព្រ លាន​យន្ត​ហោះខ្នាត​អន្តរជាតិ តាមរយៈ​ផ្លូវ​ទឹក គឺការ​សាងសង់​កំពង់​ផែ​សមុទ្រទឹកជ្រៅ​ខ្នាត​អន្តរជាតិ​ចំនួន​ពីរ និង​តាមរយៈ​ផ្លូវគោក​ដោយភ្ជាប់​តាម​ផ្លូវ​ជាតិ​លេខផ្លូវ​ជាតិ​លេខ ៤៨ និងផ្លូវល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះសីហនុ។

ផ្លូវល្បឿនលឿន​ភ្នំពេញ​-​ព្រះសីហនុ គឺ​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ផ្លូវ​នេះក៏​កំពុង​សាងសង់ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន ​​(CRBC) ​ក្នុង​ទុនវិនិយោគ​ប្រមាណ​ ២​ពាន់​លាន​ដុល្លារ​អាមេរិក។

ចំណែក​នៅ​ខេត្តព្រះសីហនុ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ការ​ វិនិយោគ​ក្នុង​ផ្ទៃដី​ទំហំធំ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ខេត្តព្រះសីហនុ ជា​ពិសេស គឺ​គម្រោង​ អភិវឌ្ឍន៍​ទីក្រុង​រាម​ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ធំ​ជាង​គេ​បង្អស់​លំដាប់​ទី២ នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​តារាសាគរនៅ​ខេត្តកោះកុង។ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម​នេះ គឺ​ឋិត នៅ​តាមបណ្តោយ​ឆ្នេរ​សមុទ្រ​រាម​​តែ​ម្តង។

មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្រ្តនិង​កិច្ចការ​អន្តរជាតិ​ (CSIS)​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចុះផ្សាយ​កាល​ពីខែតុលា ឆ្នាំ២០២០ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ផ្ទៃដីមាន​ទំហំ​ធំ​នៅ​ជុំវិញ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ខ្លះ​ មាន​ទំនាក់ទំនង​ជា​មួយ​រដ្ឋចិនក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងអស់​នេះ មាន​ក្រុមហ៊ុន​មួយឈ្មោះ ខេន​នូ​ពី សេនស៍ ឌីវើឡប់​មិន (Canopy Sands Development Group) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ព្រិន រៀល​អេសស្តេតស៍ គ្រុប (Prince Real Estate Group)។ CSIS ​ថា ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​មួយ​ផ្នែក​នៃ​ឆ្នេរ​សមុទ្រ​នៅ​ទិស​ខាង​ជើង​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម។​ រូបភាព​ពី​ផ្កាយ​រណប​បង្ហាញថា ក្រុម​ហ៊ុន​នេះ បាន​ចាប់​យក​ដី​ជិត ៥គីឡូម៉ែត្រ​ប៉ែកខាងជើង​នៃ​មូលដ្ឋាន​ទ័ពរាម កាល​ពី​ខែកុម្ភៈ ឆ្នាំ​២០២១​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ក្រុមហ៊ុន​នេះ​បាន​ចាក់​ដី​លុបចូល​ឆ្នេរសមុទ្រ​ទំហំ​ប្រហែល​ ១០០​អា

Dara SaKor Koh kong 9_06_2020 Photo by Planet Labs, Inc.jpeg
រូបថត​មើល​ពី​ផ្កាយរណបបង្ហាញ​ឲ្យ​ឃើញ​​ពី​ផ្លូវ​រត់​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​តារាសាគរ ​​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន UDG កាល​ពី​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ (រូបថត៖ Planet Labs, Inc)

គេហទំព័រ ខនស្ត្រាក់សិន ព្រប់ភើធី (Construction Property) កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២០ បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​ចិន ខេន​នូ​ពី សេនស៍ ឌីវើឡប់មិន គ្រុប (Canopy Sands Development Group)​ មាន​ផែនការ​វិនិយោគ​ក្នុងទំហំទឹក​ប្រាក់ ១៦​ពាន់​លានដុល្លារ​ ដើម្បី​អភិវឌ្ឍ​ឆ្នេរសមុទ្រ​រាម​ ឱ្យ​ក្លាយ​ជា​តំបន់​រមណីដ្ឋាន លើ​ផ្ទៃដី​ទំហំ ៨៣៤ហិកតារ ក្នុង​នោះក៏​នឹង​មាន​ការ​អភិវឌ្ឍ​ឆ្នេរ​ខ្សាច់​ថ្មី​ចំនួន​២។

គេហទំព័រ​ដដែល​ឱ្យដឹង​ថា គម្រោង​ទីក្រុង​រាម គឺជា​ផ្នែក​មួយ​នៃគម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ ពិសិដ្ឋ​នាគរាជ​ ឬ (Naga City) របស់​ក្រសួង​ទេសចរណ៍​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​៣.០៨១​ហិកតារ។ គម្រោង​នេះ​នឹង​ភ្ជាប់​ឆ្នេរ​រាម ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល និង​ព្រលាន​យន្តហោះ ​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​និងសេដ្ឋកិច្ចដ៏​សំខាន់​មួយ។

បើធ្វើ​ដំណើរ​តាម​រថយន្ត គេត្រូវ​ចំណាយ​ពេល​ប្រហែល ១០នាទី​ពីព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុទៅ​កាន់​គម្រោង​ទីក្រុងរាម ដែលគេ​គ្រោង​អភិវឌ្ឍ​ឱ្យ​លាត​សន្ធឹង​រហូត​ដល់ ៦គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ។

តាម​រយៈរបាយការណ៍​របស់​មជ្ឈមណ្ឌ​ល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្រ្តនិង​កិច្ចការ​អន្តរជាតិ​ តំបន់​អភិវឌ្ឍន៍​ទីក្រុង​រាមដែល​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ចិនរំពឹង​ថា នឹង​ប្រែ​មុខ​មាត់​ថ្មី សម្រាប់​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជា​ទីក្រុង​ធំបំផុត​ទី២ ​របស់​កម្ពុជា​នោះ គម្រោង​ទីក្រុងរាម​នេះ គឺឋិត​នៅមិន​ឆ្ងាយ​ទេ​ពី​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាមដែល​កំពុង​រងការ​ចោទ​ប្រកាន់ថា ត្រូវបាន​រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដើម្បី​ប្រែ​ក្លាយ​មូលដ្ឋាន​ទ័ព​មួយ​នេះ​សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​យោធា​របស់​ចិន។

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អាមេរិក ឌឹ វ៉ល ស្ទីត ជូណល (The Wall Street Journal) ​ចេញ​ផ្សាយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹងថា រដ្ឋាភិបាល​កម្ពុជា​និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀងសំងាត់​មួយ​អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា​ក្នុង​រយៈពេល ៣០​ឆ្នាំ និង​អាច​បន្ត​រយៈពេល ១០​ឆ្នាំ​ម្តង បន្ទាប់​ពី​នោះ។ តាម​រយៈកិច្ចព្រមព្រៀង​នេះ ចិន​អាច​ដាក់​កងទ័ព សព្វាវុធ និង​នាវាយោធា​របស់​ខ្លួន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាមរបស់​កម្ពុជា។

ចំណែក​របាយការណ៍​របស់ CSIS អាមេរិក ដែល​ចេញ​ផ្សាយកាលពី​ខែតុលា ឆ្នាំ២០២១ បង្ហា​ញ​ថា ចិន​កំពុង​ពន្លឿន​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ពរាម​យ៉ាង​ឆាប់​រហ័ស។

លើស​ពី​នេះ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ CSIS បានរក​ឃើញថា រដ្ឋាភិបាល​កម្ពុជា បាន​បូម​ខ្សាច់​ស្តារ​ជំរៅទឹក​សមុទ្រ​នៅមូលដ្ឋាន​ទ័ពជើង​ទឹករាម​ ដើម្បី​ឱ្យ​កំពង់ផែ​ទ័ព​រាម​​មាន​​ជំរៅ​​កាន់​តែ​ជ្រៅ​ជា​ការ​បង្ក​លក្ខណៈងាយ​ស្រួលសម្រាប់នាវាធំៗ ​អាច​ចូល​ចត​នៅមូលដ្ឋាន​ទ័ព​រាម​បាន។ CSIS បញ្ជាក់​ថា​ សមុទ្រ​ទឹករាក់​នៅ​កំពង់ផែ​ទ័ព​រាម​អាចឱ្យ​ត្រឹម​នាវា​​ល្បាត​​តូចៗ ​ចូល​ចត​ប៉ុណ្ណោះ ​ប៉ុន្តែ​ការ​ស្តារ​ជំរៅ​ទឹក​សមុទ្រ​នឹង​ធ្វើ​ឱ្យ​កាន់តែ​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់កងទ័ព​​ជើងទឹក​របស់​កម្ពុជា ​និង​ចិន។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​បូមខ្សាច់​ស្តារ​ជំរៅ​ទឹក​សមុទ្រនៅ​មូលដ្ឋាន​ទ័ព​រាម​មែន​ដោយ​លើកហេតុផល​ថា ដើម្បី​សម្អាត​ដី​ល្បាប់​ដែល​មាន​ច្រើន​នៅ​ទី​នោះ និង​ថា​អាច​ធ្វើ​ជ្រៅ​បំផុត​ត្រឹម ៥ ទៅ ៦​ម៉ែត្រ​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​ណា ពួកគេ​នៅតែ​បដិសេធ​ថា ការស្តារ​នេះ​មិន​មែន​ដើម្បី​បម្រើ​ឱ្យមូលដ្ឋាន​ទ័ព​បរទេស​នោះ​ទេ។

Hun Sen join Sea festival in Dara SaKor Koh kong on 27_02_2019_01.jpg
គម្រោងអភិវឌ្ឍន៍ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ (រូប៖ ហ្វេសប៊ុក SMP)

ក្នុង​រឿង​មូលដ្ឋានទ័ព​រាម​នេះ​ដែរ ក្រសួង​ការបរទេស និង​រតនាគារ​អាមេរិក ធ្លាប់​បាន​ប្រកាស​ ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​យោធា​ជាន់ខ្ពស់​កម្ពុជា​ចំនួន​ពីររូប គឺ​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ ជើង​ទឹក​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ និង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងពីរ​និង​សាច់ញាតិ​បង្កើត​ចូល​ជាន់​ទឹក​ដី​អាមេរិក​នោះ​ទេ។ នាយ​ឧត្តមសេនីយ៍ផ្កាយ ៤​ទាំង​ពីរ​រូប​នេះ ត្រូវ​បានអាមេរិក​ចោទ​ថា​ បាន​ ប្រព្រឹត្ត​អំពើពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​រឿង​សាងសង់​មូលដ្ឋាន​ទ័ព​រាម។

ចំណែក​ពី​ខាង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បាន​ប្រកាស​ថា​ លែង​ឱ្យមាន​ទស្សនកិច្ច​ របស់​មន្រ្តី​អាមេរិក​ទៅ​កាន់​មូលដ្ឋាន​ទ័ពរាម​ទៀតហើយ។ ទោះជា​យ៉ាង​ណា សហរដ្ឋអាមេរិក នៅតែ​សំដែង​ការបារម្ភ​អំពី​ករណី​នេះ។

រហូតមក​ដល់​ពេល​នេះ បើ​ទោះជា​មិនទាន់ឃើ​ញ​មាន​ភស្តុតាងបញ្ជាក់​ផ្លូវ​ការ ១០០ភាគ​រយ អំពី​មូលដ្ឋាន​កងទ័ព​ចិន ឬវត្តមាន​កង​ទ័ពចិន​នៅកម្ពុជាក្តី តែ​ផ្អែក​លើ​ទិដ្ឋភាព​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន ប្រហែល​ជា​គេអាចនិ​យាយ​បាន​ថា តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ចាប់ពី​ខេត្តកោះកុង​ រហូត​ដល់​ក្រុង​ព្រះសីហនុ ​និង​ឆ្នេរសមុទ្រ​រាម កំពុង​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ចិន ហើយ​ដែល​ខ្លះជា​ក្រុមហ៊ុន​របស់​រដ្ឋចិន​តែ​ម្តង។

បន្ថែមពី​លើ​នេះ អ្វីដែល​គេ​បាន​ដឹង​ច្បាស់​នោះ គម្រោង​ធំៗ មួយ​ចំនួននៅក​ម្ពុជា ជាពិសេស​គឺ គម្រោង​តារាសាគរ​ ខេត្តកោះកុង គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ (BRI)​ របស់​ចិន។ គម្រោង BRI របស់​ចិន​នេះ ត្រូវបាន​គេមើល​ឃើញ​ថា គឺជា​គម្រោងប្រកប​ដោយ​មហិច្ឆតា​ធំធេង​របស់​ចិន​ដែល​មាន​គោលបំណងគ្រប់គ្រង​យុទ្ធសាស្រ្ត​ពិភពលោក​ទាំង​មូល។

ចំណែក​កម្ពុជា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចុះ​កិច្ចព្រមព្រៀម​ភាព​ជាដៃគូ «ផ្លូវ​មួយ​ ខ្សែ​ក្រវ៉ាត់​មួយ» ជា​មួយ​រដ្ឋាភិបាល​ចិន​នៅក្នុង​ឆ្នាំ២០១៦ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចូលរួម​ដើរ​តួនាទី​សំខាន់​ក្នុងការ​ជំរុញ​គម្រោង​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​របស់​ចិន​ទៅ​មុខ​យ៉ាង​លឿន​រហ័ស ដោយប្រទេស​ចិន​បាន​ចាប់​ផ្តើម​បញ្ចេញ​លុយ បង្កើត​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​ធំៗ ជាច្រើន រួម​មាន​គម្រោង​សាងសង់​វាល​យន្តហោះ ផ្លូវថ្នល់ ទំនប់​វារីអគ្គីសនី​ និង​កំពង់ផែសមុទ្រ​ទឹកជ្រៅ​នៅ​តំបន់​តារាសាគរ ខេត្តកោះកុង។

លើសពី​នេះ ស្ទើរ​តែ​រាល់​ការ​​សិក្សា​របស់​អ្នក​ជំនាញ​បរទេសសុទ្ធ​តែបង្ហាញថា ចិន​កំពុង​សាងសង់​កំពង់ផែ​យុទ្ធសាស្រ្ត​នៅ​កម្ពុជា​ដែលឋិត​នៅលើ​ខ្សែ​យុទ្ធសាស្រ្តគុជ នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន។

កំពង់ផែ​ចិន​កំពុង​សាងសង់​ហើយ ដែល​ឋិត​នៅ​លើ​គន្លង​ខ្សែ​យុទ្ធសាស្រ្ត​គុជ មាន​ចំណុច​ចាប់​ផ្តើម​នៅ​ទីក្រុង​ហុងកុង និង​មាន​នៅប្រទេស​កម្ពុជា មីយ៉ាន់ម៉ា (Myanmar)​បង់ក្លាដែស​ (Bangladesh)​ ស្រីលង្កា (Sri Lanka)​ កោះម៉ាល់ឌីវ (Maldives) ប៉ាគីស្ថាន​​​(Pakistan)​ ជីប៊ូ ទី (Djibouti)​​ និង​ស៊ូដង់ ​(Sudan)។​

Hun Sen join Sea festival in Dara SaKor Koh kong on 27_02_2019.jpg
លោក ហ៊ុន សែន រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទស្សនាគម្រោងអភិវឌ្ឍន៍ខេត្តកោះកុង ក្នុងពេលចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ (រូប៖ ហ្វេសប៊ុក SMP)

អតីត​ជំនួយការ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក សម្រាប់​កិច្ចការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ហើយ បច្ចុប្បន្ន​ជា​អនុប្រធាន​ផ្នែក​សិក្សា​ការទូត​និង​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គមអាស៊ី (ASPI) លោក ដានីញ៉េល រ៉ាស់សែល​ (Daniel Russell)លោក​បាន​លើក​ឡើង​នៅក្នុង​បទអត្ថាធិប្បាយ​ អំពី​របៀប​ដែលចិន​កំពុង​ប្រើប្រាស់​គម្រោង​គំនិត​ផ្តួច​ផ្តើម ខ្សែ​ក្រវ៉ាត់និង​ផ្លូវ​ ដើម្បី​គ្រប់​គ្រង​ពិភពលោកថា គម្រោង​កំពង់ផែ​យុទ្ធសាស្រ្ត​ដែល​ចិនកំពុង​សាងសង់​នៅក្នុង​ តំបន់​តារាសាគរ ខេត្តកោះកុង ប្រទេស​កម្ពុជា និង​នៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំង​នៅចុង​ច្រក​ម៉ាឡាកា គឺ​សុទ្ធ​សឹង​តែ​ជា​ចំណុច​ប្រកប​ដោយ​សក្តានុពលសម្រាប់​បើក​ទូលាយ​ងាយ ស្រួល​ឱ្យ​ចិន​ឆ្ពោះ​ទៅ​កាន់​ពិភព​លោក។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អន្តរជាតិ​រូបនេះ កត់​សម្គា​ល់​ថា គម្រោង​ធំៗទាំង ៤ ដែលចិន​កំពុង​អភិវឌ្ឍ ក្នុង​នោះ​រួមមានគម្រោង​តារា​សាគរ ខេត្តកោះកុង គម្រោង​កំពង់ផែ គ្យ៉ូ ឃេ ភីយូ​ (Kyaukpyu)​ នៅ​ប្រទេស​មីយ៉ាន់ម៉ា គម្រោង​កំពង់ផែ ហំា​បាន​បូតា ​(Hambanbota) នៅប្រទេស ស្រីលង្កា និង​គម្រោង​កំពង់ផែ ខ្វាដា​​ (Gwada) ​នៅប្រទេសប៉ាគីស្ថាន គម្រោងទាំងអស់នេះ សុទ្ធសឹង​តែជាគ​ម្រោង​ដែល​ក្រុមហ៊ុន​ចិន មាន​សិទ្ធិ​វិនិយោគ ឬ​ជួល​ក្នុង​រយៈពេល​ដ៏​យូរ។ ជាក់ស្តែង គម្រោង​​តារាសាគរ​ខេត្តកោះកុង​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្តល់ សម្បទាន​ឱ្យ​ចិន វិនិយោគ​រហូត​ដល់ ៩៩ ឆ្នាំ​ឯ​ណោះ ​ដែល​នេះវា​មាន​ន័យ​ថា ចិន​អាច​គ្រប់គ្រង​រាល់ប្រតិបត្តិការ​នៅកំពង់ផែ ទាំងអស់នេះ។

លោក ដានីញ៉េល រ៉ាស់សែល (Daniel Russell) យល់ថា បើទោះជា​ចិន​តែង​អះអាងថា​ គម្រោង​កំពង់ផែ​ទាំង​អស់​នេះ ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​បំរើ​ដល់​វិស័យ​ពាណិជ្ជកម្ម​ក្តី ប៉ុន្តែ​ចិន​អាច​ប្រែ​ក្លាយ​ពួក​វា​ទៅ​ជា​កំពង់ផែ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​នៅថ្ងៃខាងមុខ​បាន​យ៉ាង​ងាយនិយាយបែប​ផ្សេង វាមាន​ន័យ​ថា ដំបូង​ចិន​អាច​ប្រើវា​សម្រាប់​បំរើ​ដល់​វិស័យ​ស៊ីវិល​ ហើយ​បន្ទាប់​មក​ទៀត គឺ​សម្រាប់​វិស័យ​យោធា។

សរុប​សេចក្តី​មក គេ​ប្រហែលជា​ពិបាក​ប្រកែក​ណាស់ថា​ ចិន​មិនមាន​មហិច្ឆតា​គ្រប់​គ្រង​ដែន​សមុទ្រ​របស់​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​ចិនគ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​គម្រោង​វិនិយោគ​ធំៗ​នៅ​ តាម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា រា​ប់ចាប់​តាំង​ពី​គម្រោង​នៅតំ​បន់តារាសាគរ​ខេត្តកោះកុង រហូត​ដល់​គម្រោង​ទីក្រុង​រាម​នៅ​ខេត្តព្រះសីហនុ។ ក្នុងពេលជា​មួយគ្នា គម្រោង​អភិវឌ្ឍ​កំពង់ផែ​ និង​ព្រលាន​យន្តហោះ​របស់​ចិន​នៅ​ខេត្តកោះកុង ត្រូវ​បាន​គេ​សង្ស័យ​ថា ចិន​ក៏​អាច​ប្រើប្រាស់​សម្រាប់​បំរើ​ដល់​វិស័យ​យោធា។

Hun Sen join Sea festival in Dara SaKor Koh kong on 27_02_2019_02.jpg
គម្រោងអភិវឌ្ឍន៍តារាសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ (រូប៖ ហ្វេសប៊ុក SMP)

ស្រដៀង​គ្នា​នេះ​ដែរ ចិន​ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា មាន​បំណងប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា សម្រាប់​បំរើដល់​វិស័យ​យោធា​របស់​ចិន​ដូចគ្នា។ បន្ថែម​ពី​លើនេះ​ទៀត កំពង់​ផែ​យុទ្ធសាស្រ្ត​ដែល​ចិន​កំពង់​សាង​សង់នៅ​ខេត្តកោះកុង កំពុង​ឋិត​ នៅ​លើ​គន្លង​ខ្សែ​យុទ្ធសាស្រ្ត​គុជ​របស់​ចិន ដែល​នេះ​ហាក់​មាន​ន័យ​ថា ចិន​បាន​ដាក់​ឆ្នេរ​សមុទ្រ របស់​កម្ពុជា​ចូលក្នុង​ខ្សែ​យុទ្ធសាស្រ្ត​នៃ​គម្រោង​គំនិត​ផ្តួច​ផ្តើមខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ខ្លួន​តាំង​ពី​ដើម​ទី​រួច​មក​ហើយ។

លើស​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​មាន​ក្តីស្រមៃ​ប្រែ​ក្លាយទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅ​ជា​ទី​ក្រុង​ឧស្សាហកម្ម​ដែ​ល​មានបណ្តុំទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចគ្នា​ទៅ​នឹង​គំរូ​ទីក្រុង ឧស្សាហកម្ម ស៊ិនជិន (Shenzhen) របស់​ចិន​នៅក​ម្ពុជា។ ដើម្បី​សម្រេ​ច​ផែនការ​នេះ រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែតុលា ឆ្នាំ២០២១ បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ចិន​ឈ្មោះ វិទ្យាស្ថាន នគរូបនីយកម្ម និង​រចនា​នៃ​ទីក្រុង​ស៊ិនជិន (UPDIS) ដើម្បី​ឱ្យ​រចនា​ប្លង់មេ ឬ​Master Plan​សម្រាប់​អភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅ​ជាទីក្រុង ស៊ិនជិនទី២ ​របស់​ចិន​នៅ​កម្ពុជា។

ជាកា​រ​ពិត​ណាស់ ចិន​និង​អាមេរិក​កំពុង​ប្រកួត​ប្រជែង​ផ្នែក​ភូមិ​សាស្រ្ត​នយោបាយ​នៅ​កម្ពុជា​ និយាយ​ដោយ​ឡែក និង​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ឬអាស៊ាន​ទាំង​មូល​និយាយ​ជា​រួម។ បច្ចុប្បន្ន​កម្ពុជាកំពុង​ងាក​ទៅ​រ​កប្រទេស​ចិនកាន់តែ​ខ្លាំង​និងបាន​ក្លាយ​ជាមិត្ត​ដែកថែប​របស់​ចិន។ ក្នុង​កាលៈទេសៈ​បែប​នេះ​ ប្រសិន​បើចិ​ន​អាចគ្រប់គ្រង​ដែន​សមុទ្ររបស់​កម្ពុជា​បាន​ទៀត​នោះ ចិន​នឹង​ទទួល​បាន​ផល​ប្រយោជន៍ និង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​ប្រជែង ភូមិសាស្រ្ត​នយោបាយ​ជា​មួយ​អាមេរិក​នៅ​ក្នុង​តំបន់។ ក្នុង​ពេល​ជាមួយ​គ្នា ចិន​ក៏​អាច​ប្រើ​ឥទ្ធិ ពលនៃវត្ត​មាន​មូលដ្ឋាន​ទ័ព​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​វៀត ណាម​ដែល​ប្រទេស​នេះ​ក៏កំពុង​ក្លាយ​ជា​ដៃ​គូរ​បស់​អាមេរិក​ក្នុង​ការ​ទប់​ឥទ្ធិពល​របស់ចិន​នៅក្នុង​តំបន់ ហើយក៏​ជា​សត្រូវ​របស់​ចិននៅក្នុង​ជម្លោះដែន​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រៅ​ពី​នេះ ប្រសិន​ជា​ចិន​អាច​គ្រប់គ្រ​ង​ឆ្នេរសមុទ្រ​កម្ពុជា​បាន​មែន​នោះ ចិន​នឹង​មាន​ច្រ​ក​ចេញ​ ឆ្ពោះ​ទៅ​កាន់​ឈូង​សមុទ្រ​សៀម​ដែលនៅទី​បំផុត​ធ្វើ​ឱ្យ​ឥទ្ធិពល​នៃ​ភូមិសាស្រ្ត​នយោបាយ​របស់ចិន​នៅក្នុង​តំបន់​រីក​កាន់តែ​ធំ​ធេង​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។