អ្នកវិភាគលើកឡើងថា សំណុំរឿងលោក កឹម សុខា ទោះជាតុលាការប្រកាសថា បញ្ជូនសំណុំរឿងទៅជំនុំជម្រះក្ដី ប៉ុន្តែសំណុំរឿងស្ថិតនៅក្នុងភាពអាថ៌កំបាំង និងមានលក្ខណៈនយោបាយ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា បញ្ជួនសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការចោទពីបទ សន្ទិដ្ឋិភាព ឬក្បត់ជាតិ ទៅជំនុំជម្រះ តែមិនបានបញ្ជាក់កាលបរិច្ឆេទឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក គឹម សុខ ដែលតែងរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ ហើយបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស លើកឡើងថា ចៅក្រមប្រកាសយកសំណុំរឿងលោក គឹម សុខា ថា យកទៅជំនុំជម្រះ ដោយពុំប្រាប់ពីកាលបរិច្ឆេទនៅឡើយនេះ ជាការបិទបាំង ដើម្បីមិនឲ្យអ្នកគាំទ្រទៅគាំទ្រនៅថ្ងៃជំនុំជម្រះផង និងជារឿងនយោបាយផង មិនមែនជារឿង ដើម្បីស្វែងរកយុត្តិធម៌ជូនមេបក្សប្រឆាំងពិតប្រាកដឡើយ៖«»
សាលាដំបូងរាជធានីភ្នំពេញ បានសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២ធ្នូ ឲ្យដឹងថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ បានសម្រេចបញ្ជួនសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទៅជំនុំជម្រះ ពីបទ សន្ទិដ្ឋិភាព ឬត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ប៉ុន្តែសេចក្ដីប្រកាសព័ត៌មាននេះ មិនបានកំណត់ថ្ងៃដែលត្រូវជំនុំជម្រះនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី តាមទូរស័ព្ទ ដើម្បីសួរអំពីបញ្ហានេះបន្ថែមបានទេ នៅថ្ងៃទី២ធ្នូ។
ទោះជាយ៉ាងណា សហមេធាវីការពារក្ដី លោក កឹម សុខា គឺ លោក ចាន់ ចេន បញ្ជាក់យ៉ាងខ្លីកាលពីយប់ថ្ងៃទី២ធ្នូថា លោក ក៏ទើបតែដឹង អំពីការសម្រេចរបស់ចៅក្រម ដែលនឹងយកសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះនេះដែរ ហើយលោក ក៏មិនដឹងអំពី កាលបរិច្ឆេទជាក់លាក់ដែរ ហើយខាងសហមេធាវីនឹងទាក់ទងទៅខាងចៅក្រមស៊ើបសួរ ដើម្បីដឹងអំពីកាលបរិច្ឆេទជាក់លាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៨ វិច្ឆិកា ថា សំណុំរឿង លោក កឹម សុខា នឹងមិនបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ទោះជាតុលាការបានបិទបញ្ចប់នីតិវិធីស៊ើបអង្កេតរួចហើយលោក ហ៊ុន សែន អះអាងថា ករណីលោក កឹម សុខា ត្រូវប្រើរយៈពេលយូរ មិនមែនឆាប់ដូចការគិតរបស់បុគ្គលមួយចំនួននោះទេ។ លោកបន្តថា តុលាការនឹងមិនទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ឡើយ៖ «»
លោក គឹម សុខ បញ្ជាក់ថា តុលាការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះនេះ ក៏ដោយសារតែសម្ពាធពីសហភាពអឺរ៉ុបដែរ ដែលលោក ហ៊ុន សែន មិនអាចពន្យារពេលដូចដែលលោកធ្លាប់អះអាងកាលពីមុន។ លោក គឹម សុខ បន្ថែមថា ទោះបីជាលោក ហ៊ុន សែន អះអាងថា សំណុំរឿងលោក កឹម សុខា នេះ ជាសមត្ថកិច្ចរបស់តុលាការក្ដី ប៉ុន្តែអ្នកណាក៏ដឹងដែរថា ការចាប់ខ្លួនលោក កឹម សុខា នេះ គឺជារឿងនយោបាយ៖ «»
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា កាលពីថ្ងៃទី១៥ វិច្ឆិកា ក្រោយចំណាយពេលស៊ើបអង្កេតអស់ជាង ២ឆ្នាំ។ មេធាវីលោក កឹម សុខា លោក ផែង ហេង ធ្លាប់អះអាងថា ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ តុលាការត្រូវតែទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា។
ការបិទបញ្ចប់នីតិវិធីស៊ើបអង្កេតនេះ ធ្វើឡើងរយៈពេល ៥ថ្ងៃ ក្រោយពេលតុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពដើរហើរពេញផ្ទៃប្រទេស ប៉ុន្តែហាមធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។ វិធានការនេះក៏ធ្វើឡើងនៅក្រោយពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានទទូចឱ្យតុលាការបិទការស៊ើបសួរឱ្យបានឆាប់ ឬក៏ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា ។ ក្រៅពីនេះ រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស សហភាពអឺរ៉ុប ជាដើម សុទ្ធតែចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា ព្រមទាំងផ្ដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដល់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះវិញ។
ក្រោយពីតុលាការបន្ធួរការរឹតត្បិតសិទ្ធិសេរីភាពលោក កឹម សុខា នេះ អង្គទូតនានា បានទៅជួបសួរសុខទុក្ខ លោក កឹម សុខា បានបណ្ដាក់វេនគ្នា ទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក ជាបន្តបន្ទាប់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ចរបបក្រុងភ្នំពេញ សម្រុកចូលចាប់ខ្លួនដល់ក្នុងផ្ទះទាំងកណ្ដាលអធ្រាត្រកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ ការចាប់ខ្លួននោះ ធ្វើឡើងនៅក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ។ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះ។
អ្នកវិភាគលើកឡើងថា តុលាការអាចនឹងកាត់ឲ្យលោក កឹម សុខា ជាប់ទោស ហើយព្រះមហាក្សត្រព្រះរាជប្រទានលើកលែងទោសដល់លោកវិញ ដើម្បីឲ្យលោកអាចទៅដឹកនាំគណបក្សនយោបាយឡើងវិញបាន តែយ៉ាងនេះក្ដី អ្នកវិភាគនៅតែមើលឃើញថា លោក ហ៊ុន សែន នៅតែដាក់កំរិតលោក កឹម សុខា ក្នុងការវិលទៅឆាកនយោបាយឡើងវិញ ដូចជា ហាមមិនឲ្យជួបលោក សម រង្ស៊ី ក្នុងហេតុផលថា លោក សម រង្ស៊ី ត្រូវបានរបបក្រុងភ្នំពេញផ្ដន្ទាទោសពីបទក្បត់ជាតិជាដើម។ ការធ្វើដូច្នេះ ដើម្បីកុំឲ្យកម្លាំងគណបក្សប្រឆាំងរួបរួមគ្នាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។