អ្នកវិភាគនយោបាយនិងមន្ត្រីគណបក្សប្រឆាំងថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្រួយបារម្ភពីការប្រេះឆាផ្ទៃក្នុងគណបក្សកាន់អំណាច។ ការលើកឡើងនេះ ធ្វើឡើងក្រោយពី លោក ហ៊ុន សែន បានប្ដូរចិត្តពាក់ព័ន្ធនឹងការដាក់កូនប្រុសច្បងរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខ។ អ្នកនាំពាក្យគណបក្សកាន់អំណាច ថាមិនមានការប្រេះឆាក្នុងជួរគណបក្សរបស់ខ្លួននោះទេ។
មន្ត្រីគណបក្សប្រឆាំងនិង អ្នកវិភាគនយោបាយ មើលឃើញថា ការណ៍ដែលលោក ហ៊ុន សែន ប្ដូរចិត្តដាក់កូនរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅពេលខាងមុខនោះគឺជាសញ្ញាប្រេះឆាផ្ទៃក្នុងគណបក្សកាន់អំណាចកាន់តែខ្លាំង។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉ៅ វិបុល មើលឃើញថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកំពុងតែប្រេះឆាផ្ទៃក្នុងខ្លាំង ទើបបានជាលោក ហ៊ុន សែន បន្ទន់ឥរិយាបថពីការដាក់កូនរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅពេលខាងមុខ។ លោកបន្ថែមថា លោក ហ៊ុន សែន ក៏ទំនងជាមានការស្ដីបន្ទោសពីចៅហ្វាយនាយរបស់ខ្លួនគឺប្រទេសវៀតណាមផងដែរ បានជាលោកនិយាយត្រឡប់ត្រឡិនយ៉ាងតក់ក្រហល់បែបនេះ៖ «ចង់បញ្ជាក់ថា លោក ហ៊ុន សែន ជាមនុស្សវង្វេងហើយ ភ័យព្រួយពីអំណាច។អីចឹងធ្វើឱ្យគាត់ហ្នឹងនិយាយទាំងខុសទាំងត្រូវនៅពេលដែលគាត់លើកឡើងដដែលហើយជាន់ៗគ្នា។ព្រោះគាត់អាយុកាន់តែច្រើនហើយ បាត់បង់ភាពម្ចាស់ការក្នុងការសម្ដែងមតិ។មួយទៀតគឺ ព្រួយបារម្ភពីគណបក្សប្រឆាំងដែលកំពុងតែមានឥទ្ធិពលថែមទាំងអន្តរជាតិគាបសង្កត់ទៅលោកហ៊ុន សែន » ។
ប្រតិកម្មនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែងនៅព្រឹកថ្ងៃទី៦ធ្នូថា ការណ៍ដែលប្រកាសកាលពីពេលថ្មីៗនេះ ពុំមែនមានន័យថា លោកដាក់កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលអាចឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីតែម្នាក់ឯងនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កូនរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ កូនប្រុសរបស់ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និង កូនរបស់អនុប្រធានទី១រដ្ឋសភា គឺលោកជាម យៀប ជាដើម ក៏អាចឈរឈ្មោះក្នុងតំណែងកំពូលនេះបានដែរ ប្រសិនបើពួកគេត្រូវបានជ្រើសពីគណៈកម្មការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា៖ «ករណីហ៊ុន សែន អត់ស្លាប់ទេ ប៉ុន្តែ ហ៊ុន ម៉ាណែត សាងកំហុសអីមួយខ្ញុំមិនអាចបន្តគាំទ្រកូនរបស់ខ្ញុំនៅពេលដែលគេប្រព្រឹត្តកំហុស ដែលធ្វើឱ្យបក្សបាត់បង់ប្រជាប្រិយភាពនោះទេ។ ប៉ុន្តែដោយសារតែការញុះញង់ម្ដងហើយម្ដងទៀតៗ ហើយជាពិសេសនៅជុំវិញ ស ខេង ហ៊ុន សែនៗ ហើយមានអាចង្រៃមួយណានោះ សុទ្ធតែ ស ខេង ហ្នឹងគឺថា ផ្កាយសំណាង ហ៊ុន សែន ផ្កាយគ្រោះ។ អាហ្នឹងដូចមកនៅនេះហ្នឹង អាហ្នឹងមេគណតា សន យកទៅផ្សឹកបាត់ ស្អីអាហ្នឹងបំបែកបំបាក់ស្អី »។
ក្រៅពីនេះលោក ហ៊ុន សែន ក៏ព្រមានមន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគ កុំឲ្យចេះដឹងឬលូកលាន់រឿងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានិងកុំមកប្រដៅឲ្យកូនប្រុសរបស់លោក ផ្តាច់ខ្លួនឲ្យចេញពីឪពុក។ សារនេះ ទំនងជាលោក ចង់សំដៅដល់អ្នកវិភាគនយោបាយជើងចាស់មួយរូប គឺបណ្ឌិត ឡៅ ម៉ុងហៃ ដែលធ្លាប់លើកឡើងថា លោក ហ៊ុន ម៉ាណែត អាចស្នងដំណែងពីឪពុកបាន ប៉ុន្តែបង្ហាញគុណសម្បត្តិ និងប្តូរអត្តចរិតឲ្យដាច់ចេញពីឪពុករបស់លោកជាពិសេសក្នុងវិស័យនយោបាយ។
ទាក់ទងបញ្ហានេះអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ការណ៍ដែលលោកហ៊ុន សែន លើកឡើងបែបនេះពុំមែនដោយសារមានទំនាស់ផ្ទៃក្នុងគណបក្សនោះទេ ប៉ុន្តែលោកថាជាការពន្យល់បន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីគោលបំណងរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ៖ «អត់មានបែកបាក់ទេ អារឿងគេបែកបាក់នោះតាំងពី១៩៧៩មក រហូតដល់ថ្ងៃនេះជាង៤០ឆ្នាំហើយសួរថា បែកបាក់កន្លែងណា។ ហើយកន្លងទៅមានការចោទប្រកាន់ទៅថា ក្រុមសម្ដេចជា ស៊ីម ក្រុមសម្ដេចហ៊ុន សែន ក្រុង សម្ដេច ស ខេង ហ្នឹង បែកបាក់គ្នា តែឥលូវព្រឹកមិញគាត់ពន្យល់អស់រលីងហើយ » ។
កាលពីថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅពេលអនាគត។ភ្លាមៗក្រោយពីការប្រកាសនេះមានក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនបានចេញញត្តិគាំទ្រការលើកឡើងនេះជាបន្តបន្ទាប់។ ប៉ុន្តែក្រុមរបស់លោក ស ខេង មិនបានបង្ហាញសារគាំទ្រនោះទេ។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា សាររបស់លោក ហ៊ុន សែន នៅពេលនេះ ជាការប្រេះស្រាំផ្ទៃក្នុងរបស់គណបក្សកាន់អំណាច។ លោកជឿថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនជាច្រើននាក់មិនពេញចិត្តនឹងការលើកឡើងរបស់មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញដែលប្រកាសលើកបន្តុបកូនរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនោះទេ ព្រោះពួកគេយល់ថា ទង្វើរបស់លោក ហ៊ុន សែន បែបនេះ ជាការមើលងាយមើលថោក និងមិនផ្ដល់តម្លៃដល់ចាស់ៗដែលមានប្រវត្តិតស៊ូជោគជាំពីមុនមក៖ «ជាធម្មតាទេលោក ហ៊ុន សែន លើកជាសាធារណៈ ហើយលោក ស ខេង លោក នៅអង្គុយគាត់ ដែរ សាធារណបែបហ្នឹងមិនអាចឱ្យលោក ស ខេង ទៅជំទាស់បានទេ វាបង្ហាញអំពីការមិនឯកភាពផ្ទៃក្នុង។ ប៉ុន្តែនៅក្នុងផ្ទៃក្នុងមិនប្រាកដថា លោក ស ខេងមិនជំទាស់ឬក៏មិនតវ៉ាចំពោះអ្វីដែលជាការលើកឡើងរបស់លោក ហ៊ុន សែន ទេ ។ដូច្នេះលោក ហ៊ុន សែន ចុង ក្រោយ ត្រូវសម្រួលស្ថានការណ៍មកវិញខ្លះឱ្យសម ទំនងឱ្យល្អមើល កុំឱ្យស្ថានភាពទាំងផ្ទៃក្នុងបក្សទាំងផ្ទៃក្នុងរដ្ឋាភិបាលទាំងផ្ទៃជាតិវារអិលធ្លាក់ដូចមហាជនមើលឃើញថា ជាគំរូនៃប្រទេសកូរ៉េខាងជើង » ។
យ៉ាងណាអ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងលើកឡើងថា ការណ៍លើកលោក ហ៊ុន សែន ប្រកាសម្ដងហើយម្ដងទៀតពីការដាក់បេក្ខភាពនាយករដ្ឋមន្ត្រីបែបនេះ ប្រហែលលោកមានបញ្ហាសុខភាពមិនអាចដឹកនាំប្រទេសបានយូរបន្តទៅមុខទៀតទេ។ ពួកគាត់ជឿជាក់ថា បើទោះបីលោក ហ៊ុន សែន ខំបកស្រាយដើម្បីបន្ធូរបន្ថយភាពតឹងតែងក្នុងជួរគណបក្ស និងដើម្បីបន្លប់ស្ថានការណ៍យ៉ាងនេះក្ដី ក៏លោកនៅតែដាក់កូនប្រុងច្បង របស់ខ្លួន គឺ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលអនាគតស្នងតំណាងពីលោក ដូចប្រទេសកូរ៉េខាងជើងដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។